fbpx

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាធនាគារជាតិខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា? ថ្ងៃនេះ #LuyBook នឹងពិភាក្សាអំពីសារៈសំខាន់នៃការគាំទ្ររូបិយប័ណ្ណរបស់ជាតិយើង។

#LuyBook យល់ឃើញថាមានសារៈសំខាន់ពីរធំៗសម្រាប់ប្រជាជាតិ ក្នុងការប្រើប្រាស់ឱ្យបានទូលំទូលាយនូវរូបិយប័ណ្ណជាតិរបស់ខ្លួន៖

១. ការទទួលបាននូវសិទ្ធិអំណាចនៃអាជ្ញាធររូបិយវត្ថុ (monetary Authority) – រូបិយប័ណ្ណជាតិផ្តល់ឱ្យរដ្ឋាភិបាលនូវឯករាជ្យភាពហិរញ្ញវត្ថុពីប្រទេសដទៃ។ កាលណាធនាគារជាតិមានអាជ្ញាធររូបិយវត្ថុ និងគោលនយោបាយរូបិយវត្ថុ (monetary policy) នៅក្នុងដៃ ធនាគារជាតិអាចគ្រប់គ្រងការផ្គត់ផ្គង់លំហូរសាច់ប្រាក់, ស្ថេរភាពតម្លៃ, អតិផរណា និងអត្រាការប្រាក់ជាដើម ដែលជំរុញឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពធន់ក្នុងកំឡុងពេលសេដ្ឋកិច្ចមានចលាចល ឬអស្ថេរភាព។

ឧទាហរណ៍ក្នុងកំឡុងពេលសេដ្ឋកិច្ចជួបប្រទះនឹងបញ្ហា ដូចជា វិបត្តិជំងឺ Covid-19, ប្រសិនបើប្រាក់រៀលចរាចរទូលំទូលាយនៅកម្ពុជា ធនាគារជាតិនឹងមានអំណាច និង ឥទ្ធិពលក្នុងការលើកទឹកចិត្តដល់ការចាយវាយ និងប្រើប្រាស់ក្នុងស្រុកតាមរយៈការបញ្ចុះអត្រាការប្រាក់ជាដើម ដើម្បីជំរុញដល់សកម្មភាពសេដ្ឋកិច្ច។ ប៉ុន្តែតាមជាក់ស្តែង ប្រាក់រៀលចរាចរតិចជាង ២០% នៅក្នុងទីផ្សារ ខណៈប្រាក់ដុល្លារចរាចរជាង ៨០% ហើយធនាគារជាតិគ្មានសិទ្ធិអំណាចលើការកែប្រែអត្រាការប្រាក់នៃប្រាក់ដុល្លារឡើយ។ ក្នុងករណីនេះ យើងសឹងអាចនិយាយបានថាកម្ពុជាមានពិការភាពនូវគោលនយោបាយរូបិយវត្ថុ ដែលជាដៃសំខាន់មួយរបស់សេដ្ឋកិច្ច ហើយយើងនៅសល់តែគោលនយោបាយសារពើពន្ធ (fiscal policy) ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់សេដ្ឋកិច្ច។

២. អធិបតេយ្យភាពជាតិ និងមោទនភាពជាតិ៖ រូបិយប័ណ្ណគ្រប់ប្រភេទតំណាងឱ្យមនុស្សជាតិ និងព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ វាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនក្នុងការស្រឡាញ់ និងមានមោទនភាពចំពោះរូបិយប័ណ្ណជាតិរបស់ពួកគេ ដើម្បីរក្សាតម្លៃជាប្រវត្តិសាស្ត្រ។

វាគួរតែជាសុបិន្តរបស់យើងទាំងអស់គ្នា ក្នុងការស្រមៃចង់ឱ្យប្រាក់រៀលត្រូវបានប្រើប្រាស់ និងចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ អាចទេប្រសិនបើហាងទំនិញ និងភោជនីយដ្ឋានទាំងអស់ធ្វើការចាប់ផ្តើមដាក់តម្លៃលក់ជាប្រាក់រៀល ហើយក្រុមហ៊ុននានាធ្វើការបើកប្រាក់ខែឱ្យបុគ្គលិកជាប្រាក់រៀល? ប្រហែលជាវិធីនេះ អាចនឹងលើកទឹកចិត្តប្រជាជនខ្មែរឱ្យទិញដូរជាប្រាក់រៀលច្រើនជាងមុន?

ហេតុអ្វីត្រូវគាំទ្រលុយរៀល?

Leave a Reply

Scroll to top
%d bloggers like this: