fbpx

ហានិភ័យនិង ការឆបោកក្នុងវិស័យជួញដូររូបិយប័ណ្ឌ

បណ្តាក់ទុនជាមួយក្រុមហ៊ុនយើងខ្ញុំ អ្នកនឹងចំណេញបានរាប់ពាន់ដុល្លារក្នុងមួយខែ។

ក្រុមហ៊ុនជួញដូររូបិយប័ណ្ណ Forex និង derivatives បានរីកសាយនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០០ ជាង។ ក្បួនទីផ្សាររបស់ពួកគេភាគច្រើន គឺផ្តោតទៅលើការផ្តល់ឱកាសឱ្យវិនិយោគិនធ្វើការជួញដូររូបិយប័ណ្ណ តាមរយៈ Trader (អ្នកជួញដូរ) ដែលមានជំនាញខ្ពស់ ព្រមទាំងធានាថាអ្នកជួញដូរទាំងនោះនឹងជួយរកប្រាក់ចំណេញខ្ពស់ជាងទីផ្សារទៅដល់វិនិយោគិន។

ក្រុមហ៊ុនខ្លះថាអាចនឹងរកប្រាក់ចំនេញលើស ១០០% ក្នុងមួយឆ្នាំ ខណៈលោក Warren Buffet ដែលជាវិនិយោគិនជើងចាស់ ដែលមានភាពល្បីល្បាញជាងគេលើពិភពលោក ទទួលបានអត្រាចំនេញប្រចាំឆ្នាំជាមធ្យមត្រឹម ២០% ប៉ុណ្ណោះ ក្នុងរយៈពេល ៦០ឆ្នាំជាងនៃការវិនិយោគរបស់លោក។

បញ្ហាដែលត្រូវបានគេកត់សម្គាល់ចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនជួញដូររូបិយប័ណ្ណ គឺពួកគេទាមទារឱ្យវិនិយោគិនប្រគល់សិទ្ធិគ្រប់គ្រងនៃប្រាក់របស់ខ្លួនទាំងស្រុងទៅឱ្យក្រុមហ៊ុន និង អ្នកជួញដូររបស់ក្រុមហ៊ុន។ បើទោះជាប្រាក់របស់វិនិយោគិនត្រូវបានចំនេញ ឬខាតក្នុងការជួញដូរក៏ដោយ ក្រុមហ៊ុននៅតែកាត់កម្រៃជើងសារ (commission) ពី ៣០ ទៅ ៦០ ដុល្លារក្នុង ១ លុត (1 lot ដែលស្មើនឹងរូបិយវត្ថុ ១០០,០០០ ឯកតា) ពីដើមទុនជួញដូរ។ ជនខិលខូចមួយចំនួន ធ្វើការទិញលក់រាប់សិបដងក្នុងមួយថ្ងៃ ដើម្បីទទួលបានកម្រៃជើងសារ ដោយមិនគិតពីប្រយោជន៍របស់វិនិយោគិនជាអាទិភាព។

ឧទាហរណ៍ ក្នុងឆ្នាំ ២០១៩ ប្រធានក្រុមហ៊ុននៃ International Forex Trading ត្រូវបានចោទប្រកាន់ពីបទឆបោកទឹកប្រាក់នៃអ្នកវិនិយោគក្នុងទំហំប្រមាណ ៣០ លានដុល្លារអាមេរិក។ ហើយថ្មីៗនេះ អ្នកវិនិយោគរាប់ពាន់នាក់របស់ ក្រុមហ៊ុន GFX កំពុងតែស្វែងរកដំណោះស្រាយពីសំណាក់រដ្ឋាភិបាលទៅលើទឹកប្រាក់ចំនួន ២៧ លានដុល្លារអាមេរិក ខណៈពេលក្រុមហ៊ុនប្រកាសផ្អាកដំណើរការបណ្តោះអាសន្ន ដោយមូលហេតុគណៈគ្រប់គ្រងនៅក្នុងក្រុមហ៊ុនបានកិបកេងប្រវ័ញ្ចប្រាក់របស់ក្រុមហ៊ុន និងអតិថិជន។

មានមនុស្សជាច្រើន ដោយខ្វះការស្រាវជ្រាវច្បាស់លាស់ ហើយជឿជាក់ទៅលើសិល្បៈបញ្ចុះបញ្ចូលរបស់បុគ្គលិកក្រុមហ៊ុន ដែលពេលខ្លះគឺជាមិត្តភក្តិផ្ទាល់របស់ពួកគេ ក៏សម្រេចចិត្តបណ្តាក់ទុនរាប់ពាន់រាប់ម៉ឺនដុល្លារ។ ចុងបញ្ចប់ពួកគេមិនសល់អ្វីក្រៅពីមេរៀន និងការស្តាយក្រោយ ហើយដោយភាពខ្មាស់អៀន ពួកគេព្យាយាមលាក់បាំង និងមិនហ៊ានចេញមកចែករំលែកបទពិសោធន៍របស់ខ្លួន។

នៅពេលអ្នកណាម្នាក់មកបបួលអ្នកវិនិយោគទៅលើអ្វីមួយដោយសន្យាថានឹងទទួលបានការចំនេញហួសពីការស្មាន សូមអ្នកទាំងអស់គ្នាធ្វើការពិចារណា និងវែកញែកឱ្យបានម៉ត់ចត់ ព្រោះមានភាគរយខ្ពស់ណាស់ ដែលឱកាសវិនិយោគបែបនេះគឺជាការបោកប្រាស់ ដែលនឹងបែកធ្លាយក្នុងរូបរាងណាមួយនាពេលអនាគត។ បើមិនទាន់យល់ និងចេះច្បាស់អំពីវិស័យជួញដូររូបិយប័ណ្ណ និងភាគហ៊ុន ចូរកុំទុកចិត្តក្នុងការប្រគល់ប្រាក់ដែលអ្នកខំរកបានទាំងលំបាកទៅឱ្យអ្នកដទៃដែលអ្នកមិនស្គាល់ដោយងាយស្រួលពេក។

ចែករំលែកអត្ថបទនេះទៅកាន់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ដើម្បីជួយឱ្យពួកគាត់បានដឹងអំពីបញ្ហាដែលរមែងកើតឡើងក្នុងវិស័យជួញដូររូបិយវត្ថុ!


អានបន្ថែម៖

https://www.forexfraud.com/…/man-charged-in-cambodia…/

https://www.khmertimeskh.com/…/investors-cry-foul…/

ហានិភ័យនិង ការឆបោកក្នុងវិស័យជួញដូររូបិយប័ណ្ឌ

Leave a Reply

Scroll to top
%d bloggers like this: