LuyBook នឹងចែករំលែកពីវិធីសាស្ត្រល្អៗ និងបទពិសោធន៍ផ្ទាល់ខ្លួនមួយចំនួនក្នុងការស្វែងរកការងារសម្រាប់អ្នកដែលនឹងបញ្ចប់ការសិក្សាឆាប់ៗ។
ការស្វែងរកការងារឱ្យត្រូវតាមជំនាញ និងចំណង់ចំណូលចិត្តរបស់យើងម្នាក់ៗ គឺជាដំណើរការមួយដែលលំបាក។ ដូច្នេះវាជាការសំខាន់ណាស់ ដែលយើងរៀបចំនូវផែនការទុកមុនឱ្យបានត្រឹមត្រូវ និងធ្វើការស្រាវជ្រាវឱ្យបានច្រើន ដើម្បីត្រៀមខ្លួនសម្រាប់ការចូលទីផ្សារការងារ។ LuyBook មានគន្លឹះ ៤ ដើម្បីជួយឱ្យអ្នកធ្វើការចាប់ផ្តើមបាន៖
១. កំណត់ការរំពឹងទុក (setting expectations) សម្រាប់ការស្វែងរកការងាររបស់អ្នក
អ្នកអាចឃើញថាឱកាសចូលទៅក្នុងក្រុមហ៊ុន ឬទទួលតួនាទីដែលអ្នកពេញចិត្ត មានភាពស្តួចស្តើងជាងមុន ដោយសារស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន (ឧទាហរណ៍៖ វិស័យទេសចរណ៍, បដិសណ្ឋារកិច្ច, អចលនទ្រព្យ ឬ ពាណិជ្ជកម្មជាដើម) ។ អ្នកត្រូវចេះបត់បែនក្នុងករណីនេះ! ស្វែងរកឱកាសដែលខុសគ្នាបន្តិចបន្តួចពីគោលដៅរបស់អ្នក ហើយកុំរឹតត្បិតទស្សនៈអំពីរបៀបដែលអ្នកអាចប្រើប្រាស់ជំនាញនិងបទពិសោធន៍របស់អ្នកបាន។ ឧទាហរណ៍ថា អ្នកចង់ក្លាយជា financial analyst នៅក្រុមហ៊ុនវិនិយោគមួយ ប៉ុន្តែក្រុមហ៊ុននេះមិនរើស financial analyst ទេ តែគេត្រូវការ project assistant ទៅវិញ។ អ្នកអាចសាករកវិធីទាញយកជំនាញជា financial analyst មកប្រើប្រាស់ក្នុងតួនាទីជា project assistant ទៅមើល ហើយប្រហែលជាអ្នកអាចចាប់ផ្តើមធ្វើជា project assistant សិន រួចខំប្រឹង បង្ហាញសមត្ថភាពរបស់អ្នក និងលោតផ្លោះទៅកាន់តួនាទីជា financial analyst តាមក្រោយ។
ត្រូវចាំថាអ្នកនៅតែអាចស្វែងរកឱកាសដែលទាក់ទងនឹងជំនាញ និងចំណង់ចំណូលចិត្តរបស់ខ្លួន ឱ្យតែអ្នកបើកចិត្តឱ្យទូលាយ !
២. រៀបចំប្រវត្តិរូបសង្ខេប (CV) ឱ្យ professional
មុនពេលអ្នកចាប់ផ្តើមស្វែងរកការងារ អ្នកត្រូវប្រាកដថាអ្នកមាន CV និង Cover letter ដើម្បីផ្ញើទៅក្រុមហ៊ុន ឬ network របស់អ្នក ។ អ្នកគួរតែគិតឱ្យបានម៉ត់ចត់អំពីរបៀបពន្លេចនូវបទពិសោធន៍របស់អ្នក ដែលអាចមានដូចជា ការងារសាលា, ការងារស្ម័គ្រចិត្ត, និង internship ដែលសុទ្ធសឹងតែជាចំណុចចាប់ផ្តើមដ៏ល្អ ដើម្បីបង្ហាញពីសមត្ថភាពរបស់អ្នកក្នុងការអនុវត្តការងារជាក់ស្តែង។ អ្នកត្រូវព្យាយាមសរសេរយ៉ាងណាឱ្យខ្លួនអ្នកលេចធ្លោពីជាងអ្នកដទៃ ដែលចំណុចនេះគឺសំខាន់បំផុតនៅក្នុងទីផ្សារការងារដែលមានភាពប្រកួតប្រជែងខ្ពស់ដូចបច្ចុប្បន្ន។ ចាំថាត្រូវពិនិត្យមើល CV និង Cover letter របស់អ្នកឡើងវិញម្តងហើយម្តងទៀត ដើម្បីកុំឱ្យមានកំហុសឆ្គងពាក្យពេចន៍ ដែលអាចទាក់ទាញចំណាប់អារម្មណ៍មិនល្អពីនិយោជក។
៣. ចាប់ផ្តើមឱ្យបានលឿន៖
កំហុសមួយរបស់និស្សិតនៅពេលស្វែងរកការងារ គឺរង់ចាំរហូតដល់នាទីចុងក្រោយមុននឹងដាច់ចិត្តចាប់ផ្តើម។ ជារឿយៗពួកគេតែងស្តាយក្រោយថា ពួកគេនឹងមិនឈឺក្បាលបែបនេះទេ បើគេចាប់ផ្តើមបានលឿនបន្តិច។ យល់ល្អគួរចាប់ផ្តើមស្វែងរកឱកាស តាំងពី ១ឆ្នាំ ទៅ ៦ ខែមុនពេលបញ្ចប់ការសិក្សា។ ដំបូង អ្នកអាចស្វែងរក internship នៅចុងឆ្នាំទី ៣ ហើយប្រសិនបើអ្នកធ្វើបានល្អ និយោជិកនឹងរីករាយក្នុងការផ្តល់ការងារពេញសិទ្ធដល់អ្នកនៅពេលនោះតែម្តង ហើយបើមិនចឹងទេ អ្នកអាចប្រើឱកាសនេះដើម្បីសាកល្បងមើលថាអ្នកពិតជាពេញចិត្តនឹងការងារប្រភេទនេះទេ។
៤. ចេះកំណត់ និងបង្កើតឱកាសការងារឱ្យខ្លួនឯង៖
កំហុសមួយទៀតដែលនិស្សិតតែងតែធ្វើជារឿយៗ គឺពឹងផ្អែកទៅលើការស្វែងរកលើអ៊ីនធឺណិតតែមួយមុខ។ ក្រុមហ៊ុនជាច្រើនជ្រើសរើសបុគ្គលិកតាមរយៈ networking, referral ពីបុគ្គលិកក្នុងក្រុមហ៊ុន ឬការបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីជ្រើសរើសនិស្សិតឆ្នើម។ ព្យាយាមស្រាវជ្រាវលើក្រុមហ៊ុន ឬមុខតំណែងដែលអ្នកចាប់អារម្មណ៍ ហើយបន្ទាប់មកកំណត់វិធី ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនិយោជករបស់ក្រុមហ៊ុននោះ ដើម្បីទទួលបានការងារដែលអ្នកចង់បាន។