fbpx

ដុល្លារឡើងថ្លៃខ្លាំង ហេតុអ្វីលុយរៀលមិនសូវធ្លាក់ខ្លាំង?

ដុល្លារឡើងថ្លៃខ្លាំង ហេតុអ្វីលុយរៀលមិនសូវធ្លាក់ខ្លាំង?

ធនាគារជាតិនៃកម្ពុជាប្រកាន់អត្រាប្ដូរប្រាក់អណ្ដែតមែនអត់?

អ្នកទាំងអស់គ្នាប្រាកដជាបានចាប់អារម្មណ៍ដែរថា មួយរយៈនេះលុយដុល្លារអាមេរិកបានឡើងថ្លៃគួរឲ្យកត់សម្គាល់។ ការដែលឡើងថ្លៃនេះកើតឡើងទូទាំងពិភពលោក ព្រោះធនាគារកណ្ដាលអាមេរិកបន្តតម្លើងអត្រាការប្រាក់គោល ជាហេតុធ្វើឲ្យតម្រូវការប្រាក់ដុល្លារអាមេរិកកើនឡើងលើទីផ្សារអន្តរជាតិ។

សុំបើករង្វង់ក្រចកបន្តិចថា អត្រាប្ដូរប្រាក់រូបិយប័ណ្ណមួយជាមួយរូបិយប័ណ្ណប្រទេសមួយទៀតគឺអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់ (demand & supply) ជាពិសេសក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ និងទីផ្សារហិរញ្ញវត្ថុ។ ដូចនេះពេលដែលតម្រូវការរូបិយប័ណ្ណមួយកើនឡើង នោះធ្វើឲ្យតម្លៃលុយកើនឡើងធៀបនឹងរូបិយប័ណ្ណមួយទៀត។

សំណួរសំខាន់សួរថាតើ ធនាគារកណ្ដាលនៃប្រទេសនីមួយៗត្រូវធ្វើដូចម្ដេចដើម្បីគ្រប់គ្រងអត្រាប្ដូរប្រាក់ និងជាពិសេសគ្រប់គ្រងតម្លៃលុយរបស់ប្រទេសខ្លួន?

១. អត្រាប្ដូរប្រាក់ថេរ (fixed exchange rate)៖ ធនាគារកណ្ដាល កំណត់អត្រាប្ដូរប្រាក់ថេរមួយសម្រាប់រក្សាតម្លៃរបស់លុយប្រទេសខ្លួន ធៀបនឹងលុយប្រទេសផ្សេង (ដុល្លារអាមេរិក)។ ធនាគារកណ្ដាលអាចធ្វើបែបនេះបានដោយធ្វើការទិញលក់លុយប្រទេសខ្លួន ជាមួយនឹងលុយដុល្លារអាមេរិក ដើម្បីរក្សាកម្រិតតម្រូវការ និងការផ្គត់ផ្គង់ (demand & supply) នៅលើទីផ្សារអន្តរជាតិ។ អត្ថប្រយោជន៍នោះគឺ ដើម្បីរក្សាស្ថេរភាព សម្រាប់វិនិយោគិន និងអ្នកជំនួញ។ យ៉ាងណាមិញ ការធ្វើបែបនេះ មានន័យថាធនាគារកណ្ដាលអាចនឹងបាត់បង់លទ្ធភាពខ្លះៗក្នុងការដាក់ចេញវិធានការគោលនយោបាយរូបិយវត្ថុរបស់ខ្លួន (monetary policy)។ ឧទាហរណ៍៖ ហុងកុង អារ៉ាប់រួម។

២. អត្រាប្ដូរប្រាក់អណ្ដែត (floating exchange rate)៖ ផ្ទុយពីអត្រាប្ដូរប្រាក់ថេរ អត្រាប្ដូរប្រាក់អណ្ដែតមានន័យថាអត្រាប្ដូរប្រាក់របស់លុយប្រទេសមួយជាមួយប្រទេសផ្សេង ឡើងចុះតាមតម្រូវការ និងការផ្គត់ផ្គង់ (demand & supply) ជាក់ស្ដែង ហើយធនាគារកណ្ដាលមិនធ្វើអន្តរាគមន៍ទេ។ អត្ថប្រយោជន៍នោះគឺ ធនាគារកណ្ដាលអាចធ្វើការដាក់ចេញជាវិធានការគោលនយោបាយរូបិយវត្ថុរបស់ខ្លួនបានយ៉ាងទូលំទូលាយ ជាពិសេសពេលមានបញ្ហាពីកត្តាខាងក្រៅ (external shock)។ យ៉ាងណាមិញ វាធ្វើឲ្យមានភាពមិនប្រាកដប្រជា ព្រោះអត្រាប្ដូរប្រាក់អាចមានការឡើងចុះច្រើន ដែលអាចជាហានិភ័យលើអ្នកវិនិយោគ និងអ្នកជំនួញ។ ឧទាហរណ៍៖ ជប៉ុន កាណាដា អូស្ត្រាលី។

ហើយចុះ ធនាគារជាតិនៃកម្ពុជាយើងប្រកាន់អត្រាប្ដូរប្រាក់ថេរ ឬអណ្ដែត?

ចម្លើយគឺ មិនមែនទាំងពីរ។

៣. ធនាគារជាតិនៃកម្ពុជាយើងប្រកាន់អត្រាប្ដូរប្រាក់ អណ្ដែតមានការគ្រប់គ្រង (managed floating exchange rate)៖ ជាប្រភេទអត្រាប្ដូរប្រាក់ ដែលធនាគារកណ្ដាលធ្វើអន្តរាគមន៍លើទីផ្សារប្ដូរប្រាក់អន្តរជាតិដើម្បីរក្សារអត្រាប្ដូរប្រាក់ក្នុងចន្លោះកម្រិតមួយដែលអាចប្រែប្រួលបាន តែមិនថេរទេ។ ធនាគារកណ្ដាលទិញលក់រូបិយប័ណ្ណ កំណត់អត្រាការប្រាក់ ឬដាក់ចេញវិធានការផ្សេងៗដើម្បីរក្សាតម្លៃលុយរបស់ប្រទេសខ្លួនក្នុងកម្រិតអាចគ្រប់គ្រងបាន។ អត្ថប្រយោជន៍នោះគឺអាចផ្ដល់ភាពប្រាកដប្រជា និងស្ថេរភាព តែក៏អាចមាន flexibility នៅក្នុងសេដ្ឋកិច្ចផ្ទាល់។ ឧទាហរណ៍៖ ចិន សិង្ហបុរី ឥណ្ឌា។

ត្រឡប់មកស្ថានភាពបច្ចុប្បន្នវិញ លុយដុល្លារអាមរិកមានការឡើងថ្លៃខ្ពស់ដោយសារតម្រូវការ ចំណែកឯលុយរៀលវិញមានការធ្លាក់ចុះ ដោយសារកត្តាតម្រូវការ ពោលគឺជារដូវកាលបង្កបង្កើនផលនៅឡើយ ហើយវិស័យទេសចរណ៍វិញមិនមានភាពមមាញឹក (low season)។ ដូចនេះ ធនាគារជាតិនៃកម្ពុជា នឹងចាត់វិធានការចាំបាច់ ដើម្បីធ្វើអន្តរាគមន៍ ក្នុងការរក្សាអត្រាប្ដូរប្រាក់ក្នុងកម្រិតសមស្របមួយ ក្នុងន័យរក្សាស្ថិរភាពជូនប្រជាជនកម្ពុជា។

ដុល្លារឡើងថ្លៃខ្លាំង ហេតុអ្វីលុយរៀលមិនសូវធ្លាក់ខ្លាំង?

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading