fbpx
ការវិវត្តន៍ផ្នែកវិទ្យាសាស្រ្តនៅលើពិភពលោកមានដំណើរការលឿនខ្លាំងណាស់ ជាពិសេសនៅក្នុងឆ្នាំនេះតែម្ដងនៅពេល ដែលមានការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងរយៈពេល១០ឆ្នាំទៀតក្នុងឆ្នាំ២០៣០ ប្រាកដណាស់នឹងមានវិស័យ ក៏ដូចជាការងារមួយចំនួនដែលនឹងបាត់បង់។
 
ចុះក្នុងឆ្នាំ២០៣០ នឹងមានវិស័យណាខ្លះដែលនឹងត្រូវប៉ាន់?
 
វិស័យវិភាគទិន្នន័យនិង big data*៖ វិស័យនេះកំពុងរីកលូតលាស់យ៉ាងខ្លាំងនៅគ្រប់ផ្នែកទាំងអស់នៃអាជីវកម្ម ចាប់ពីការលក់, ផ្នែកទីផ្សារ រហូតដល់ផ្នែកធនធានមនុស្ស។ ក្រុមហ៊ុនធំៗជាច្រើនចំណាយទៅលើវិស័យវិភាគនិងសិក្សាទិន្នន័យនេះដើម្បីឱ្យពួកគេ អាចដើរទាន់ការវិវត្តន៍នៃតម្រូវការទីផ្សារ។ *big data គឺសំដៅទៅលើទិន្នន័យធំៗដែលអាចយកមកវិភាគចេញលទ្ធផល សម្រាប់ឱ្យអាជីវកម្មរៀបចំយុទ្ធសាស្រ្តធ្វើអាជីវកម្មរបស់គេ។
 
វិស័យសុខាភិបាល៖​ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ​ ការច្នៃប្រឌិតធំ ៗ ជាច្រើនគឺផ្តោតសំខាន់លើវិស័យ សុខាភិបាល។ បន្ទាប់ពីឆ្លងកាត់បទពិសោធន៍នៃវិបត្តិជំងឺកូវីដ១៩ នេះហើយប្រទេសមហាអំណាច ក៏ដូចជាក្រុមហ៊ុនវិនិយោគធំៗ នឹងផ្តោតលើវិស័យនេះកាន់តែខ្លាំងជាងមុន។ ការផ្លាស់ប្តូរដ៏ធំមួយដែលយើងអាចមើលឃើញឆាប់ៗនេះគឺ ឧបករណ៍ពាក់លើខ្លួនមនុស្ស ដើម្បីជួយតាមដានដំណើរការ របស់សរីរាង្គសំខាន់ៗក្នុងខ្លួនរបស់យើង និង ស្ថានភាពជាច្រើនទៀត ដូចជាអាច តាមដានចង្វាក់បេះដូង ឬពិនិត្យមើលកម្រិតជាតិស្ករក្នុងឈាមរជាដើម។ មិនតែប៉ុណ្ណោះ នៅមានរបកគំហើញនៃបច្ចេកវិទ្យា និងការព្យាបាលថ្មីៗជាច្រើនទៀត ដែលអាចនឹងជួយឱ្យមនុស្សក្នុងសកលលោក មានសុខភាពល្អជាងមុន។
 
វិស័យរថយន្តអគ្គិសនី៖ ក្នុងឆ្នាំ២០១៩ ការលក់រថយន្តអគ្គិសនីកើនដល់ទៅ ២.១លានគ្រឿង ឬស្មើនឹងកំណើន ៤០%ប្រៀបនឹងឆ្នាំ ២០១៨។ ក្នុងឆ្នាំនេះ ទីផ្សាររថយន្តអគ្គិសនីមានទំហំដល់ទៅ ៥១៩ ពាន់លានដុល្លារអាមេរិច។ វិស័យនេះត្រូវបានគេរំពឹងថានឹងមានការរីកលូតលាស់ទៅអនាគតដោយសារតែ គុណប្រយោជន៍របស់បច្ចេកវិទ្យានេះក្នុងការកាត់បន្ថយចំណាយនៃការធ្វើដំណើរ​និងដឹកជញ្ជួន (ប្រើអាគុយ និងថ្លៃថែទាំទាប) ក៏ដូចជាការកាត់បន្ថយការបំពុលបរិស្ថានផងដែរ។ បើតាមរបាយការណ៍របស់ McKinsey & Co ក្នុងឆ្នាំ២០៣០ នឹងមានរថយន្តអគ្គិសនី ១២០លានគ្រឿងចរាចរក្នុងពិភពលោក។
 
វិស័យ Artificial intelligence (AI)៖ AI គឺជាវិទ្យាសាស្រ្តបង្កើតប្រព័ន្ធកុំព្យូទ័រដែលអាចធ្វើការងារដែលទាមទារភាពឆ្លាតវៃរបស់មនុស្សដូចជាសម្ថភាពក្នុង ការស្ដាប់ មើលនិងសម្រេចចិត្តជាដើម។ ទោះបីជាយើងភាគច្រើនសុទ្ធតែស្គាល់ហើយថា AI ជាអ្វី ប៉ុន្តែឥឡូវនេះយើងមិនទាន់ប្រើប្រាស់ AI ឱ្យអស់ពីលទ្ធភាពនោះទេ។ ក្នុងមួយឆ្នាំៗ កញ្ចប់លុយ ២០ ទៅ ៣០ពាន់លានដុល្លារអាមេរិចត្រូវបានចំណាយលើការស្រាវជ្រាវបច្ចេកវិទ្យាផ្នែក AI នេះក្នុងពិភពលោក។ ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅយើងមាន Siri ម៉ាស៊ីនបូមធូលីដោយស្វ័យប្រវត្តិ iRobot និងឡានដែលអាចបើកដោយខ្លួនឯងជាដើម។ ចុះក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត នឹងមានអ្វីទៀតអាចកើតឡើង?
 
វិស័យ Virtual Reality (VR)៖ VR គឺជាបច្ចេកវិទ្យាបង្កើតរូបភាពឬបរិស្ថាន 3D មួយដែលមនុស្សអាចនៅក្នុងបានដូចបរិស្ថានជាក់ស្ដែងអញ្ចឹង។ បច្ចុប្បន្ននេះ Virtual Reality ភាគច្រើនយើងស្គាល់ និងកំពុងប្រើប្រាស់នៅក្នុងហ្គេមនិងវិស័យសុខាភិបាលសម្រាប់ធ្វើ ពិសោធន៍ការវះកាត់ជាដើម។ ប៉ុន្តែនៅមានវិធីច្រើនទៀតណាស់ដែលយើងអាចទាញយកប្រយោជន៍ពីបច្ចេកវិទ្យា នេះបាន។ ឧទាហរណ៍ យើងមិនចាំបាច់ទៅធ្វើការនៅការរិយាល័យទៀតទេ គ្រាន់តែនៅផ្ទះហើយប្រើប្រាស់ Virtual Reality ដើម្បីធ្វើឱ្យយើងហាក់បីដូចជាអង្គុយធ្វើការជាមួយអ្នករួមមការងារដទៃទៀតដែរ។
 
ទាំងអស់នេះសុទ្ធតែជាស័យដែលនឹងត្រូវប៉ាន់ក្នុងរយៈពេល ១០ឆ្នាំទៀត។ អញ្ចឹងមានន័យថា តម្រូវការអ្នកជំនាញផ្នែកទាំងអស់នេះក៏នឹងកើនឡើងដែរ។ សម្រាប់អ្នកដែលកំពុងពិចារណាថាគួរចាប់យកជំនាញអី អាចងាកមកមើលវិស័យទាំងនេះបាន។
វិស័យក្ដៅៗក្នុងឆ្នាំ ២០២០

Leave a Reply

Scroll to top
%d bloggers like this: