fbpx

“You are not lost. You are just early in the process” – Gary Vaynerchuck

១. គ្មាននរណាម្នាក់ដឹងឱ្យពិតប្រាកដពីផ្លូវដើររបស់ខ្លួនទេ

សង្គមបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើមនុស្សវ័យខ្ទង់ ២០ ឆ្នាំ និង ៣០ ឆ្នាំស្តើង ដោយរំពឹងឱ្យពួកគេដឹងច្បាស់ពីផ្លូវជីវិតដែលពួកគេចង់ដើរ។ ប៉ុន្តែតាមការពិត នៅវ័យនេះ គឺគ្មាននរណាម្នាក់ដឹងច្បាស់ថាតើខ្លួនចង់បានអ្វីឱ្យពិតប្រាកដនៅឡើយទេ ព្រោះពួកយើងនៅមិនទាន់មានបទពិសោធន៍ក្នុងជីវិតគ្រប់គ្រាន់នៅឡើយ។

សូម្បីតែមិត្តភក្តិដែលអ្នកឃើញគិតថាមានភាពជោគជ័យក្នុងជីវិត និងការងារ ក៏នៅតែមានមន្ទិលសង្ស័យទៅលើជម្រើសរបស់ពួកគេដែរ។

វ័យខ្ទង់ ២០ នេះ គឺជាពេលដែលពួកយើងត្រូវព្យាយាមឆ្លងកាត់បទពិសោធន៏ឱ្យបានច្រើន សាកល្បងការងារផ្សេងៗ ដើម្បីរកនូវអ្វីដែលយើងចូលចិត្តពិតប្រាកដ។ គ្មានជម្រើសអ្វីដែលជាជម្រើសខុសនោះទេ ដរាបណាយើងអាចទទួលបាននូវមេរៀនពីបទពិសោធន៍មួយនោះ។ វ័យខ្ទង់ ២០ នេះ គឺជាពេលវេលាសាកសមឱ្យយើងជ្រើសជម្រើសដែលមានហានិភ័យខ្ពស់ បើទោះជាយើងចង់ធ្វើកសាងអាជីព, ចង់រៀនជំនាញថ្មី ឬធ្វើដំណើរផ្សងព្រេងលើពិភពលោក។

The opportunity cost is low compared to when you get older.

មានមនុស្សវ័យខ្ទង់ ២០ ជាច្រើន ដោយហេតុតែចង់ផ្គាប់ចិត្ត និងរស់នៅតាមការរំពឹងទុករបស់ក្រុមគ្រួសារ និងសង្គម ចង់បានរបស់របរប្រើប្រាស់ហ៊ឺហារ សុខចិត្តជ្រើសរើសជម្រើសដែលមានសុវត្ថិភាព និងការងារដែលមានលំនឹង ដោយលះបង់នូវគោលដៅផ្ទាល់ខ្លួន។

ពួកគេរស់នៅជីវិតដែលអ្នកដទៃចង់ឱ្យគេរស់នៅ ដើម្បីចុះចំណោមក្នុងសង្គម ប៉ុន្តែមិនមែនជីវិតមួយដែលខ្លួនចង់បាន។ ទម្រាំពួកគេទ្រាំទ្រលែងបាន គឺដល់ពេលមួយដែលតម្រូវឱ្យមានការលះបង់ធំជាងពេលដែលខ្លួននៅក្មេង។

សួរខ្លួនឯងថា តើអ្នកនឹងស្តាយក្រោយទេប្រសិនបើអ្នកមិនសាកល្បងដើរទៅតាមគោលដៅរបស់អ្នកមួយនោះ? បើចម្លើយគឺមែន តើមានអ្វីរារាំងអ្នកមិនឱ្យធ្វើវា?

២. បើកបេះដូង ធ្វើការសន្ទនាចេញពីចិត្ត ជាមួយមនុស្សដែលអ្នកស្រលាញ់ បើទោះបីជាវាប្រធានបទដែលពិបាកនិយាយក៏ដោយ

កុំខ្លាចក្នុងការនិយាយពីពាក្យពិតជាមួយឪពុកម្តាយ, ដៃគូ ឬ មិត្តភក្តិជិតស្និទ្ធរបស់អ្នក។ ចូរប្រាប់ពួកគេពីអារម្មណ៍ពិតប្រាកដរបស់អ្នកចំពោះអ្វីគ្រប់យ៉ាង។ តើអ្នកចង់ធ្វើអ្វី? នៅទៅណា? អ្នកមានអារម្មណ៍ដូចម្តេចនឹងការរំពឹងទុករបស់ពួកគេមកលើអ្នក? អ្វីដែលជាការមន្ទិលសង្ស័យ និងចំណុចខ្វះខាតរបស់អ្នក?

សន្ទនានេះនឹងអាចផ្លាស់ប្តូរជីវិតរបស់អ្នក។ ទោះបីជាពួកគេអាចខឹង ឬមានប្រតិកម្មមិនល្អនៅពេលភ្លាមៗ ប៉ុន្តែពួកគេនឹងគោរពនូវការសម្រេចចិត្តរបស់អ្នក ជាពិសេសនៅពេលពួកគេឃើញថាអ្នកក្លាយជាមានភាពសប្បាយរីករាយជាងពីមុនជាមួយនឹងជម្រើសនេះ។

ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនមានការសន្ទនាដ៏លំបាកនេះជាមួយពួកគេនៅពេលឥឡូវនេះទេ អ្នកអាចនឹងមានគំនួចចិត្តមួយជាមួយពួកគេនៅពេលអនាគត ពីព្រោះអ្នករស់នៅក្នុងជីវិតដែលពួកគេចង់បានសម្រាប់អ្នក ប៉ុន្តែមិនមែនជីវិតដែលខ្លួនឯងចង់បាន។

៣. គ្រាន់តែគិតគឺមិនគ្រប់គ្រាន់ទេ បើអ្នកមិនមានសកម្មភាពចាប់ផ្តើម

មានពេលវេលាជាច្រើនក្នុងជីវិត ដែលយើងមានគំនិតចង់ធ្វើអ្វីមួយ ប៉ុន្តែប្រាប់ខ្លួនឯងថា អ្វីៗនឹងមិនសម្រេចតាមការគិតបានទេ ពីព្រោះយើងមិនមានជំនាញ ឬបទពិសោធន៍គ្រប់គ្រាន់។ ប៉ុន្តែនៅពេលដែលយើងយកឈ្នះចិត្តរបស់ខ្លួនឯង ហើយសម្រេចចិត្តចាប់ផ្តើមអនុវត្តនៅគំនិតនោះ វាបានផ្តល់នូវលទ្ធផលដែលសូម្បីតែយើងក៏មានការភ្ញាក់ផ្អើលជាមួយនឹងខ្លួនឯងដែរ។

ជារឿយៗ យើងចូលចិត្តជជែកវែកញែក ហើយរារាំងខ្លួនឯងពីការចាប់ផ្តើម ឬសាកល្បងអ្វីដែលថ្មី ព្រោះវាមានភាពស្រពិចស្រពិល និងហានិភ័យខ្ពស់។ ការគិតបែបនេះបានធ្វើឱ្យយើងស្ថិតនៅតែមួយកន្លែង និងមិនអាចសាកល្បងនូវសមត្ថភាពរបស់ខ្លួន។

ទោះជាគំនិតមួយល្អប៉ុណ្ណាក៏ដោយ វានឹងមិនអាចចាប់កំណើត និងលេចរូបរាងបានទេ ប្រសិនបើយើងនៅតែបន្តគិត តែមិនធ្វើសកម្មភាពចាប់ផ្តើម។

បុគ្គលដែលហ៊ានសាកល្បង ហើយជួបនឹងភាពបរាជ័យ គឺរឹងមាំជាងបុគ្គលដែលគ្រាន់តែហ៊ានគិតតែមិនហ៊ានធ្វើ។

នេះជាសារដែល LuyBook ចង់ចែករំលែកដល់អ្នកដែលស្ថិតក្នុងវ័យខ្ទង់ ២០។ Let’s continue finding ourselves in 2021!


វ័យខ្ទង់ ២០, សារសម្រាប់អ្នកមានភាពស្រពិចស្រពិលក្នុងជីវិត

Leave a Reply

Scroll to top
%d bloggers like this: