ទិញខុនដូទទួលបាន GRR ៨% រយៈពេល ៣ឆ្នាំ!ធ្លាប់លឺការផ្សាយលក់ខុនដូបែបនេះទេ?
តើអ្នកទាំងអស់គ្នាយល់ថា GRR នេះជាអ្វីទេ? ហើយក្នុងការទិញខុនដូដែលមានការផ្ដល់ជូន GRRនេះ តើយើងគួរយក GRR នេះឬអត់?
GRR គឺជាពាក្យកាត់នៃ Guaranteed Rental Return ដែលមានន័យថា ការធានាជួលត្រឡប់មកវិញ។ ការទិញខុនដូដែលមាន GRR រយៈពេលប៉ុន្មានឆ្នាំដំបូងមានន័យថា ម្ចាស់គម្រោងធានាជួលខុនដូនោះពីអ្នកទិញមកវិញក្នុងតម្លៃជួលដែលបានកំណត់មួយ។
ឧទាហរណ៍៖ ខុនដូមួយតម្លៃ ១០០,០០០ ដុល្លារ ហើយអ្នកទិញនឹងទទួលបាន GRR ៨% ក្នុងរយៈពេល ៣ឆ្នាំដំបូង។ នោះអ្នកទិញនឹងទទួលបានប្រាក់ឈ្នួលពីម្ចាស់គម្រោងក្នុងតម្លៃ ៨% x ១០០,០០០ ដុល្លារ ឬ ៨,០០០ ដុល្លារក្នុង១ឆ្នាំៗ រយៈពេល ៣ឆ្នាំ។
GRR គឺជាយុទ្ធសាស្រ្តលក់ខុនដូរបស់អ្នកអភិវឌ្ឍខុនដួជាច្រើន ហើយត្រូវបានចាប់ផ្ដើមអនុវត្តនៅប្រទេសសឹង្ហបុរី និងម៉ាឡេស៊ីក្នុងកំឡុងឆ្នាំ២០១៥មក។ គោលដៅរបស់ GRR នេះគឺដើម្បីធានានូវប្រាក់ចំណូលក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងដល់អ្នកវិនិយោគទិញខុនដូ។ សូមបញ្ជាក់ថា អ្នកទិញមានសិទ្ធិជ្រើសយកការផ្ដល់ជូន GRRនេះឬក៏អត់បាន ហើយតម្លៃខុនដូដែលភ្ជាប់ជាមួយ GRR តែងមានតម្លៃខ្ពស់ជាងតម្លៃខុនដូក្នុងករណីមិនយក GRR។
ចំពោះអ្នករកទិញខុនដូវិញ តើអ្នកគួរជ្រើសយក GRRនេះឬទេ បើបានលុយឈ្នួលមកវិញ free free អញ្ចឹង?
តាមពិតទៅមិនមែនការយក GRR គឺចំណេញទាំងអស់នោះទេ ហើយក៏មិនមានចម្លើយមួយដែលសមស្របគ្រប់ករណីនោះទេ។ ដើម្បីឆ្លើយសំណួរនេះបាន អ្នកត្រូវវិភាគលើចំណុចខាងក្រោមដូចជា៖
១. សំខាន់បំផុតត្រូវដឹងថាការធានាផ្ដល់ជូនការជួលត្រឡប់មកវិញនេះពិតប្រាកដឬទេ? តើមានក្រដាសស្នាមត្រឹមត្រូវទេ? តើអ្នកគិតថាម្ចាស់គម្រោងនឹងមានលទ្ធភាពបង់ GRR តាមការសន្យាឬទេ? ចុះក្នុងករណី ម្ចាស់គម្រោងមិនអាចបង់ជូនបាន ឬមានការយឺតយ៉ាវក្នុងការបង់ តើនឹងមានល័ក្ខខ័ណ្ឌយ៉ាងណាដែរ?
២. តើអ្នកទិញខុនដូមានគម្រោងចូលរស់នៅភ្លាមៗ ឬនឹងដាក់ជួលយកចំណូលក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងសិន? បើអ្នកមានគម្រោងចូលនៅផ្ទាល់ខ្លួន អ្នកមិនគួរយក GRRទេព្រោះការ យក GRR ម្ចាស់គម្រោងត្រូវជួលខុនដូនោះពីអ្នកទាំងអស់គ្នា ហើយដាក់ជួលត។
៣. ប្រសិនជាអ្នកទាំងអស់គ្នាមានគម្រោងទិញខុនដូនោះសម្រាប់ទុកជួល តើអ្នកទាំងអស់គ្នាព្យាករណ៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងដូចគ្នា អ្នកទាំងអស់គ្នាអាចដាក់ជួលខ្លួនឯងបានចំណូលតិចឬច្រើនជាងកម្រិត GRR ដែលផ្ដល់ជូន។ បើប្រាកដថាបានចំណូលច្រើនជាង មិនគួរយក GRRទេ។ តែបើគិតថាតិចជាង ត្រូវវិភាគចំណុចទី៤ បន្ត។
៤. ប្រសិនជាអ្នកទាំងអស់គ្នាជ្រើសយក GRR ព្រោះថាGRR មានកម្រិតខ្ពស់ជាងកម្រិតចំណូលដែលអ្នកទាំងអស់គ្នានឹងទទួលបាន បើទិញដាក់ជួលខ្លួនឯង អ្នកទាំងអស់គ្នាត្រូវមកមើលតម្លៃខុនដូសរុបវិញម្ដង។ តើតម្លៃខុនដូសរុប ខ្ពស់ជាងតម្លៃខុនដូដែលមិនមាន GRR ប៉ុន្មានភាគរយ? បើគិតតាមទីផ្សារបច្ចុប្បន្ន ជាទូទៅបើតម្លៃខុសគ្នាលើសពី ១០% ទៅ ១៥% អត់យក GRR ហើយទុកជួលខ្លួនឯងមានឱកាសចំណេញច្រើនជាង។ ចន្លោះពី ១០% ទៅ ១៥% អាចប្រែប្រួលខ្លាំងទៅតាម រយៈពេល និង កម្រិតនៃ GRR ផ្ដល់ជូន គម្រោងក្នុងការលក់ខុនដូចេញទៅវិញ និងការប្រែប្រួលនៃនិន្នាការទីផ្សារផងដែរ។