ហេតុអ្វី ធនាគារតម្លើងការប្រាក់?
ហេតុអ្វីសេដ្ឋកិច្ចកំពុងតែមិនសូវល្អហើយ សុខៗធនាគារតម្លើងការប្រាក់ទៀត?
១. អតិផរណាកើនឡើង
អតិផរណាកើនឡើង មានន័យថាតម្លៃទំនិញឡើងថ្លៃ ហើយលុយធ្លាក់ថ្លៃ។ នេះបណ្ដាលមកពី៖
- ថ្លៃផលិតទំនិញឡើងថ្លៃ ឬការផលិតមិនគ្រប់គ្រាន់តាមតម្រូវការ
- មានលុយច្រើនពេកក្នុងសេដ្ឋកិច្ច។
អតិផរណាជាទូទៅ គួរនៅចន្លោះ ២%-៣%/ឆ្នាំ។
ពេលអតិផរណាកើនឡើង ហេតុអ្វីការប្រាក់ធនាគារឡើងថ្លៃ?
២. អត្រាការប្រាក់បង្គោលឡើងថ្លៃ
ពេលអតិផរណាកើនឡើង ធនាគារកណ្ដាលត្រូវទប់ស្កាត់កុំឲ្យឡើងខ្លាំងពេក ដោយតម្លើងការប្រាក់បង្គោល ដើម្បីព្យាយាមតម្លើងតម្លៃលុយមកវិញ។
ការប្រាក់បង្គោលជាការប្រាក់ដែលធនាគារផ្សេងៗត្រូវបង់ដើម្បីខ្ចីលុយពីធនាគារកណ្ដាលយកមកធ្វើអាជីវកម្ម ឬដាក់ឲ្យអតិថិជនខ្ចីបន្ត។
បើការប្រាក់បង្គោលកើនហើយ ការប្រាក់ធនាគារផ្ដល់ឲ្យអតិថិជនក៏ឡើងដែរ។
៣. ហានិភ័យក្នុងការឲ្យកម្ចីកើនឡើង
ហានិភ័យនេះ គឺសំដៅទៅហានិភ័យដែលអ្នកខ្ចីមិនមានសមត្ថភាពសងលុយមកវិញ។ កម្រិតហានិភ័យនេះអាស្រ័យលើប្រភេទកម្ចី រយៈពេលកម្ចី ប្រវត្តិកម្ចីរបស់អ្នកខ្ចី និងទ្រព្យបញ្ចាំជាដើម។
នៅកម្ពុជា ទ្រព្យបញ្ចាំភាគច្រើនជាដី ឬផ្ទះ។ ប្រសិនជាវិស័យអចលនទ្រព្យធ្លាក់ចុះ ធនាគារអាចតម្លើងការប្រាក់ដើម្បីសមស្របនឹងកម្រិតហានិភ័យដែលកើនឡើងដែរ។
តើត្រូវតម្លើងដល់ពេលណា?
ជាទូទៅ ការប្រាក់នៅតែបន្តឡើងរហូតមានសញ្ញាថាអតិផរណាចាប់ផ្តើមធ្លាក់ចុះវិញ ឬមានសម្ពាធខ្លាំងពេកនៅក្នុងសេដ្ឋកិច្ច។
តាំងពីខែមិនា ២០២២ មកដល់ខែមិថុនា ២០២៣ ធនាគារកណ្ដាលអាមេរិចបានតម្លើងការប្រាក់បង្គោល ១០ដង ពី០.២៥% ទៅ ៥.២៥%។
យើងមិនទាន់ដឹងច្បាស់ទេថា ពេលណាការប្រាក់នឹងឈប់ឡើង តែ LuyBook គិតថា នឹងបន្តចូលឆ្នាំ ២០២៤។