ការស្នើប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្បមប្រហែលជាមិនងាយស្រួលទេ។ ប៉ុន្តែ វាគឺជាជំហានចាំបាច់មួយ សម្រាប់អាជីវកម្មខ្នាតតូច មធ្យម និង startup ដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់ដឹកនាំអាជីវកម្មឱ្យឈានទៅដល់កម្រិតបន្ទាប់។ថ្ងៃនេះ LuyBook នឹងនិយាយពីកត្តាចំនួន ៦ ដែលរារាំងបងប្អូនពីការទទួលបានកម្ចីសម្រាប់អាជីវកម្ម។
១.ប្រវត្តិឥណទានមិនល្អ៖របាយការណ៍ឥណទានគឺ ជាឧបករណ៍មួយ ដែលស្ថាប័នហិរញ្ញវត្ថុប្រើដើម្បីកំណត់នូវកម្រិតហានិភ័យ និងព្យាករណ៍លទ្ធភាពសងត្រឡប់មកវិញរបស់អ្នកខ្ចី។ នៅប្រទេសកម្ពុជា ស្ថាប័នហិរញ្ញវត្ថុទាំងអស់ពិនិត្យរបាយការណ៍ពិន្ទុឥណទានរបស់អតិថិជន តាមរយៈក្រុមហ៊ុនក្រេឌីត ប្យួរ៉ូកម្ពុជា ឬ ហៅកាត់ថា ស៊ីប៊ីស៊ី។ ប្រសិនបើរបាយការណ៍ឥណទានរបស់អតិថិជននោះ បង្ហាញពីប្រវត្តិយឺតយ៉ាវនៃការសងបំណុល ឬអតិថិជននោះមិនមានប្រវត្តិឥណទានពីមុន ពួកគេអាចនឹងត្រូវមន្ត្រីឥណទានបដិសេធចំពោះការដាក់ពាក្យស្នើប្រាក់កម្ចីរបស់ពួកគេ។
២. លំហូរសាច់ប្រាក់មិនល្អលំហូរសាច់ប្រាក់នៃអាជីវកម្មគឺប្រៀបបាននឹងចរន្តឈាម។ វាត្រូវបានមន្រ្តីឥណទានប្រើដើម្បីវាស់វែងពីសុខភាពរបស់អាជីវកម្ម។ លំហូរសាច់ប្រាក់បង្ហាញថា តើអ្នកនឹងមានសាច់ប្រាក់គ្រប់គ្រាន់នៅនឹងដៃ ដើម្បីសងប្រាក់កម្ចីដែរឬទេ។ ស្ថាប័នផ្តល់កម្ចីដូចជាធនាគារ ទាមទារលំហូរសាច់ប្រាក់ប្រចាំខែ និងប្រាក់ចំណេញសុទ្ធរបស់អាជីវកម្មប្រហែល ១,៥ ដងនៃការបង់រំលួសប្រចាំខែ។ ពាក្យស្នើកម្ចីរបស់អ្នកនឹងត្រូវបដិសេធប្រសិនបើអ្នកមិនមានសាច់ប្រាក់គ្រប់គ្រាន់។
៣. មិនមានផែនការអាជីវកម្មច្បាស់លាស់ស្ថាប័នផ្តល់កម្ចីចង់ឃើញថាអ្នកមានផែនការគិតគូរម៉ត់ចត់សំរាប់អាជីវកម្មរបស់អ្នកដែរឬទេ? ពួកគេចង់ដឹងពីបំណងរបស់អ្នកក្នុងការដាក់ពាក្យសុំកម្ចីនេះ។ តើអ្នកមានផែនការពង្រីកអាជីវកម្មដែលនឹងបង្កើនប្រាក់ចំណូលបន្ថែម? បើដូច្នោះ តើអ្នកមានព័ត៌មានហិរញ្ញវត្ថុ ការព្យាករចំណូល និងការសិក្សាទីផ្សារច្បាស់លាស់ដែរឬទេ? អ្នកដាក់ពាក្យស្នើប្រាក់កម្ចីគួរយ៉ាងហោចណាស់រៀបចំពន្យល់ពីមូលហេតុ ដែលពួកគេចង់បានប្រាក់កម្ចី និង ផែនការសងប្រាក់វិញរបស់ពួកគេ។
៤. ស្នើប្រាក់កម្ចីច្រើនពេកក្នុងពេលតែមួយមនុស្សមួយចំនួនអាចគិតថាការដាក់ពាក្យស្នើសុំប្រាក់កម្ចីច្រើនក្នុងពេលតែមួយនឹងបង្កើនឱកាសនៃការទទួលបានការយល់ព្រមពីស្ថាប័នផ្តល់កម្ចី។ តែផ្ទុយទៅវិញ វាបង្កើតជាមុខសញ្ញាសម្គាល់មិនល្អទៅកាន់ការិយាល័យឥណទាន។
៥. មិនមានទ្រព្យបញ្ចាំសម្រាប់កម្ពុជា ប្រាក់កម្ចីអាជីវកម្មភាគច្រើននៅតែតម្រូវឱ្យអ្នកខ្ចីដាក់វត្ថុបញ្ចាំ ដែលអាចជាដីធ្លី ឬអាគារជាដើម។ ក្នុងករណីទូទៅ ធនាគារអនុញ្ញាតឱ្យខ្ចីប្រហែល ៦០% ទៅ ៦៥% នៃសមាមាត្រទៅនឹងតម្លៃទ្រព្យបញ្ចាំ។ ទោះជាយ៉ាងណាក៏ដោយ ដៃគូធនាគារមួយចំនួនអាចទទួលបានប្រាក់កម្ចីដោយឥតទ្រព្យបញ្ចាំ ប៉ុន្តែពួកគេត្រូវការបង្កើតទំនាក់ទំនងជាមួយធនាគារ និងមានដំណើរការហិរញ្ញវត្ថុមានល្អ។
៦. ឯកសារគាំទ្រមិនគ្រប់គ្រាន់មុនពេលទៅរកស្ថាប័នផ្តល់ប្រាក់កម្ចី ម្ចាស់អាជីវកម្មត្រូវរៀបចំឯកសារចាំបាច់ទាំងអស់នៅក្នុងដៃ។ ឯកសារចាំបាច់មួយចំនួនរួមមាន៖ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ, វិញ្ញាបនបត្រចុះបញ្ជីអាជីវកម្ម, ប័ណ្ណប៉ាតង់, ឯកសារវត្ថុរំលស់, របាយការណ៍ហិរញ្ញវត្ថុក្នុងរយៈពេល ១២ ខែចុងក្រោយរបស់អាជីវកម្ម, ការបញ្ជាក់អំពីបំណុលណាមួយពីធនាគារផ្សេងទៀត ប្រសិនបើមាន ។សរុបមកវិញ សម្រាប់អ្នកដែលមានគម្រោងដាក់ពាក្យសុំប្រាក់កម្ចីអាជីវកម្ម អ្នកគួរតែរៀបចំខ្លួនអ្នក និងចៀសវាចំណុច ៦ ខាងលើនេះ ដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់ពង្រីកអាជីវកម្មរបស់អ្នក។