តើអ្នកណាគេខ្លះត្រូវរៀនចប់ ហើយចេញធ្វើការក្នុងឆ្នាំ ២០២០ នេះ?
ស្របពេលដែលសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩, ក្រុមហ៊ុន និងអាជីវកម្មជាច្រើនកំពុងប្រឈមនឹងបញ្ហាខាតបង់ចំណូល និងលំហូរសាច់ប្រាក់, ការសម្ភាសន៍ការងារ និងការចុះកម្មសិក្សា (internship) ត្រូវបានពន្យារពេល ឬលុបចោល និស្សិតដែលត្រៀមនឹងបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២០ មានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើទីផ្សារការងារនារយៈពេលខ្លីខាងមុខ។
និស្សិតរៀនឆ្នាំចុងក្រោយនៅមហាវិទ្យាល័យមានការភ័យខ្លាចថា អនាគតរបស់ពួកគេអាចដូចទៅនឹងអ្វីដែលអ្នករៀនចប់កាលពីសម័យវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៨ និង ២០០៩ បានជួបប្រទះ។ ជាក់ស្តែង ពេលនោះគឺ ពួកគេបានចូលប្រឡូកក្នុងទីផ្សារការងារចំពេលវិបត្តិសេដ្ឋកិច្ច ដែលគ្រានោះក្រុមហ៊ុនជាច្រើនបានកំពុងបញ្ឈប់ការងារក្នុងទ្រង់ទ្រាយធំ និងមិនធ្វើការរើសបុគ្គលិកបន្ថែម។
តាមការសង្កេតមើលលើនិន្នាការនាពេលកន្លង និស្សិតមហាវិទ្យាល័យដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ សេដ្ឋកិច្ចមានវិបត្តិទទួលបានការងារដែលមានប្រាក់ខែទាបជាងអ្នកដែលរៀនចប់មុនពួកគេ (សូម្បីតែមួយឆ្នាំមុនក៏ដោយ) ហើយការងារទាំងនោះគឺធ្វើនៅក្រុមហ៊ុនដែលមិនមែនជាគោលដៅរបស់ពួកគេ។ សេដ្ឋវិទូបានរកឃើញថាផលប៉ះពាល់នេះ នាំឱ្យអត្រាគ្មានការងារធ្វើកើនឡើងខ្ពស់ ហើយប្រាក់ខែស្ថិតក្នុងកម្រិតទាបជាងពេលសេដ្ឋកិច្ចនៅក្នុងស្ថានភាពធម្មតា និងព្រមទាំងអាចជះឥទ្ធិពលទៅលើអាជីពរបស់និស្សិតទាំងនេះក្នុងរយៈពេលវែងរហូតដល់ ១០ ឬ ១៥ ឆ្នាំ។
ថាតើនិស្សិតដែលនឹងបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២០ នឹងប្រឈមមុខនឹងផលវិបាកក្នុងរយៈពេលវែងយ៉ាងណា គឺអាស្រ័យលើកត្តាមួយចំនួន រួមមាន៖ រយៈពេលនៃការរាតត្បាតរបស់ជំងឺកូវីដ-១៩ និង ទំហំនៃវិបត្តិសេដ្ឋកិច្ចដែលនឹងកើតឡើងបន្ទាប់នេះ ដែលមើលទៅហាក់ដូចជាមានសភាពធ្ងន់ធ្ងរ ព្រមទាំងអាចប៉ះពាល់ដល់ល្បឿននៃការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ។