fbpx

នរណាខ្លះដែលកំពុងមានអាជីវកម្ម ឬមានគម្រោងបើកអាជីវកម្ម? ហើយមានគម្រោងចង់បានការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុ ឬការវិនិយោគ ពីវិនិយោគិនអត់?

ដើម្បីទទួលបានការវិនិយោគពីវិនិយោគិនណាម្នាក់ ម្ចាស់អាជីវកម្មទាំងអស់ត្រូវធ្វើបទបង្ហាញពីអាជីវកម្មរបស់ខ្លួន ដែលនេះហើយគេហៅថា pitch។ ជាទូទៅ មានតែអាជីវកម្ម ១ ក្នុងចំណោមអាជីវកម្ម ១០ ប៉ុណ្ណោះ ដែលវិនិយោគិនស្ដាប់ pitch ហើយយល់ព្រមធ្វើការវិនិយោគ។ គិតមើលទៅដូចជាមិនស្រួលទេ? យ៉ាងណាមិញ ខាងក្រោមនេះជាវិធីសាស្ត្រគន្លឹះចំនួន ១០ ដែលអាចឱ្យអ្នកទាំងអស់គ្នា pitch បានជោគជ័យ ដូចជា៖

១. ដឹងពីពេលវេលា

គោលដៅធំបំផុតរបស់ pitch គឺការធ្វើបទបង្ហាញពីអាជីវកម្មរបស់យើងក្នុងពេលមួយដ៏ខ្លី ដូចនេះយើងត្រូវដឹងពីពេលវេលាឱ្យបានច្បាស់ ប្រសិនបើយើងសុំពេលវិនិយោគិន ១០នាទី គួរបញ្ចប់ក្នុងរយៈពេលនោះ ឬខ្លីជាងនោះបន្តិច។ ពេលវេលារបស់វិនិយោគិនពិតជាមានតម្លៃ ដូចនេះយើងត្រូវគោរពពេលវេលារបស់គេ។

២. ត្រៀមខ្លួនឱ្យបានដិតដល់

ដើម្បីឱ្យការធ្វើបទបង្ហាញឱ្យទាន់ពេលវេលា និងមានភាពរលូន មានតែវិធីសាស្ត្រមួយទេ គឺធ្វើការវឹកហាត់ឱ្យបានច្រើន កាន់តែល្អ។ ពេលត្រៀមខ្លួន យើងអាចធ្វើការប៉ាន់ស្មានមើលថាតើវិនិយោគិននឹងចង់ដឹងពីអ្វី បន្ថែមពីលើបទបង្ហាញរបស់យើង? ដូចនេះ ការត្រៀមចម្លើយរួចជាស្រេច នឹងអាចឱ្យយើងឆ្លើយបានល្អ និងមានភាពជឿជាក់ខ្ពស់។

៣. ធ្វើសាមញ្ញកម្ម និងនិទានរឿង

ដោយសារតែពេលវេលាមានកំណត់ យើងគួរតែបង្ហាញឱ្យកាន់តែសាមញ្ញ និងចំគោលដៅសំខាន់ៗ។ ជាមួយគ្នាដែរ ដើម្បីឱ្យកាន់តែទាក់ទាញចំណាប់អារម្មណ៍ យើងគួរតែមានសាច់រឿងអំពីអាជីវកម្ម ទើបធ្វើឱ្យវិនិយោគិនចងចាំមិនភ្លេច។

៤. ពន្យល់ពីផលិតផល ឬសេវាកម្មឱ្យបានច្បាស់

ប្រសិនជាអាច យើងអាចបង្ហាញជារូបភាពសេវាកម្ម ឬយកផលិតផលមកឱ្យវិនិយោគិនសាកល្បងកាន់តែប្រសើរ។ បន្ថែមទៀត យើងក៏ត្រូវធ្វើការពន្យល់ថាតើផលិតផល ឬសេវាកម្មរបស់យើងមានភាពខុសប្លែកពីផលិតផល ឬសេវាកម្មដ៏ទៃត្រង់ណា ដែលអាចឱ្យអតិថិជនជ្រើសរើសប្រើរបស់យើង។

៥. ដឹងពីអតិថិជនគោលដៅច្បាស់លាស់

យកទិន្នន័យ និងក្រាបមកបង្ហាញវិនិយោគិនរបស់យើងអំពីប្រជាសាស្ត្រអតិថិជនគោលដៅរបស់យើង ដូចជាអាយុ និងភេទ ជាដើម។ ការណ៍ដែលស្គាល់អតិថិជនគោលដៅច្បាស់លាស់ យើងអាចប៉ាន់ស្មានដឹងពីទំហំទីផ្សាររបស់យើងបានហើយ។

៦. ពន្យល់ពីយុទ្ធសាស្ត្រទីផ្សារ

មានផលិតផលល្អ, អតិថិជនគោលដៅ និងទីផ្សារហើយ យើងត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់ដើម្បីលក់ផលិតផល ឬសេវាកម្មឱ្យដល់ទីផ្សាររបស់យើងចង់បាន។ បច្ចុប្បន្ន ទីផ្សារឌីជីថល (digital marketing) ពិតជាមានសារៈសំខាន់ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្ម ដូចនេះយើងអាចសិក្សាពីវាឱ្យបានច្រើន កាន់តែប្រសើរ។

៧. ពន្យល់ពី Revenue Model

វិនិយោគិនដាក់លុយវិនិយោគគឺចង់បានប្រាក់ចំណេញត្រឡប់មកវិញ ដូចនេះយើងត្រូវពន្យល់ឱ្យច្បាស់លាស់ថាអាជីវកម្មយើងអាចរកប្រាក់ចំណូលតាមរបៀប ឬវិធីណាខ្លះ។

៨. ពន្យល់ពីគម្រោងចំណាយ

កត្ដាដ៏សំខាន់ពេលទៅ pitch គឺយើងត្រូវបង្ហាញថាពេលដែលបានហិរញ្ញប្បទាន ឬការវិនិយោគហើយត្រូវចាយលើអ្វីខ្លះ ដើម្បីឱ្យអាជីវកម្មមានភាពរីកចម្រើនទៅមុខ។ ត្រង់ចំណុចនេះ យើងត្រូវបំបែកខ្ទង់់ចំណាយឱ្យបានល្អិតល្អន់ ហើយត្រូវកំណត់គោលដៅចំណាយឱ្យបានចំគោលដៅ ដែលនឹងអាចទទួលបានប្រាក់ចំណេញមកវិញច្រើន សម្រាប់វិនិយោគិន។

៩. មានការតាំងចិត្ត

កត្តាមួយដ៏សំខាន់ដែរ គឺកត្តាមនុស្សដែលវិនិយោគិនទាំងអស់ពិចារណា។ ម្ចាស់អាជីវកម្មជាមនុស្សបែបណា? គាត់ជាមនុស្សដែលមាន passion ខ្លាំងលើអាជីវកម្មរបស់គាត់? ការតាំងចិត្តរបស់គាត់ដល់កម្រិតណា? ក្រុមការងាររបស់គាត់ជាមនុស្សបែបណាខ្លះ? នេះជាចំណុចដែលយើងគួរពិចារណាដូចគ្នា។

១០. បង្ហាញពីវិធីសាស្ត្រចាកចេញ (Exit Strategy)

ក្រៅពីចង់ឃើញអាជីវកម្មនោះមានការរីកចម្រើន បន្ទាប់ពីការវិនិយោគ, វិនិយោគិនក៏ចង់ដឹងថាពួកគេអាចយកប្រាក់ចំណេញមកដោយវិធីណាដែរ។ ដូចនេះ ប្រសិនបើអាច យើងអាចបង្ហាញពីគម្រោងអនាគតរបស់យើងក្នុងចំណុចនេះ មិនថាជា IPO ឬ acquisition ជាដើម។

វិធីសាស្ត្រ Pitch ឱ្យបានជោគជ័យ

Leave a Reply

Scroll to top
%d bloggers like this: