តើអ្នកធ្លាប់មានក្តីស្រមៃចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួននៅថ្ងៃណាមួយទេ? ហើយធ្លាប់ឆ្ងល់ពីប្រភេទពន្ធផ្សេងៗ ដែលអាជីវកម្មមានកាតព្វកិច្ចត្រូវបង់ ដែរឬទេ? បើធ្លាប់ ថ្ងៃនេះ #LuyBook នឹងលើកយករឿងឈឺក្បាលមួយនេះ មកសង្ខេប ហើយចែករំលែកជាមួយអ្នកទាំងអស់គ្នា។
មុនពេលចាប់ផ្តើម យើងត្រូវយល់អំពីការបែងចែកអ្នកជាប់ពន្ធទាំងបីចំណាត់ថ្នាក់នៅក្នុងប្រព័ន្ធពន្ធរបស់កម្ពុជាជាមុនសិន។
១. អ្នកជាប់ពន្ធតូច៖ អាជីវកម្មដែលមានចំណូលប្រចាំឆ្នាំពី 250 លានរៀលដល់ 700 លានរៀល (ប្រមាណ 62,500 ដុល្លារដល់ 175,000 ដុល្លារ)
២- អ្នកជាប់ពន្ធមធ្យម៖ អាជីវកម្មដែលមានចំណូលប្រចាំឆ្នាំពី 700 លានរៀលទៅ 4 ពាន់លានរៀល (ប្រមាណ 175,000 ដុល្លារទៅ 1,000,000 ដុល្លារ)
៣- អ្នកជាប់ពន្ធធំ៖ អាជីវកម្មដែលមានចំណូលប្រចាំឆ្នាំលើសពី 4 ពាន់លានរៀល (ប្រមាណជា 1,000,000 ដុល្លារឡើងទៅ)។ អាជីវកម្មក្នុងស្រុក និងអាជីវកម្មគ្រួសារតូចតាច ដែលមានចំណូលប្រចាំឆ្នាំក្រោម 62,500 ដុល្លារត្រូវបានរួចផុតពីកាតព្វកិច្ចពន្ធ។
ឥឡូវយើងចូលដល់ផ្នែកសំខាន់ – ប្រភេទពន្ធចម្បង ដែលអាជីវកម្មមានកាតព្វកិច្ចត្រូវបង់។
ពន្ធប៉ាតង់ (Patent tax)
គឺជាពន្ធចុះបញ្ជីអាជីវកម្មប្រចាំឆ្នាំ ដើម្បីកំណត់លើផលរបរសរុប ដែលត្រូវបង់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ជារៀងរាល់ឆ្នាំ។ ពន្ធនេះមានកម្រិតថេរអាស្រ័យលើចំណាត់ថ្នាក់របស់អ្នកជាប់ពន្ធ។ វាមានកម្រិតចាប់ពី៖
- អ្នកជាប់ពន្ធតូច៖ 200,000 រៀល (ប្រមាណ 50 ដុល្លារ)
- អ្នកជាប់ពន្ធមធ្យម៖ 600,000 លានរៀល (ប្រហែល 150 ដុល្លារ)
- អ្នកជាប់ពន្ធធំ៖ ពី 1.5 លានរៀល ដុល្លារទៅ 2.5 លានរៀល ។
ពន្ធលើប្រាក់ចំណេញ និងពន្ធអប្បបរមា (Profit tax and minimum tax)៖
អាជីវកម្មមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ឬពន្ធអប្បបរមាជារៀងរាល់ឆ្នាំ (អាស្រ័យលើទឹកប្រាក់គណនាតាមប្រភេទពន្ធមួយណាច្រើនជាង គឺបង់មួយហ្នឹង)។ ពន្ធលើប្រាក់ចំណេញត្រូវបានកំណត់ក្នុងអត្រាស្តង់ដារ 20% នៃប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនភាគច្រើន។
ជារៀងរាល់ខែ អ្នកជាប់ពន្ធត្រូវបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ (pre-prayment of profit tax) ដែលស្មើនឹងចំនួន 1% នៃប្រាក់ចំណូល (revenue ឬ turnover) ប្រចាំខែរបស់ខ្លួន។ នៅដំណាច់ឆ្នាំ អ្នកជាប់ពន្ធត្រូវដាក់លិខិតប្រកាសពន្ធប្រចាំឆ្នាំរបស់ខ្លួន ហើយគណនាពន្ធលើប្រាក់ចំណេញ។ ប្រសិនបើគណនាឃើញថា ពន្ធលើប្រាក់ចំណេញលើសពីប្រាក់រំដោះពន្ធ ដែលទូទាត់មុន 1 ភាគរយជារៀងរាល់ខែនោះ (1% monthly pre-payment of profit tax) អ្នកនឹងត្រូវធ្វើការបង់ពន្ធបន្ថែម ដើម្បីបង្គ្រប់ចំនួន។ ផ្ទុយទៅវិញ ប្រសិនបើអាជីវកម្មក្នុងឆ្នាំនោះរកស៊ីមិនសូវបាន ដែលនាំឱ្យពន្ធលើប្រាក់ចំណេញទាបជាងប្រាក់រំដោះពន្ធ នោះពន្ធអប្បបរមា (គណនាស្មើនឹង 1% នៃចំណូលប្រចាំឆ្នាំ) នឹងត្រូវបានអនុវត្ត ជំនួសពន្ធលើប្រាក់ចំណេញវិញ។ មានន័យថា អ្នកមិនចាំបាច់បង់ប្រាក់បន្ថែមទេ ហើយអាជីវកម្មនឹងទទួលបានឥណទានពន្ធជំនួសសម្រាប់ឆ្នាំក្រោយ។ ពន្ធប្រចាំឆ្នាំលើប្រាក់ចំណេញត្រូវតែបង់ឱ្យបានមុនថ្ងៃទី ៣១ ខែមីនា នៅឆ្នាំបន្ទាប់។
ពន្ធលើប្រាក់បៀវត្ស (Tax on salary)៖
សហគ្រាសដែលជានិយោជក ត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេលបើកប្រាក់បៀវត្សឱ្យដល់បុគ្គលិក និងត្រូវបង់ប្រាក់ពន្ធនេះជូនរដ្ឋបាលសារពើពន្ធ។ អាចមើលតារាងក្នុង comment សម្រាប់ការលម្អិតអំពីអត្រាពន្ធលើប្រាក់បៀវត្ស។វិធីនៃការគណនា៖ ឧទាហរណ៍ បុគ្គលិកមួយមានប្រាក់ខែ 2,000,000 រៀល។ មិនមែនបានន័យថាត្រូវបង់ពន្ធ 5% លើចំនួនទឹកប្រាក់ទាំងមូលទេ សម្រាប់ទឹកប្រាក់ 1,300,000 រៀលដំបូងគិតអត្រាពន្ធ ០% ហើយនៅសល់ 700,000 រៀលបន្ទាប់ ទើបគិតអត្រាពន្ធ 5%។ ដូចនេះ ពន្ធសរុបគឺ 35,000 រៀល។
អាករលើតម្លៃបន្ថែម VAT (Value added tax)៖
អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស (self-declaration system) ដែលធ្វើការផ្គត់ផ្គង់ជាប់អាករ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម និងប្រមូលអាករនេះ លើការផ្គត់ផ្គង់ទំនិញ ឬសេវាឱ្យអតិថិជន។ទំនិញ សំដៅដល់ទ្រព្យរូបី ក្រៅពីដីធ្លីនិងប្រាក់កាស ចំណែកឯសេវា សំដៅដល់ការផ្តល់អ្វីមួយដែលមានតម្លៃ ក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស។ អត្រាពន្ធគឺ ១០% លើការផ្គត់ផ្គង់ (ក្រៅពីការនាំចេញ និងការផ្គត់ផ្គង់មិនជាប់អាករ)។
ពន្ធកាត់ទុក (Withholding tax)៖
ពន្ធកាត់ទុកជាពន្ធ ដែលអាជីវកម្មត្រូវកាត់ចេញពីវិក្ក័យបត្រទូទាត់មួយចំនួន នៅពេលខ្លួនទទួលសេវាកម្មពីបុគ្គល ឬអាជីវកម្មណាមួយដែលមិនបានចុះឈ្មោះសម្រាប់បង់ពន្ធ។ ពន្ធនេះកាត់បន្ថយចំនួនទឹកប្រាក់លើវិក័យប័ត្ររបស់អ្នកទទួល ។ អ្នកចាប់ផ្តើមអាជីវកម្មត្រូវពិចារណាលើពន្ធកាត់ទុកនេះ ពីទស្សនៈរបស់អ្នកបង់ផង និងអ្នកទទួលផង និយាយរួម គឺត្រូវគិតថា តើនៅពេលណាដែលអ្នកត្រូវជាអ្នកដកពន្ធពីលើវិក័យប័ត្រដែលត្រូវបង់ ហើយនៅពេលណាដែលអ្នកត្រូវដឹងថាវិក័យប័ត្ររបស់អ្នកនឹងត្រូវគេកាត់លុយទុក ដោយសារអតិថិជនសហគ្រាសរបស់អ្នកជាអ្នកដកពន្ធទុក? ពន្ធកាត់ទុកនេះ ត្រូវបង់នៅថ្ងៃទី ២០ នៃខែបន្ទាប់។
បញ្ជាក់ថា ទាំងនេះគ្រាន់តែជាប្រភេទពន្ធចម្បងប៉ុណ្ណោះ ប៉ុន្តែអាជីវកម្មអាចជាប់ពន្ធជាក់លាក់អាស្រ័យតាមវិស័យមួយចំនួនបន្ថែមទៀត។ បើចាប់អារម្មណ៍ចង់ដឹងបន្ថែមអាចចូលទៅកាន់វេបសាយអគ្គនាយកដ្ឋានពន្ធដារបាន៖ http://www.tax.gov.kh/taxtypes.php