fbpx

តើរាល់ថ្ងៃ អ្នកទាំងអស់គ្នាមានគណនីធនាគារចំនួនប៉ុន្មាន? ដែលឆ្ងល់អត់ថា គួរតែមានប៉ុន្មានទើបសាកសម ហើយត្រូវនឹងតម្រូវការ និងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន? ជាទូទៅ អ្នកទាំងអស់គ្នាគួរតែមានគណនីធនាគារយ៉ាងតិច ២ សម្រាប់គោលបំណងទាំងពីរធំៗខាងក្រោម៖

១. គណនីសម្រាប់ប្រើប្រាស់ប្រចាំ (Checking Account)៖

អ្នកត្រូវតែមានគណនីមួយសម្រាប់ប្រើប្រាស់ជាចំណាយប្រចាំខែ ដូច្នេះអ្នកគួរតែដាក់ប្រាក់ចូលគណនីនេះឱ្យបានគ្រប់ចំនួនសមស្របនឹងចំណាយរបស់អ្នកប្រចាំខែ ។ គណនីប្រភេទនេះ គឺជាប្រភេទគណនីសន្សំ ឬគណនីចរន្ត ដែលជាទូទៅមិនមានការប្រាក់ច្រើនទេ ហើយក៏មិនគិតថ្លៃសេវាដកប្រាក់ ឬផ្ទេរប្រាក់ឡើយ ។ ក្នុងនេះដែរ អ្នកអាចធ្វើការកំណត់ចំណាយប្រចាំថ្ងៃរបស់អ្នកផងដែរ នៅពេលដែលបើកគណនី ប្រសិនបើមិនចង់ចាយច្រើនលើសផែនការ ។ ឧទាហរណ៍ អ្នកអាចកំណត់ថាគណនីនេះមិនអាចដកប្រាក់លើសពី ១០០ ដុល្លារ ក្នុងមួយថ្ងៃបាន ។

២. គណនីសម្រាប់សន្សំ (Saving Account)៖

បន្ទាប់ពីមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយជាប្រចាំរួចហើយ អ្នកគួរបង្កើតគណនីសន្សំដែលមានការប្រាក់ច្រើនជាងគណនីសម្រាប់ប្រើប្រាស់ប្រចាំ ។ ក្នុងនេះ អ្នកអាចបង្កើតគណនីបញ្ញើមានកាលកំណត់ (Fixed Deposit) ដែលតម្រូវឱ្យអ្នកដាក់ប្រាក់បញ្ញើដោយមិនដកប្រាក់ចេញមកប្រើប្រាស់ឡើយ បើមិនទាន់ដល់ពេលកំណត់ ។ ក្នុងចំណុចនេះដែរ អ្នកអាចធ្វើការសិក្សាអំពីការប្រាក់ ព្រោះជាធម្មតាធនាគារភាគច្រើនផ្ដល់អត្រាការប្រាក់ប្រមាណ ៣% ទៅ៤% សម្រាប់ការដាក់ប្រាក់បញ្ញើរយៈពេល ១ឆ្នាំ និងមីក្រូហិរញ្ញវត្ថុអាចផ្ដល់អត្រាការប្រាក់ខ្ពស់ជាងក្នុងរង្វង់ ៦% ឬ ៧,៥% សម្រាប់រយៈពេលដូចគ្នា ។

សរុបមក បើអ្នកមានគណនីចំនួន ២ សម្រាប់គោលបំណងទាំងពីរខាងលើនេះ គឺគ្រប់គ្រាន់ល្មម ព្រោះលុយសន្សំមិនបានលាយឡំជាមួយចំណាយ និងមានការបែងចែកច្បាស់លាស់ ។ យ៉ាងណាមិញ ប្រសិនបើអ្នកមានតម្រូវការផ្សេងៗទៀត អ្នកអាចបង្កើតគណនីបន្ថែមទៀតក៏មិនជាបញ្ហា ឱ្យតែគ្រប់គ្រងបាន ។ ឧទាហរណ៍ អ្នករកស៊ី ត្រូវបង្កើតគណនីមួយសម្រាប់ជំនួញរបស់គេ, អ្នកមានកូន អាចបង្កើតគណនីសន្សំសម្រាប់កូន និងវិនិយោគិន ត្រូវការបង្កើតគណនីសម្រាប់វិនិយោគ ជាដើម ។

គួរមានគណនីធនាគារប៉ុន្មាន?

Leave a Reply

Scroll to top
%d bloggers like this: