fbpx

តើសហគ្រាសធុនតូច និងមធ្យមមានតួនាទីសំខាន់អ្វឺខ្លះក្នុងសេដ្ឋកិច្ចកម្ពុជា?

សហគ្រាសធុនតូច និងមធ្យម (SMEs) ជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍទាំងសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជាផ្ទាល់។ SMEs បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច, រក្សាស្ថេរភាពសង្គម, ពង្រឹងកំណើននៃវិស័យឯកជន, និងជាពិសេសបង្កើតការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាប និងប្រជាជនដែលងាយរងគ្រោះបំផុត (vulnerable population)។

យោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម កម្ពុជាមាន SMEsប្រមាណ 500,000 នៅក្នុងប្រទេស ប៉ុន្តែមានតែ 52,154 តែប៉ុណ្ណោះដែលបានចុះបញ្ជីជាផ្លូវការ និងផ្តល់ការងារដល់កម្មករនិយោជិតសរុបចំនួន 824,245នាក់ នៅទូទាំងប្រទេស។ នេះមានន័យថា SMEs នៅកម្ពុជាភាគច្រើន ស្ថិតនៅក្នុងវិស័យក្រៅផ្លូវការ និងទ្រទ្រង់កម្មករដែលមានប្រាក់ចំណូលទាប។

តើរាជរដ្ឋាភិបាលបានដាក់ចេញវិធានការអ្វីខ្លះ ដើម្បីជួយទ្រទ្រង់ SMEsក្នុងវិបត្តិ COVID-19?

ក្នុងបរិការណ៍ដែលមានវិបត្តិ COVID-19 បណ្ដា SMEs ទាំងនេះកំពុងតែជួបបញ្ហាទាំងការលក់, សកម្មភាពប្រតិបត្តិការអាជីវកម្ម, និងហិរញ្ញវត្ថុ ដែលអាចបណ្ដាលឱ្យមានការកាត់បន្ថយការងារ ឬផ្អាកអាជីវកម្មតែម្ដង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញវិធានការមួយចំនួនដូចជា៖

ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank)៖ ថ្មីៗនេះ រដ្ឋាភិបាលបានដាក់ចេញនូវគម្រោងសហហិរញ្ញប្បទានចំនួន 100 លានដុល្លារអាមេរិក សម្រាប់ SMEs ដែលនៅក្នុងវិស័យអាទិភាព ទទួលបានហិរញ្ញប្បទានជាមួយនឹងអត្រាការប្រាក់ទាប។ សហគ្រាសធុនតូចនិងមធ្យមអាចទទួលបានហិរញ្ញប្បទានរហូតដល់ 20 ម៉ឺនដុល្លារសម្រាប់ដើមទុនធ្វើប្រតិបត្តិការ និងរហូតដល់ 30 ម៉ឺនដុល្លារសម្រាប់ដើមទុនវិនិយោគ។ អត្រាការប្រាក់អតិបរមាគឺ 7 ភាគរយក្នុងមួយឆ្នាំ ហើយរយៈពេលសងគឺ 4 ឆ្នាំ។ សម្រាប់សហគ្រាសខ្នាតតូច ដែលចង់ដាក់ពាក្យសុំហិរញ្ញប្បទាននេះពួកគេត្រូវតែជាសហគ្រាសដែលបានចុះបញ្ជី និងមានប្រាក់ចំណេញពី 250-700 លានរៀល (62,500-175,000 ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ឬមាននិយោជិតពី 10 ទៅ 50 នាក់។ ចំពោះសហគ្រាសធុនមធ្យម ពួកគេត្រូវមានចំណូលប្រចាំឆ្នាំពី 700-4,000 លានរៀល (175,000-1,000,000 ដុល្លារអាមេរិក) ឬមាននិយោជិតពី 51 ទៅ 100 នាក់។

វិធានការរបស់ធនាគារជាតិនៃកម្ពុជា រួមជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ លើកទឹកចិត្តឱ្យសមាជិកសមាគម បន្តផ្ដល់ឥណទានដល់វិស័យអាទិភាព ជាពិសេសចំពោះអាជីវកម្ម ផ្នែកសណ្ឋាគារ ផ្ទះសំណាក់ ទេសចរណ៍ សំណង់ វាយនភ័ណ្ឌកាត់ដេរ និងផលិតផលស្បែកជើង, និងរក្សាភាពទន់ភ្លន់ និងពិនិត្យតាមលទ្ធភាពជាក់ស្ដែង ក្នុងការដោះស្រាយបំណុលយឺតយ៉ាវ ដែលបណ្ដាលមកពីផលប៉ះពាល់នៃវីរុស COVID-19។

វិធានការពន្ធ៖ លើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ, លើកលែងការបង់ពន្ធអប្បបរមា (Minimum tax) សម្រាប់រយៈពេល 3ខែ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជា និងពន្យារការបង់ប្រាក់ជំពាក់កម្រៃ អាកាសចរស៊ីវិលសម្រាប់រយៈពេល 6ខែ ជាមួយនឹងការអនុញ្ញាត ឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ រៀបចំបង់ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលពន្យារនេះ។

តើរាជរដ្ឋាភិបាលបានចេញវិធានការអ្វីខ្លះជួយ SMEs ក្នុងវិបត្តិកូវីដ-១៩?

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading