fbpx

ប្រភេទចំណូលទាំង៨

រាល់ថ្ងៃ មានចំណូលប្រភេទណាខ្លះហើយ? ជាការពិត ដើម្បីអាចមានលទ្ធភាពបន្ថែមក្នុងការបង្កើតប្រាក់ចំណូលរបស់ខ្លួនឱ្យកាន់តែច្រើន អ្នកគួរតែឈ្វេងយល់ ពីប្រភេទចំណូលដែលយើងអាចបង្កើតបាន ឬរកបានជាមុនសិន។ ការដែលយើងអាចដឹងពីប្រភេទចំណូលដែលយើងអាចបង្កើតបាន នោះវានឹងជួយបង្កើតគំនិតថ្មីៗដល់យើង ក្នុងការបង្កើតចំណូលផ្សេងៗឱ្យអស់លទ្ធភាព។ ខាងក្រោមនេះជាប្រភេទចំណូលផ្សេងៗដែលអ្នកអាចស្វែងយល់បន្ថែម ក្រៅពីចំណូលដែលអ្នកកំពុងមាន៖

១. ចំណូលបានពីការធ្វើការងារ (Earned Income)

ចំណូលទី១ដែលយើងអាចរកបានគឺបានពីការធ្វើការងារប្រចាំថ្ងៃរបស់យើង ដែលមានន័យថាប្រសិនបើយើង បាត់បង់ការងារ នោះយើងក៏នឹងបាត់បង់ប្រាក់ចំណូលដែរ។ ការរស់នៅដោយពឹងផ្អែកតែលើចំណូលពី ការធ្វើការងារនេះ វាមិនមែនជាយុទ្ធសាស្ត្រយូរអង្វែងទេ ពោលគឺយើងអាចនឹងធ្វើការអស់មួយជីវិត និងអាចរកបានប្រាក់សម្រាប់តែមួយគ្រប់តែប៉ុណ្ណោះ។ ចុះប្រសិនបើយើងមានជំងឺឈឺថ្កាត់រយៈពេលវែង ឬមានបញ្ហាសេដ្ឋកិច្ចធ្វើឱ្យយើងបាត់បង់ការងារ នោះតើមានអ្វីកើតឡើងចំពោះជីវភាពយើង? ជាការពិត ចំណូលប្រភេទនេះ គឺវាចាំបាច់ និងចម្បងសម្រាប់យើង តែមិនគួរពឹងផ្នែកលើវាទាំងស្រុងទេ។ ជាជម្រើសល្អ អ្នកគួរតែ ធ្វើការសន្សំមួយរយៈពេលវែង ដើម្បីអាចមានទុនទៅចាប់ផ្ដើមបង្កើតប្រភពចំណូលមួយផ្សេងទៀតដើម្បីជួយ ទ្រទ្រង់ជីវភាពអ្នក និងក្រុមគ្រួសារអ្នក។

២. ចំណូលបានពីប្រាក់ចំណេញ (Profits Income)

ចំណូលបន្ទាប់ដែលយើងអាចរកបានគឺចំណូលពីការរកស៊ី ដូចជាលក់ផលិតផល ឬសេវាកម្ម ដែលផ្ដល់ប្រាក់ចំណេញ។ ដើម្បីបានចំណូលប្រភេទនេះ អ្នកត្រូវបង្កើតមុខរបរដោយខ្លួនឯង ឬជាមួយនឹងមិត្ដភក្ដិ ប៉ុន្ដែគួរដឹងថា វាអាចនឹងមានហានិភ័យខ្ពស់ជាងការធ្វើការ ពោលអាចរកស៊ីខាត ដូចនេះតម្រូវឱ្យអ្នកមានភាពច្បាស់លាស់ និងមានត្រៀមផែនការយុទ្ធសាស្ត្រឱ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយ។ និយាយទៅពិបាក ហើយហត់បន្តិច ប៉ុន្តែអាចទទួលបានប្រាក់ចំណេញមកវិញច្រើនដែរ។

៣. ចំណូលបានពីអត្រាការប្រាក់ (Interest Income)

ប្រសិនបើអ្នកមានគណនីសន្សំនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ ឬធនាគារ អ្នកប្រាកដជាស្គាល់ច្បាស់ពីប្រភេទ ចំណូលមួយនេះជាមិនខាន។ ចំណូលប្រភេទនេះ បានមកពីការផ្ដល់ការប្រាក់បន្ថែមលើប្រាក់ដើមរបស់អ្នក ដែលបានដាក់បញ្ញើនៅធនាគារណាមួយក្នុងរយៈពេលណាមួយ និងបានទៅតាមចំនួនប្រាក់បញ្ញើ និងប្រភេទគណនីរបស់អ្នក។ បើក្រៅផ្លូវការវិញ អ្នកក៏អាចធ្វើការផ្ដល់កម្ចីទៅឱ្យនរណាម្នាក់ដែលអ្នកស្គាល់ច្បាស់ ដើម្បីទទួលបានការប្រាក់ផងដែរ ប៉ុន្តែប្រយ័ត្នគេបោកដែរណា។

៤. ចំណូលបែប Royalty (Royalty Income)

ចំណូលប្រភេទនេះ គឺអ្នកនឹងទទួលបាននៅពេលដែលមាននរណាម្នាក់ទិញយកគំនិត ឬភាពច្នៃប្រឌិតរបស់អ្នក ឬការបង្កើតថ្មីរបស់អ្នកជាដើម។ ចំណូលប្រភេទនេះ ក៏រាប់បញ្ចូលទាំងការលក់សិទ្ធិអាជីវកម្ម សិទ្ធិក្នុងការបោះពុម្ពស្នាដៃដើម្បីលក់ ការបង្រៀនតាមអនឡាញ ឬការលក់គម្រោងអាជីវកម្មទៅឱ្យនរណា ម្នាក់ផងដែរ។

៥. ចំណូលបានពីភាគលាភ (Dividend Income)

ជាទូទៅ អ្នកអាចទទួលចំណូលប្រភេទនេះបាន លុះត្រាតែអ្នកបានទិញភាគហ៊ុន ឬមានភាគហ៊ុននៅក្នុង ទីផ្សារភាគហ៊ុន។ វាជាប្រភេទចំណូលមួយដែលបានពីការវិនិយោគផ្សារភាគហ៊ុនក្នុងរយៈពេលវែងមួយ ប៉ុន្ដែ វាអាចនឹងមានហានិភ័យខ្ពស់ផងដែរ។ ផ្ទុយទៅវិញ ហានិភ័យនេះនឹងមានតិចវិញ ប្រសិនបើយើងមានចំណេះដឹងស្ដីពីការវិនិយោគ ហិរញ្ញវត្ថុ និងអាចយល់បានច្រើនពីលក្ខខណ្ឌទីផ្សារដែលចង់វិនិយោគ។

៦. ចំណូលបានពីការដាក់ជួលអចលនទ្រព្យ (Rental Income)

អ្នកអាចបង្កើតចំណូលប្រភេទនេះ តាមរយៈការដាក់ជួលអចលនទ្រព្យ (ដី, អាគារ, ការិយាល័យ, ផ្ទះ…) ដែលអាចផ្ដល់ប្រាក់ចំណូលជាប្រចាំដល់អ្នកជាប្រចាំខែ ឬឆ្នាំ។ ជាទូទៅ នៅក្នុងការវិនិយោគអចលនទ្រព្យ ដើម្បីអាចបង្កើតប្រាក់ចំណេញកាន់តែច្រើន អ្នកគួរស្វែងរកអចលនទ្រព្យណាដែលមានសក្ដានុពល និងមានតម្លៃក្រោមទីផ្សារ ឬលក់ក្នុងតម្លៃ Discounted ជាដើម ដើម្បីទិញទុក ដាក់ជួល ឬលក់នៅពេលដែលតម្លៃកើនឡើង ប៉ុន្តែទីតាំងពិតជាសំខាន់ ព្រោះទីតាំងល្អអាចជួលបានថ្លៃ។

៧. ចំណូលបានពីការកើនឡើងតម្លៃទ្រព្យ (Capital Gains Income)

នៅពេលដែលអចលនទ្រព្យដែលអ្នកបានទិញទុកមានការកើនតម្លៃ ឬអាជីវកម្មដែលអ្នកកំពុងកាន់កាប់ កំពុងកើនតម្លៃ នោះចំណូលរបស់អ្នកក៏អាចនឹងកើនឡើងបានដែរពីការកើនឡើងតម្លៃនេះ។ ប្រសិនបើអ្នកជា ម្ចាស់អចលនទ្រព្យ អ្នកអាចដាក់ជួលដើម្បីបង្កើតប្រាក់ចំណូលបន្ថែមដល់អ្នក ហើយក៏អាចរង់ចាំរហូតដល់តម្លៃអចលនទ្រព្យនោះកើនតម្លៃថ្លៃ នោះអ្នកក៏អាចចំណេញពីការកើនតម្លៃនេះបានផងដែរ ពោលគឺព្រួញមួយបាញ់បានចាបពីរ។

៨. ចំណូលបែប Residual (Residual Income)

លក្ខណៈនៃចំណូលប្រភេទនេះគឺអ្នកអាចទទួលចំណូលជាដរាប បន្ទាប់ពីអ្នកធ្វើការងារមួយហើយ។ ឧទាហរណ៍ ដូចជាការនិពន្ធសៀវភៅ។ អ្នកអាចចំណាយពេលត្រឹមតែ១ខែ ឬ១ឆ្នាំ ដើម្បីសរសេរសៀវភៅមួយក្បាល ក្រោយមកអ្នកអាចបោះពុម្ព និងលក់វា ដោយបង្កើតប្រាក់ចំណូលជាបន្ដបន្ទាប់ ដោយគ្មានកាលកំណត់ ពោលគឺដរាបណាអ្នកនៅតែបន្ដលក់ អ្នកនៅតែបន្ដបង្កើតប្រាក់ចំណូល។ ចំណូលប្រភេទនេះ ទាល់តែអ្នកមានចំណេះ និងជំនាញខាងផ្នែកនេះផ្ទាល់។

ប្រភេទចំណូលទាំង៨

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading