មានលុយប៉ុន្មាន ទើបអាចចាប់ផ្តើមទិញផ្ទះបាន? គួរចំណាយប៉ុន្មានដើម្បីកុំឱ្យទិញផ្ទះហើយ អស់លុយពីខ្លួន?
ការទិញផ្ទះ គឺជាការវិនិយោគ ឬចំណាយដ៏ធំបំផុតក្នុងជីវិតរបស់មនុស្សភាគច្រើន។ ហើយការមានកម្មសិទ្ធិជាម្ចាស់ផ្ទះ ក៏ជាមោទនភាពធំមួយដែរសម្រាប់មនុស្សទាំងអស់គ្នា ជាពិសេសអ្នកដែលមានគម្រោង ឬទើបតែចាប់ផ្ដើមជីវិតគ្រួសារថ្មី។ ដូច្នេះហើយការសម្រេចចិត្តក្នុងការទិញផ្ទះ ក៏ដូចជាទំហំកញ្ចប់លុយដែលត្រូវចំណាយមិនមែនជាការសម្រេចចិត្តស្រួលៗនោះទេ។
ដូច្នេះហើយថ្ងៃនេះ #LuyBook នឹងចែករំលែក ជំហាន ៣ ក្នុងការទិញផ្ទះ ដែលជាដំបូន្មានរបស់ Dave Ramsey ដែលជាអ្នកវិនិយោគផ្នែកអចលនទ្រព្យ និងអ្នកប្រឹក្សាជើងចាស់ម្នាក់៖
១. មុននឹងទិញផ្ទះ ត្រូវសងបំណុលគេឱ្យអស់សិន ហើយមានប្រាក់សន្សំគ្រប់គ្រាន់សម្រាប់ការចំណាយក្នុងគ្រាមានអាសន្ន (Emergency fund) ដែលមានចំនួនស្មើនឹងចំណាយចាំបាច់របស់អ្នកពី ៣ ទៅ ៦ខែ។
២. គម្រោងបង់ប្រាក់ដែលល្អបំផុតគឺ បង់ប្រាក់សុទ្ធ ១០០% ដោយមិនបង់រំលួសមានការប្រាក់។ ប៉ុន្តែបើអ្នកមិនមានលទ្ធភាព អ្នកអាចជ្រើសយកគម្រោងបង់រំលួស តែយ៉ាងច្រើនបំផុតត្រឹមរយៈពេល១៥ឆ្នាំ ក្នុងលក្ខខណ្ឌការប្រាក់ថេរ។ សំខាន់បំផុត ការចំណាយក្នុងការបង់រំលួសនេះមិនត្រូវឱ្យលើស ២៥%នៃចំណូលរបស់អ្នកឡើយ។ នេះគឺដើម្បីឱ្យអ្នកមានប្រាក់គ្រប់គ្រាន់ក្នុងការចាយវាយប្រចាំថ្ងៃ និងសន្សំលុយវិនិយោគផ្សេងៗ ក៏ដូចជាសន្សីដើម្បីបង់ផ្ដាច់ការបង់រំលួស នៅពេលមានលុយគ្រាប់គ្រាន់។
៣. គួរពិភាក្សាជាមួយអ្នកជំនាញ។ អ្នកជំនាញ ជាភ្នាក់ងារទិញផ្ទះ មានបទពិសោធន៍ទិញផ្ទះច្រើន ព្រោះពួកគេដឹងពីស្ថានភាព និងតម្លៃទីផ្សារ ដឹងថាតំបន់ណាត្រូវតាមតម្រូវការអ្នកទិញជៀសវាងកុំឱ្យទិញខុស ហើយថ្លៃជាងទីផ្សារ៕