fbpx

បុគ្គលិកឆ្នើម តែមិនបានឡើងតំណែង?

ពេលខ្លះយើងខំធ្វើការបានល្អ ប្រធានក្រុមដាក់ការងារអ្វីមកក៏ធ្វើបាន បទពិសោធន៍ការងារក៏ច្រើនល្មម តែហេតុអីមិនបានឡើងតំណែង ឬឡើងតំណែងយឺតជាងបុគ្គលិកផ្សេង ដែលមើលទៅដូចជាពូកែដូចគ្នា?

ចាំលុយប៊ុកប្រាប់! ព្រោះថា គ្រាន់តែធ្វើការល្អមិនមែនមានន័យថាបានឡើងតំណែងទេ។ នៅមានកត្តាផ្សេងៗទៀតដែលក្រុមហ៊ុន និងគណៈគ្រប់គ្រងមើលពេលសម្រេចតម្លើងតំណែងបុគ្គលិកម្នាក់ៗ។

សមត្ថភាពដឹកនាំ៖

តំណែងខ្ពស់ជាងមុន ភាគច្រើនមានន័យថា អ្នកត្រូវដឹកនាំក្រុមការងារច្រើនជាងមុន។ ចឹងហើយដើម្បីសម្រេចថា អ្នកសាកសមនឹងទទួលយកតំណែងខ្ពស់ជាងមុនឬអត់ ក្រុមហ៊ុនតែងតែមើលថា តើអ្នកមានសមត្ថភាពដឹកនាំល្អ អាចដឹកនាំក្រុមនោះ ឲ្យទទួលបានគោលដៅរួមរបស់ក្រុមដែរឬអត់។

សមត្ថភាពទទួលខុសត្រូវ និងភាពចាស់ទុំ៖

តំណែងខ្ពស់ជាងមុន ក៏មានន័យថា អ្នកត្រូវមានបន្ទុកការងារច្រើនជាងមុន និងត្រូវទទួលខុសត្រូវចំពោះការងាររបស់ក្រុមទាំងមូលដែរ។ ចឹងហើយ អ្នកត្រូវបង្ហាញថា អ្នកមានភាពមុឹងម៉ាត់ក្នុងការងារ និងចេះទទួលខុសត្រូវលើការងារខ្លួនឯង និងការងារក្រុម មិនទម្លាក់កំហុសគ្នាទៅវិញទៅមកជាដើម។

មានគំនិតថ្មីៗ ពូកែដោះស្រាយបញ្ហា៖

តំណែងខ្ពស់ជាងមុន មានន័យថា អ្នកនឹងត្រូវប្រឈមនឹងបញ្ហាច្រើនជាងមុន រួមទាំងបញ្ហាក្រុមខ្លួនឯង និងបញ្ហាក្រុមហ៊ុនទាំងមូលដែលត្រូវចូលរួមដោះស្រាយដែរ។ ចឹងហើយ អ្នកត្រូវចេះសម្រេចចិត្តបានលឿន និងត្រឹមត្រូវបំផុត។ អ្នកត្រូវបង្ហាញថា អ្នកខ្វល់ខ្វាយ និងចូលរួមដោះស្រាយបញ្ហាផ្សេងៗក្នុងក្រុម ឬក្នុងក្រុមហ៊ុន។

កម្រិតសិក្សា៖

តំណែងខ្ពស់ជាងមុន មានន័យថា អ្នកត្រូវបង្រៀនក្រុមការងាររបស់អ្នក។ ចឹងហើយ អ្នកត្រូវរៀនសូត្របានខ្ពស់ ហើយនៅតែបន្តរៀនសូត្របន្ថែមទៀត។ ការរៀនសូត្រ មិនចាំបាច់តែនៅសាលារហូតទេ តែអាចជាការចូលរៀនវគ្គបណ្ដុះបណ្ដាលខ្លីៗ យកវិញ្ញាបនបត្របន្ថែម ដែលទាក់ទងនឹងការងាររបស់អ្នក។

ទំនាក់ទំនងជាមួយក្រុមការងារ៖

តំណែងខ្ពស់ជាងមុន មានន័យថា អ្នកត្រូវជាមនុស្សដែលគេចូលចិត្ត ធ្វើការចុះសម្រុងគ្នា និងចេះធ្វើការងារជាក្រុម ដើម្បីអាចដឹកនាំក្រុមឲ្យបានល្អ។ ចឹងហើយ អ្នកត្រូវមានទំនាក់ទំនងល្អ ជាមួយក្រុមការងារខ្លួនឯង ប្រធានក្រុម និងអ្នករួមការងារក្នុងក្រុមផ្សេងៗទៀត។

ឱកាសការងារ៖

ឡើងតំណែងបាន លុះត្រាតែនៅកន្លែងការងារ មានចន្លោះកន្លែងនោះដែរ។ ប្រសិនជា មើលទៅមិនមាន ឬកម្រមានឱកាស ក៏អាចពិបាកក្នុងការឡើងតំណែងដែរ ទោះបីជាអ្នកទាំងអស់គ្នាមានសមត្ថភាពយ៉ាងណាក៏ដោយ។

ប្រសិនជាអ្នកទាំងអស់គ្នា មានគ្រប់ចំណុចទាំងអស់នេះហើយ ហើយនៅកន្លែងការងារមានឱកាសសម្រាប់តំណែងថ្មីទៀត តែក្រុមហ៊ុននៅតែមិនតម្លើងតំណែងនោះទេ អ្នកទាំងអស់គ្នាអាចស្នើសុំសិនបាន ដោយលើកយកមូលហេតុ និងអំណះអំណាងដែលបញ្ជាក់ថាអ្នកមានសមត្ថភាពទទួលការងារថ្មីនេះ។ តែបើនៅតែមិនមានការយល់ស្របដោយគ្មានមូលហេតុច្បាស់លាស់ អ្នកទាំងអស់គ្នាគួរពិចារណាឡើងវិញថា ការងារបច្ចុប្បន្នមានគុណសម្បត្តិច្រើនជាងគុណវិបត្តិឬទេ ឬក៏គូរចាប់ផ្តើមរកឱកាសថ្មីល្អជាងនេះ។

បុគ្គលិកឆ្នើម តែមិនបានឡើងតំណែង?

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading