ធ្លាប់លឺគេនិយាយច្រើនណាស់អំពីសេរីភាពហិរញ្ញវត្ថុ ដែលជាដំណាក់កាលមួយដែលយើងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភគ្រប់គ្រាន់ក្នុងការរស់នៅសុខស្រួលរហូតដោយមិនចាំបាច់ធ្វើការ រកស៊ីអ្វីទេដោយសារតែមានប្រាក់ចំណូលអកម្មគ្រប់គ្រាន់។ ធ្វើម៉េចទើបអាចបានសេរីភាពហិរញ្ញវត្ថុទៅ?
អញ្ចឹងថ្ងៃនេះ នឹងចែករំលែកផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុដែលយើងអាចដើរតាមទាំងអស់គ្នា។
១. កំណត់គោលដៅ៖ យើងត្រូវកំណត់ថាតើត្រូវមានទ្រព្យសរុបប៉ុន្មានទើបអាចមានសេរីភាពហិរញ្ញវត្ថុបាន។ ហើយចង់ទទួលបានសេរីភាពហិរញ្ញវត្ថុពេលណា។ ចំឡើយគឺអាស្រ័យលើថាការចំណាយប្រចាំខែរបស់យើង និងទ្រព្យសម្បត្តិដែលយើងមានបច្ចុប្បន្ន។ ប្រសិនជាអ្នកចំណាយ $1,000 ក្នុង 1ខែ ឬ $12,000 ក្នុងមួយឆ្នាំ មានន័យថា អ្នកត្រូវមានទ្រព្យដាក់វិនិយោគ $240,000 បានផលចំណេញ5% ក្នុងមួយឆ្នាំ។ បន្ទាប់មកត្រូវកំណត់គោលដៅថាត្រូវរកលុយបានប៉ុន្មានក្នុងឆ្នាំនីមួយៗដើម្បីទៅដល់គោលដៅនោះ។
២. ធ្វើបញ្ជីចំណូលចំណាយ៖ ការមានបញ្ជីចំណូលចំណាយប្រចាំថ្ងៃ ពិតជាសំខាន់ណាស់ ដើម្បីដើរទៅរកគោលដៅហិរញ្ញវត្ថុណាមួយ។ បើយើងមិនទាន់ដឹងថារាល់ថ្ងៃលុយចូលប៉ុន្មាន ចេញប៉ុន្មាន ធ្វើម៉េចយើងដឹងថាយើងចាប់ផ្ដើមពីចំណុចណាទៅ ហើយនៅឆ្ងាយពីគោលដៅប៉ុន្មាន។ កុំថាគ្មានពេលកត់ឬពិបាកទៀតទៅ។ ទាញយក កម្មវិធីទូរស័ព្ទដៃមក ហើយលុយចេញឬលុយចូលភ្លាម កត់ភ្លាម។
៣. សងបំណុលឱ្យអស់៖ ការសងបំណុលនេះគឺចង់សំដៅលើបំណុលដែលមានអត្រាការប្រាក់ខ្ពស់ ដូចជាបង់រំលោះឡាន ទូរស័ព្ទជាដើម។
៤. ចាយតិចជាងលទ្ធភាព៖ គ្នាយើងភាគច្រើនពេលបានចំណូលច្រើនជាងមុន ចំណាយក៏ចេះតែឡើងដូចគ្នា។ បើឡើងរហូតអញ្ចឹង ទោះបីមានចំណូលច្រើនក៏មិនសូវសល់លុយប៉ុន្មានដែរ។ មិនមែនថាមិនឱ្យហ៊ឺហានោះទេ ប៉ុន្តែត្រូវមើលថាចំនាយនោះផ្ដល់តម្លៃដ៏សាកសមមួយដល់អ្នកឬអត់។
៥. វិនិយោគ៖ ការវិនិយោគគឺជាចំណុចសំខាន់ណាស់ក្នុងការ ទទួលបានសេរីភាពហិរញ្ញវត្ថុព្រោះថា ការពឹងផ្អែកលើប្រាក់ចំណូលពីការងារ ឬអាជីវកម្មតែមួយប្រភព មិនគ្រប់គ្រាន់ទេ។ ការវិនិយោគ គឺធ្វើឱ្យយើងអាចយកលុយយើង ទៅធ្វើការបង្កើតលុយបន្ថែម។
៦. បន្តរៀនបន្ថែម៖ មិនថាយើងរកបាន $500 ក្នុងមួយខែ ឬ $5,000 ក្នុងមួយខែ យើងត្រូវឃ្មាតឃ្មីរៀនបន្ថែមរហូតតាមរយៈការអានសៀវភៅ ព័ត៌មាន ឯកសារស្រាវជ្រាវ ថ្នាក់ Masterclass ជាដើម។ អ្នកមាន និងជោគជ័យទាំងអស់សុទ្ធតែបន្តអភិវឌ្ឍខ្លួនគេរហូតមិនឈប់ឡើយ។
ផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុ