តើរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលគឺជាអ្វី? រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (sovereign digital currency) គឺដូចជារូបិយប័ណ្ណ ឬក្រដាសលុយធម្មតាដែរ ប៉ុន្តែវាមានទម្រង់ឌីជីថលដែលបោះពុម្ពនិងគ្រប់គ្រងដោយធនាគារកណ្តាលរបស់ប្រទេសនីមួយៗ។ កុំច្រឡំឱ្យសោះថា រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល ដូចនឹងរូបិយប័ណ្ណ Crypto ព្រោះជាប្រភេទរូបិយប័ណ្ណឌីជីថលប្រើប្រាស់់បច្ចេកវិទ្យា Blockchain ហើយប្រតិបត្តិការទិញលក់រូបិយប័ណ្ណ Crypto នេះ មិនស្ថិតនៅក្រោមធនាគារកណ្ដាលឡើយ។ ខុសពីរូបិយប័ណ្ណ Crypto, រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាលគឺមានប្រព័ន្ធគ្រប់គ្រងកណ្ដាលមួយ ហើយមិនមានភាពអនាមិក (anonymity) ក្នុងការប្រើប្រាស់រូបិយប័ណ្ឌឌីជីថលឡើយ និយាយឱ្យស្រួលយល់ទៅគឺដូចយើងចាយលុយជាក្រដាសប្រាក់ចឹងដែរ ហើយវាមានស្ថិរភាពតម្លៃដូចនឹងរូបិយប័ណ្ណជាក្រដាសប្រាក់ដូចគ្នា។ ធនាគារកណ្ដាលរបស់ប្រទេសជាច្រើនបានឃើញពីអត្ថប្រយោជន៍នៃរូបិយប័ណ្ណឌីជីថល ដើម្បីឱ្យប្រទេសខ្លួនក្លាយជាប្រទេសដែលមិនចាយលុយក្រដាស (cashless society) និងមានភាពងាយស្រួលក្នុងការគ្រប់គ្រងរូបិយប័ណ្ណ ក៏ដូចជាផ្ដល់អាទិភាពដល់ធនាគារកណ្ដាលក្នុងការដាក់ចេញវិធានការរូបិយវត្ថុនានាឱ្យកាន់តែមានប្រសិទ្ធភាព។ តើធនាគារកណ្ដាលនានានៅលើពិភពលោក បានបង្កើតរូបិយប័ណ្ណឌីជីថលនេះដល់ណាខ្លះហើយ? ប្រទេសនៅក្នុង G20 សុទ្ធតែកំពុងសិក្សាលទ្ធភាព និងអភិវឌ្ឍរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលពួកគេ។ ក្រៅពីនេះ មានប្រទេសមួយចំនួន ដូចជា ប្រទេសស៊ុយអែត, ន័រវែស, ស្វីស, និងជាពិសេសប្រទេសកម្ពុជាយើងផ្ទាល់ បាននិងកំពុងរៀបចំអភិវឌ្ឍរូបិយប័ណ្ណឌីជីថលនេះ។ សម្រាប់ប្រទេសកម្ពុជាយើង, ធនាគារជាតិនៃកម្ពុជាបាននិងកំពុងអភិវឌ្ឍរូបិយប័ណ្ណឌីជីថល ចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ […]