fbpx

កាលពីចុងខែមីនា ធនាគារពិភពលោកបានចេញរបាយការណ៍សេដ្ឋកិច្ចថ្មីសម្រាប់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ហើយធនាគារពិភពលោកបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ ២០២០ នឹងមានការថយចុះមកត្រឹម ២.៥%។

តើយើងទាំងអស់គ្នាត្រូវត្រៀមខ្លួនដូចម្ដេច ក្នុងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះបែបនេះ?

អញ្ចឹង #LuyBook នឹងចែករំលែកជាមួយអ្នកទាំងអស់គ្នាអំពីវិធីសាស្ត្រក្នុងការត្រៀមខ្លួនដូចជា៖

១. ត្រៀមកញ្ចប់លុយសម្រាប់ពេលមានអាសន្ន

តាមក្បួននៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន បុគ្គលម្នាក់ៗត្រូវធានាថាខ្លួនមានលុយសម្រាប់ការចំណាយចាំបាច់សម្រាប់រយៈពេលពី ៦ ទៅ ១២ ខែ នៅក្នុងគណនីសន្សំរបស់ខ្លួន។ មូលហេតុដែលយើងចាំបាច់ត្រូវមានប្រាក់បម្រុងទុកនៅក្នុងដៃ ព្រោះអ្វីៗក្នុងពេលអនាគតយើងមើលមិនឃើញទេ។ ប្រាក់ចំណូលដែលយើងរកបានរាល់ថ្ងៃអាចបាត់បង់ទៅវិញនៅពេលសេដ្ឋកិច្ចធ្លាក់ចុះ។ ដូច្នេះ អ្នកត្រូវមានប្រាក់គ្រប់គ្រាន់ត្រៀមពេលមានអាសន្ន សម្រាប់ចំណាយលើតម្រូវការចាំបាច់ ដូចជា អាហារ សាំងឡាន ថ្នាំឬ ថ្លៃឈ្នួលផ្ទះ។

២. ទូទាត់បំណុលឲ្យអស់

នៅពេលសេដ្ឋកិច្ចមានវិបត្តិ កាលពីឆ្នាំ ២០០៨ ប្រជាជនជាច្រើនកំពុងជាប់បំណុល។ ពួកគេមួយចំនួនត្រូវបាត់បង់ការងារថែមទៀត។ បញ្ហាទាំងអស់នេះដាក់បន្ទុកយ៉ាងខ្លាំងទៅលើហិរញ្ញវត្ថុពួកគេ។ ដូច្នេះ យើងត្រូវរៀបចំសងបំណុលកាន់តែច្រើនកាន់តែល្អ ព្រោះវាជួយដកសម្ពាធពីយើង ប្រសិនជាមានបញ្ហាហិរញ្ញវត្ថុកើតឡើង ដូចជាត្រូវបាត់បង់ការងារមួយរយៈជាដើម។

៣. រកវិធីកាត់បន្ថយចំណាយ

មុនពេលសេដ្ឋកិច្ចធ្លាក់ចុះ វាជាគំនិតល្អក្នុងការកំណត់ការចំណាយប្រចាំខែរបស់អ្នក។ ត្រូវសួរខ្លួនឯងថា តើចំណាយណាចាំបាច់ និងចំណាយណាមិនចាំបាច់ ហើយកាត់បន្ថយចំណាយមិនចាំបាច់ដូចជា ញ៊ាំក្រៅតិចជាងមុន ឬលុបចោលគម្រោងវិស្សមកាល។ អ្នកក៏ប្រហែលជាត្រូវពន្យាពេលការចំណាយធំៗ ដូចជាការទិញឡាន ឬផ្ទះផងដែរ។

៤. ធ្វើជាកំពូលវីរបុរស/នារី នៅកន្លែងធ្វើការ

នៅពេលមានវិបត្តិសេដ្ឋកិច្ច ក្រុមហ៊ុនត្រូវបង្ខំចិត្តជំរុះបុគ្គលិក។ កាលពីវិបត្តិសេដ្ឋកិច្ចចាប់ផ្ដើមនៅឆ្នាំ ២០០៨ បុគ្គលិក ១ ក្នុងចំណោម ៥នាក់ ត្រូវបាត់បង់ការងារ។ បុគ្គលិកដែលមិនចាំបាច់ នឹងត្រូវបានគេបញ្ឈប់មុនគេ ដូច្នេះ យើងត្រូវផ្តោតលើការធ្វើឱ្យខ្លួនឯងជាបុគ្គលិកមិនអាចខ្វះបាន។ ត្រូវបន្តអភិរឌ្ឍជំនាញការងាររបស់ខ្លួន មានឆន្ទៈធ្វើការងារឲ្យបានល្អ និងមិនរាថយនៅពេលត្រូវទទួលបន្ទុកការងារច្រើនជាងមុន។

៥. ត្រៀមខ្លួនវិនិយោគ ក្នុងពេលសេដ្ឋកិច្ចមានវិបត្តិ

វិបត្តិសេដ្ឋកិច្ច ក៏ផ្តល់ឱ្យយើងនូវឱកាសល្អបំផុតមួយចំនួនដើម្បីវិនិយោគទិញភាគហ៊ុន ឬអចលនទ្រព្យផងដែរ។ យើងគួរទុកប្រាក់មួយចំនួនក្នុងគណនីវិនិយោគរបស់យើង ដើម្បីអាចចាប់យកប្រយោជន៍ពីទីផ្សារដែលកំពុងធ្លាក់ចុះ ហើយទិញភាគហ៊ុន ឬអចលនទ្រព្យ ទាន់ពេលវាកំពុងមានតម្លៃថោក។ កាលពីវិបត្តិសេដ្ឋកិច្ច ឆ្នាំ២០០៨ តម្លៃភាគហ៊ុនបានធ្លាក់ចុះលើសពី ៥០% ប៉ុន្តែវាកើនឡើងមកដូចដើមវិញក្នុងរយៈពេល ៣ ៤ ឆ្នាំក្រោយ ហើយបន្តឡើងរហូតមក។ អ្នកវិនិយោគភាគច្រើនមានការភ័យស្លន់ស្លោនៅពេលឃើញទុនវិនិយោគពួកគេធ្លាក់ថ្លៃ ហើយក៏លក់ភាគហ៊ុនទាំងកំពុងតែធ្លាក់ថ្លៃ។ ប្រសិនជាពួកគេបានត្រៀមខ្លួននិងស្មារតីបានល្អ ពួកគេនឹងមិនភ័យ ហើយអាចឆ្លៀតឱកាសទិញទុកបានចំណេញទៀតផង។

៦. ប្រកាន់គំនិតវិជ្ជមាន

ចំណុចចុងក្រោយគឺ LuyBook ចង់ប្រាប់ថា យុទ្ធសាស្រ្ត សំខាន់ជាងគេ នៅពេលសេដ្ឋកិច្ចមាន វិបត្តិ គឺយើងមិនត្រូវភ័យស្លន់ស្លោនោះទេ។ វិធីល្អបំផុតក្នុងការធ្វើដូច្នេះ គឺត្រូវរក្សាផ្នត់គំនិតវិជ្ជមាន ព្រោះអ្នកត្រូវចាំទុកថាក្នុងវដ្តសេដ្ឋកិច្ច បន្ទាប់ពីការធ្លាក់ចុះ វានឹងងើបឡើងមកវិញ។ កុំចាត់ទុកវិបត្តិសេដ្ឋកិច្ចជាឃាតករអាជីព ឬចុងបញ្ចប់នៃការវិនិយោគរបស់យើង។ ផ្ទុយទៅវិញ យើងត្រូវចាត់ទុកវាជាពេលវេលានៃការផ្លាស់ប្តូរ ដែលយើងអាចចាប់យកឱកាស ជាពេលវេលាជម្រុញខ្លួនឯងឱ្យសងបំណុល អភិវឌ្ឍជំនាញការងារថ្មី និងអនុវត្តផែនការហិរញ្ញវត្ថុរបស់ខ្លួន។

វិធីត្រៀមខ្លួនមុនពេលសេដ្ឋកិច្ចមានវិបត្តិ

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading