fbpx

ប្រភេទគណនីប្រាក់បញ្ញើ

អ្នកណាខ្លះចង់សន្សំលុយជាមួយធនាគារ ប៉ុន្តែមិនដឹងថាគួរជ្រើសរើសប្រភេទគណនីសន្សំប្រភេទណា? ថ្ងៃនេះ យើងនឹងធ្វើការស្វែងយល់អំពីប្រភេទគណនីប្រាក់បញ្ញើសន្សំចំនួន ៤ ជាមួយគ្នា៖

១. គណនីសន្សំ (Savings Account)

គណនីសន្សំ ត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់ការដាក់ប្រាក់បញ្ញើសន្សំរបស់បុគ្គលទូទៅ ឬបុគ្គល ដែលជាបុគ្គលិក កម្មករ ដែលទទួលបានប្រាក់បៀវត្ដន៍ប្រចាំខែ។ វាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់គ្រប់គ្រងសាច់ប្រាក់ជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន ដោយមានការកំណត់ពីទំហំនៃការដកប្រាក់ប្រចាំថ្ងៃ រួមទាំងទទួលបានអត្រាការទៅតាមការកំណត់របស់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ។

២. គណនីបញ្ញើចរន្ដ (Current Deposit Account)

សម្រាប់គណនីចរន្ដវិញ គឺត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកជំនួញធំៗ ក្រុមហ៊ុន ស្ថាប័ននានា ដែលមានការផ្ទើសាច់ប្រាក់ច្រើនដង និងទំហំច្រើន គ្រប់ពេលវេលា ដែលវាខុសពីគណនីបញ្ញើធម្មតាដែលកម្រិតទៅលើទំហំប្រតិបត្ដិការដកប្រាក់។ វាក៏អាចឲ្យក្រុមហ៊ុន ឬអ្នកជំនួញដែលមានការព្រមព្រៀងពីធនាគារ អាចដកប្រាក់ ឬទូទាត់ប្រាក់លើសពីសមតុល្យសាច់ប្រាក់ដែលក្រុមហ៊ុន​ ឬបុគ្គល នោះមានជាក់ស្ដែងក្នុងគណនីរបស់ពួកគេផងដែរ ដែលត្រូវបានគេហៅថា Overdraft facility។ 

៣. គណនីបញ្ញើមានកាលកំណត់ (Fixed Deposit Account)

សម្រាប់អ្នកដែលចង់សន្សំប្រាក់នៅក្នុងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដោយទទួលបានអត្រាការប្រាក់ខ្ពស់ និងសន្សំរយៈពេលវែង អ្នកគួរតែជ្រើសរើសការសន្សំដែលមានកាលកំណត់។ Fixed Deposit Account គឺតម្រូវឲ្យអ្នកដាក់ប្រាក់នៅចំនួនមួយជាក់លាក់នៅដើមគ្រា និងមានពេលវេលាដកយកវិញជាក់លាក់ផងដែរ។ ដូច្នេះអ្នកត្រូវប្រាកដថា អ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃហើយ ព្រោះការសន្សំមានកាលកំណត់ គឺមិនអនុញ្ញាតឲ្យអ្នក ធ្វើការដកប្រាក់ជាប្រចាំបានទេ ពោលគឺត្រូវរកចាំរហូតដល់ថ្ងៃដែលបានកំណត់ដក។ អ្នកអាចមានសិទ្ធិធ្វើការស្នើសុំបញ្ចប់គម្រោងសន្សំនេះ មុនការកំណត់បាន ប៉ុន្ដែអ្នកនឹងទទួលបាន ការប្រាក់ទាបជាងអ្វីដែលបានកំណត់ពីមុនមក។

៤. គណនីសន្សំថេរ (Installment Deposit)

សម្រាប់គណនីសន្សំថេរនេះវិញ គឺតម្រូវឲ្យអ្នកព្រមព្រៀងធ្វើការដាក់ប្រាក់នៅចំនួនជាក់លាក់ជាប្រចាំខែ ឬ ប្រចាំថ្ងៃ ទៅតាមពេលវេលាដែលអ្នកចង់បាន ហើយការគណនាអត្រាការប្រាក់ទៅតាមទំហំប្រាក់បញ្ញើរបស់អ្នក រហូតដល់ថ្ងៃកំណត់ដកប្រាក់វិញ។ 

ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្ដល់ការប្រាក់បញ្ញើសន្សំខ្ពស់ជាងគេមួយចំនួននៅកម្ពុជាមានដូចជា៖

-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ផ្ដល់ការប្រាក់បញ្ញើសន្សំប្រមាណ១.៥០% និងបញ្ញើសន្សំមានកាលកំណត់ដែលមានរយៈពេលចាប់ពី១ខែដល់៦០ខែ ផ្ដល់ការប្រាក់ចាប់ពី៣.៥០% ទៅ៧.២៥%។ 

-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ផ្ដល់ការប្រាក់បញ្ញើសន្សំប្រមាណ៣% និងបញ្ញើសន្សំមានកាលកំណត់ដែលមានរយៈពេលចាប់ពី១ខែដល់៣៦ខែ ផ្ដល់ការប្រាក់ចាប់ពី៣.២៥% ទៅ៧%។ 

-ធនាគារស្ថាបនាផ្ដល់ការប្រាក់បញ្ញើសន្សំ០.៧៥%សម្រាប់បញ្ញើជាប្រាក់រៀល និង០.២៥% សម្រាប់បញ្ញើជាប្រាក់ដុល្លារ។ សម្រាប់អត្រាការប្រាក់គណនីសន្សំមានកាលកំណត់វិញ គឺមានរយៈពេល៣ខែ ដល់៦០ខែ ដែលផ្ដល់អត្រាការប្រាក់ចាប់ពី២.៧៥% ដល់៧.៥០% សម្រាប់ប្រាក់រៀល និងចាប់ពី២.០០% ដល់៦.២៥% សម្រាប់ប្រាក់ដុល្លារ។

-សម្រាប់ធនាគារ អេស៊ីលីដា វិញ ផ្ដល់ការប្រាក់បញ្ញើសន្សំចាប់ពី០.៤៥% ដល់០.៥% សម្រាប់បញ្ញើជាប្រាក់រៀល និងចាប់ពី០.២០% ដល់០.២៥% សម្រាប់បញ្ញើជាប្រាក់ដុល្លារ។ សម្រាប់អត្រាការប្រាក់គណនីសន្សំមានកាលកំណត់វិញ គឺមានរយៈពេល១ខែ ដល់២៤ខែ ដែលផ្ដល់អត្រាការប្រាក់ចាប់ពី១.២៥% ដល់៦.៥០% សម្រាប់ប្រាក់រៀល និងចាប់ពី១.០០% ដល់៤.៧៥% សម្រាប់ប្រាក់ដុល្លារ។

ប្រភេទគណនីប្រាក់បញ្ញើ

Leave a Reply

Scroll to top
%d bloggers like this: