ធ្លាប់គិតអត់ ថាខ្លួនយើងកាន់តែធំ ប៉ាម៉ាក់យើងកាន់តែចាស់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ាម៉ាក់បានខិតខំធ្វើការ រកស៊ីយ៉ាងនឿយហត់ដើម្បីចិញ្ចឹមកូនតាំងពីក្មេងរហូតដល់កូនធំៗ រៀនដល់ថ្នាក់ខ្ពស់ ឬចេញធ្វើការ រកស៊ី ឬមានគ្រួសារបាត់ទៅហើយ។
សួរថាតើ ប៉ាម៉ាក់ត្រូវរកលុយដល់អាយុប៉ុន្មាន? ក្នុងនាមជាកូន តើយើងអាចជួយអ្វីដល់គាត់ដើម្បីឲ្យគាត់ចូលនិវត្តន៍លឿន?
ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលមិត្តភក្តិលុយប៊ុកទាំងអស់គ្នាអាចយកទៅជួយប៉ាម៉ាក់ក្នុងការរៀបចំផែនការចូលនិវត្តន៍បាន៖
១. បើកចិត្តសន្ទនា៖ ពេលខ្លះគ្រួសារតែមួយមែន តែអាចទម្លាប់គ្រួសារខ្លះមិនសូវបានពិភាក្សាគ្នាអំពីបញ្ហាលុយកាក់ឡើយ។ ដូចនេះ គួរបើកចិត្តឲ្យទូលាយ ហៅបងប្អូនទាំងអស់មកជុំគ្នា ដើម្បីពិនិត្យមើលថាស្ថានភាពហិរញ្ញវត្ថុរបស់ប៉ាម៉ាក់យើងក្នុងកម្រិតណា ហើយត្រូវបង្ហាញថាកូនៗទាំងអស់ពិតជាបារម្ភ និងចង់ជួយគាត់ចូលនិវត្តន៍បានលឿន។ គ្រួសារតែមួយ មានតែផ្ទះយើងទេដឹងច្បាស់ពីស្ថានភាពផ្ទាល់ខ្លួន ដូចនេះគួរនិយាយដោយស្មោះត្រង់ និងកុំស្ដីបន្ទោសគ្នាឲ្យសោះ។
២. គិតលេខឲ្យអស់៖ ការពិនិត្យស្ថានភាពហិរញ្ញវត្ថុជាក់ស្ដែងនេះពិតជាសំខាន់ ដូចនេះត្រូវនិយាយគ្នា និងគិតលេខឲ្យអស់។ សួរសំណួរដូចខាងក្រោម៖
- រាល់ថ្ងៃ ប៉ាម៉ាក់រកចំណូលបានប៉ុន្មាន?
- ប៉ាម៉ាក់មានទ្រព្យសកម្មអ្វីខ្លះ?
- ប៉ាម៉ាក់មានប្រាក់សន្សំប៉ុន្មាន?
- ប៉ាម៉ាក់មានប្រាក់ចូលនិវត្តន៍ឬនៅ? (ភាគច្រើនបើជាមន្ត្រីរាជការតែងតែមានប្រាក់ចូលនិវត្តន៍)
- តើប៉ាម៉ាក់មានជាប់បំណុលឬអត់? ចំនួនប៉ុន្មាន?
បន្ទាប់មកអ្នកទាំងអស់គ្នាអាចពិនិត្យមើលលើចំណាយជាក់ស្ដែងប្រចាំខែដូចជា៖ ថ្លៃទឹកភ្លើង ម្ហូបអាហារ ថ្លៃធ្វើដំណើរ ថ្លៃកម្សាន្ត ថ្លៃថ្នាំពេទ្យ ជាដើម។
៣. រៀបចំផែនការចូលនិវត្តន៍៖ បន្ទាប់ពីយល់ពីស្ថានភាពហិរញ្ញវត្ថុហើយ ប៉ាម៉ាក់អ្នកទាំងអស់គ្នាប្រាកដជាមានស្ថានភាពខុសៗគ្នា។
- ប្រសិនបើគាត់អាចមានលទ្ធភាពចូលនិវត្តន៍បាន ជារឿងល្អបំផុត ប៉ុន្តែក៏អាស្រ័យថាគាត់ចង់ចូលនិវត្តន៍ឥឡូវឬក៏អត់ដែរ ព្រោះថាម៉ាក់ប៉ាខ្លះគាត់ក៏មិនចង់នៅតែផ្ទះដែរ អាចថាអផ្សុកឬមិនទម្លាប់ក៏ថាបាន។
- ប្រសិនបើគាត់មានប្រាក់សន្សំសមរម្យ តែមិនទាន់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចូលនិវត្តន៍តែម្ដង អាចធ្វើការចូលនិវត្តន៍ពាក់កណ្ដាលបាន។ ឧទាហរណ៍៖ ប្រសិនបើគាត់មានរបរ ២ កន្លែង អាចកាត់បន្ថយរបរមកត្រឹម ១វិញដែលអាចផ្ដល់ចំណូលគ្រប់គ្រាន់សម្រាប់ចំណាយ ហើយសល់លុយសន្សំសម្រាប់ចូលនិវត្តន៍។
- ប្រសិនបើគាត់មិនមានប្រាក់សន្សំ ឬមិនមានផែនការចូលនិវត្តន៍ទេ នេះហើយជាពេលដែលកូនៗត្រូវជួយពួកគាត់។
៤. ជួយប៉ាម៉ាក់ចូលនិវត្តន៍៖ វិធីដែលអាចជួយពួកគាត់មានដូចខាងក្រោម៖
- បើមានបំណុល ជួយពិនិត្យមើលឡើងវិញលើលក្ខខណ្ឌ ឬការប្រាក់នានា ជួនកាលពួកគាត់មិនសូវដឹងព័ត៌មានអំពីកម្ចីឲ្យបានទូលំទូលាយដូចក្មេងៗ ដែលអាចឆែកតាមអ៊ីនធឺណេត ឬអានអត្ថបទលុយប៊ុកបាន។
- កាត់បន្ថយចំណាយណាដែលមិនចាំបាច់ ចៀសវាងការចាយវាយខ្ជះខ្ជាយ។
- បើមានលទ្ធភាពរកចំណូលហើយ គួរជួយជាថវិកាជូនប៉ាម៉ាក់ក្នុងការសម្រាលបន្ទុកចំណាយពួកគាត់។
- គួរជួយពួកគាត់ទិញធានារ៉ាប់រងណាដែលសាកសម។
- គួរមានប្រាក់សន្សំសម្រាប់គ្រាអាសន្ន អាចថាពេលមានជម្ងឺត្រូវព្យាបាលដែលត្រូវចំណាយច្រើន ជាដើម។
- ឧស្សាហ៍និយាយជាមួយគាត់ពីបញ្ហាឆបោកផ្សេងៗ ព្រោះមានករណីឆបោកជាច្រើនលើផ្នែកហិរញ្ញវត្ថុ ហើយចាស់ៗអាចហ្នឹងឆាប់ក្លាយជាជនរងគ្រោះជាងក្មេងៗក៏ថាបាន។
- ចុងក្រោយ ជូនគាត់ដើរលេងផង កុំរកលុយបានដើរលេងតែខ្លួនឯង ឬជាមួយមិត្តភក្តិ ព្រោះពីក្មេងមកយើងចង់ទៅណា ពួកគាត់ជូនដើរលេងរហូត។
ខាងលើនេះ ជាវិធីសាស្ត្រមួយចំនួនដែលមិត្តភក្ដិលុយប៊ុកទាំងអស់គ្នា អាចយកទៅពិចារណា និងអនុវត្តបាន។ លុយប៊ុកសង្ឃឹមថាប៉ាម៉ាក់គ្រប់រូបនឹងអាចចូលនិវត្តន៍បាននៅពេលដែលពួកគាត់ចង់ កុំឲ្យហត់ហើយតែមិនអាចចូលនិវត្តន៍បាន នៅឡើយខំរកលុយព្រោះជាការចាំបាច់។