fbpx

សព្វថ្ងៃ តើនរណាខ្លះដែលកំពុងស្រឡាញ់ពេញចិត្តនឹងការងារ និងជីវិតរបស់ខ្លួន? តើយើងគិតថាអ្វីដែលយើងធ្វើរាល់ថ្ងៃនេះបានប្រើប្រាស់សមត្ថភាពអស់ពីសក្ដានុពលដែលយើងមានឬនៅ?តាំងពីក្មេងមក យើងគ្រប់គ្នាមានក្ដីស្រមៃចង់ធ្វើនេះធ្វើនោះ។ ចុះឥឡូវនេះ យើងសម្រេចបានអ្វីខ្លះហើយ? ឬក៏យើងចាប់ផ្ដើមកែប្រែក្ដីស្រមៃមកជាអ្វីដែលសាមញ្ញ (settle for less) និងជាជីវិតបច្ចុប្បន្នរបស់យើង?


សាកគិតមើលពេលខ្លះ យើងគិតតែពីរវល់ធ្វើការប្រចាំថ្ងៃដើម្បីរស់ ឬគិតថាស្ថានភាពជីវិតប្រចាំថ្ងៃយើងគ្រប់គ្រាន់ហើយ (comfort zone) ដែលយើងហាក់បីដូចជាភ្លេចអំពីក្ដីស្រមៃរបស់យើង – ពោលគឺជីវិតដែលយើងប្រាថ្នាចង់បាន។ តើថ្ងៃណាមួយ យើងអាចស្ដាយក្រោយទេ? ពេលដែលមើលទៅអតីតកាលយើងវិញ គឺគិតតែធ្វើការប្រចាំថ្ងៃដើម្បីរស់ ហើយមិនបានឈោងចាប់អ្វីដែលយើងស្រលាញ់, ជីវិតដែលយើងប្រាថ្នា, ឬប្រើប្រាស់សក្ដានុពលរបស់យើងឱ្យអស់លទ្ធភាព?យើងគួរចាប់ផ្ដើមផ្ដល់អាទិភាព និងចំណាយពេលវេលាប្រចាំថ្ងៃរបស់យើង ដើម្បីធ្វើការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន (personal development) ព្រោះវាជាគន្លឹះសំខាន់ ដើម្បីឱ្យយើងអាចប្រើប្រាស់សមត្ថភាពឱ្យអស់សក្ដានុពល និងឈានដល់ជីវិតដែលយើងប្រាថ្នា។ អ្វីទាំងអស់នេះ គឺជាការសម្រេចចិត្តរបស់យើងម្នាក់ៗផ្ទាល់ មិនមានអ្នកណាបង្ខំ ឬត្រូវយកលេសអ្វីមកបាំងមុខឱ្យសោះ។


តើធ្វើដូចម្ដេច ដើម្បីឱ្យយើងសម្រេចបានជីវិតដែលប្រាថ្នា និងប្រើប្រាស់សមត្ថភាពខ្លួនឱ្យអស់សក្ដានុពល ១០០ ភាគរយ គ្រប់ផ្នែកទាំងអស់ រួមមាន សុភមង្គល, សុខភាព, ហិរញ្ញវត្ថុ, សេរីភាព, ភាពជោគជ័យ និងស្នេហា?

១. កំណត់គោលដៅផ្ទាល់ខ្លួនដំបូងត្រូវដឹងឱ្យច្បាស់ពីគោលដៅជីវិតរបស់យើង ថាយើងចង់ក្លាយជាមនុស្សបែបណា? រស់នៅជីវិតបែបណា? អ្នកទាំងអស់គ្នាអាចបង្កើតជា Vision Board ដែលជាក្ដារមួយយើងបិតរូបភាព ឬសរសេរគោលដៅរបស់យើងចូល។ គោលដៅទៅមុខ ១, ៥, ១០, ២០ ឆ្នាំទៅមុខ ថាយើងចង់ធ្វើអ្វី? សម្រេចបានអ្វី? មានលុយប៉ុន្មាន? ឧទាហរណ៍៖ ១ឆ្នាំទៀត ខ្ញុំចង់ហាត់ប្រាណបានរាងស្អាត, ៥ឆ្នាំទៀត ខ្ញុំចង់រៀបការ និងទិញឡានទំនើប, ១០ឆ្នាំទៀត ខ្ញុំចង់មានលុយ ៣០ម៉ឺនដុល្លារ ទិញផ្ទះ, ២០ឆ្នាំទៀត ខ្ញុំចង់មានលុយ ១លានដុល្លារ និងចូលនិវត្តន៍ ជាដើម។

២. រៀបចំគម្រោង និងធ្វើកំណត់ហេតុច្បាស់លាស់បន្ទាប់ពីដឹងពីគោលដៅដែលយើងចង់សម្រេចបានហើយ, ត្រូវរៀបចំគម្រោងថា ត្រូវមានសកម្មភាពអ្វីខ្លះ? យើងត្រូវមានធនធាន ឬជំនាញអ្វីខ្លះ? ដើម្បីអាចឈានដល់គោលដៅទាំងនោះ។ បែងចែកសកម្មភាពទាំងនោះជាឆ្នាំ ជាខែ ឬកាន់តែលម្អិតកាន់តែប្រសើរ។ ជាមួយគ្នាដែរ កុំភ្លេចកត់ទុកថាយើងដើរដល់ណាហើយ សម្រេចបានអ្វីខ្លះហើយ ក្នុងថ្ងៃនេះ សប្ដាហ៍នេះ ខែនេះ ឬឆ្នាំនេះ។ ការធ្វើបែបនេះអាចឱ្យយើងដឹងថា យើងកំពុងតែដើរផ្លូវត្រូវ និងដូចលើកទឹកចិត្តខ្លួនឯងផងថាខ្ញុំនឹងអាចធ្វើបាន។

៣. ប្រមើលមើល និងគិតមួយជំហានមុនធ្វើអ្វីក៏ដោយគឺតែងជួបបញ្ហា និងឧបសគ្គរារាំង ហើយពេលខ្លះនឹកស្មានមិនដល់ឡើយ។ អ៊ីចឹងហើយ ក្រៅពីរៀបផែនការហើយ, យើងត្រូវសាកប្រមើលមើលថាអាចមានបញ្ហាអ្វីខ្លះចំពោះមុខ, គិតចេញជាគម្រោង B និង C ឱ្យហើយ ព្រោះធ្វើដូចនេះបើស្មានមិនត្រូវ ១០០ភាគរយ ក៏យើងបានត្រៀមខ្លួន និងតាំងស្មារតីរួចជាស្រេចដើម្បីដោះស្រាយបញ្ហាដែលកើតមាន។

៤. ផ្លាស់ប្ដូរផ្នត់គំនិតអវិជ្ជមានកុំប្រៀបធៀបជីវិតខ្លួនឯងនឹងអ្នកដទៃ ព្រោះមនុស្សម្នាក់ៗមានជីវិតខុសៗគ្នា ពេលវេលាខុសៗគ្នា (timeline)។ គូប្រកួតប្រជែងយើងមិនមែនអ្នកដទៃទេ គឺយើងខ្លួនឯង។ បើយើងដឹងថាខ្លួនមិនល្អ និងខ្វះខាត, ព្យាយាមអភិវឌ្ឍខ្លួនជានិច្ច ឱ្យកាន់តែប្រសើរជាងខ្លួនយើងអតីតកាល និងបច្ចុប្បន្ន។ ទទួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួនយើង និងកុំពន្យារពេល ឬលួចខ្ចិលឱ្យសោះក្នុងការអនុវត្តសកម្មភាពដើម្បីសម្រេចគោលដៅយើង។ លើកទឹកចិត្តខ្លួនឯងជារឿយៗ ថាយើងអាចធ្វើបានមិនថាក្នុងកាលៈទេសៈណាក៏ដោយ។

៥.​ អានឱ្យបានច្រើនការអានសៀវភៅ ជាពិសេសសៀវភៅអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន (personal development) អាចជំរុញឱ្យយើងមានការកែប្រែផ្នត់គំនិតមួយចំនួន ឬដកស្រង់បទពិសោធន៍ល្អៗពីបុគ្គលជោគជ័យ ដើម្បីយកមកអនុវត្តផែនការ និងសម្រេចគោលដៅរបស់យើងបាន។

៦. ធ្វើលំហាត់ប្រាណ និងសមាធិត្រូវដឹងថា ផ្នែកមួយនៃជីវិតដែលយើងចង់បាន គឺមានសុខភាពល្អនេះឯង។ ការធ្វើលំហាត់ប្រាណ និងតាំងសមាធិ (meditation) នេះ គឺពិតជាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចឱ្យយើងធ្វើការគិតបានច្បាស់លាស់ជាងមុន ព្រមទាំងមានស្មារតី និងផ្លូវចិត្តល្អដើម្បីសម្រេចគោលដៅ និងដោះស្រាយបញ្ហានានាដែលអាចកើតមាន។

Admin សង្ឃឹមថាអត្ថបទនេះអាចជាការលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នា ដែលគិតថាខ្លួនមិនបានប្រើប្រាស់សក្ដានុពលអស់ ។ យើងគ្រប់គ្នាអាចសម្រេចបានអ្វីដែលយើងប្រាថ្នាចង់បាន អ៊ីចឹងកុំគិតថាមិនអីៗ ឬបានប៉ុណ្ណឹងគ្រប់គ្រាន់ហើយ (settle for less), អ្វីដែលសំខាន់គឺអភិវឌ្ឍខ្លួនឯងជានិច្ច និងព្យាយាមប្រើប្រាស់សក្ដានុពលខ្លួនឱ្យអស់ពីលទ្ធភាព។ អ្វីទាំងអស់ជាការសម្រេចចិត្តរបស់យើងខ្លួនឯង!


ឈានទៅកាន់ជីវិតដែលយើងប្រាថ្នា

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading