តើរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលគឺជាអ្វី? រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (sovereign digital currency) គឺដូចជារូបិយប័ណ្ណ ឬក្រដាសលុយធម្មតាដែរ ប៉ុន្តែវាមានទម្រង់ឌីជីថលដែលបោះពុម្ពនិងគ្រប់គ្រងដោយធនាគារកណ្តាលរបស់ប្រទេសនីមួយៗ។
កុំច្រឡំឱ្យសោះថា រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល ដូចនឹងរូបិយប័ណ្ណ Crypto ព្រោះជាប្រភេទរូបិយប័ណ្ណឌីជីថលប្រើប្រាស់់បច្ចេកវិទ្យា Blockchain ហើយប្រតិបត្តិការទិញលក់រូបិយប័ណ្ណ Crypto នេះ មិនស្ថិតនៅក្រោមធនាគារកណ្ដាលឡើយ។ ខុសពីរូបិយប័ណ្ណ Crypto, រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលគឺមានប្រព័ន្ធគ្រប់គ្រងកណ្ដាលមួយ ហើយមិនមានភាពអនាមិក (anonymity) ក្នុងការប្រើប្រាស់រូបិយប័ណ្ឌឌីជីថលឡើយ និយាយឱ្យស្រួលយល់ទៅគឺដូចយើងចាយលុយជាក្រដាសប្រាក់ចឹងដែរ ហើយវាមានស្ថិរភាពតម្លៃដូចនឹងរូបិយប័ណ្ណជាក្រដាសប្រាក់ដូចគ្នា។
ធនាគារកណ្ដាលរបស់ប្រទេសជាច្រើនបានឃើញពីអត្ថប្រយោជន៍នៃរូបិយប័ណ្ណឌីជីថល ដើម្បីឱ្យប្រទេសខ្លួនក្លាយជាប្រទេសដែលមិនចាយលុយក្រដាស (cashless society) និងមានភាពងាយស្រួលក្នុងការគ្រប់គ្រងរូបិយប័ណ្ណ ក៏ដូចជាផ្ដល់អាទិភាពដល់ធនាគារកណ្ដាលក្នុងការដាក់ចេញវិធានការរូបិយវត្ថុនានាឱ្យកាន់តែមានប្រសិទ្ធភាព។
តើធនាគារកណ្ដាលនានានៅលើពិភពលោក បានបង្កើតរូបិយប័ណ្ណឌីជីថលនេះដល់ណាខ្លះហើយ? ប្រទេសនៅក្នុង G20 សុទ្ធតែកំពុងសិក្សាលទ្ធភាព និងអភិវឌ្ឍរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលពួកគេ។ ក្រៅពីនេះ មានប្រទេសមួយចំនួន ដូចជា ប្រទេសស៊ុយអែត, ន័រវែស, ស្វីស, និងជាពិសេសប្រទេសកម្ពុជាយើងផ្ទាល់ បាននិងកំពុងរៀបចំអភិវឌ្ឍរូបិយប័ណ្ណឌីជីថលនេះ។
សម្រាប់ប្រទេសកម្ពុជាយើង, ធនាគារជាតិនៃកម្ពុជាបាននិងកំពុងអភិវឌ្ឍរូបិយប័ណ្ណឌីជីថល ចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ក្នុងអំឡុងនៃកិច្ចពិភាក្សាតាមអនឡាញស្ដីពី «ប្រាក់នៅក្នុងសតវត្សរ៍ទី ២១ តួនាទីអ្វីខ្លះសម្រាប់រូបិយប័ណ្ណឌីជីថល និងកាក់សកលរបស់ធនាគារកណ្ដាល» ដែលត្រូវបានរៀបចំឡើងដោយអង្គការ OECD កាលពីខែវិច្ឆិកា ឆ្នាំ ២០២០, លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា ប្រទេសកម្ពុជា នឹងត្រូវការពេលវេលាជាច្រើនទៀតសម្រាប់ការប្រើប្រាស់ពេញលេញនៃរូបិយប័ណ្ណឌីជីថលជាការផ្លាស់ប្តូរមួយឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។
សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា, មានបុរេលក្ខខណ្ឌជាច្រើនសម្រាប់ប្រទេសយើងក្នុងការផ្លាស់ប្តូរទៅរករូបិយប័ណ្ណឌីជីថល ដូចជា៖ ទី១). លទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់ប្រកបដោយនិរន្តរ៍ភាព, ទី២). លទ្ធភាពទទួលបានការតភ្ជាប់ (connectivity), ទី៣). លទ្ធភាពទទួលបានទូរស័ព្ទស្មាតហ្វូនតម្លៃទាប, និងទី៤). អក្ខរកម្មឌីជីថលសម្រាប់ប្រជាជន និងអក្ខរកម្មហិរញ្ញវត្ថុ។
យ៉ាងណាមិញ, ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាក៏បានដាក់ឱ្យដំណើរការ «បាគង» ដែលជាប្រព័ន្ធទូទាត់បច្ចេកវិទ្យាអន្តរធនាគារ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) របស់កម្ពុជា, ជំរុញការផ្ទេរប្រាក់រវាងធនាគារពាណិជ្ជនិងពង្រីកវិសាលភាពនៃវិស័យហិរញ្ញវត្ថុទៅដល់ប្រជាជនដែលមិនមានគណនីធនាគារ។ បើទោះបីជាប្រព័ន្ធនេះមិនមែនជាប្រភេទរូបិយប័ណ្ណឌីជីថលធនាគារកណ្ដាលនៅឡើយ តែនេះគឺជាជំហានដ៏ធំមួយសម្រាប់ប្រទេសកម្ពុជាក្នុងការវិវត្តទៅមុខទៀត។ ដូចនេះ ក្នុងនាមជាប្រជាជនកម្ពុជា, យើងគួរចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីឈានទៅដល់ការបង្កើតរូបិយប័ណ្ណឌីជីថល។
ស្គាល់រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលអត់?