fbpx

តើអ្វីទៅជាអាជីវកម្មពីរ៉ាមីដ (Pyramid Scheme)?

អាជីវកម្មពីរ៉ាមីដ (Pyramid Scheme) គឺជាការគំរូអាជីវកម្មបោកប្រាស់មួយដែលជាទូទៅ សមាជិករបស់ក្រុមហ៊ុនអាចរកលុយបានដោយស្វែងរកមនុស្សមកបន្ថែមចូលជាតំណាងចែកចាយ ឬជាសមាជិកក្រុមហ៊ុន ហើយសមាជិកទាំងនេះតម្រូវឱ្យមានដើមទុនក្នុងការចំណាយលើថ្លៃចូលជាសមាជិក ឬស្ដុកទុកផលិតផល។ បន្ទាប់មក ពួកគេត្រូវបានលើកទឹកចិត្តដោយថ្នាក់លើ ឬ Team Leader (upline)ឱ្យកៀរគរមនុស្សដើម្បីមកធ្វើជាតំណាងចែកចាយ ឬជាសមាជិកបន្ត ដោយសន្យាថាពួកគេនឹងទទួលបានប្រាក់ខ្លះ (កម្រៃ ឬភាគរយ) ពេលដែលសមាជិកថ្មីចំណាយលុយ ខណៈដែលថ្នាក់លើក៏ទទួលបានភាគរយផងដែរ។ នេះមានន័យថា ភាគច្រើនអាជីវកម្មពីរ៉ាមីដពឹងផ្អែកលើប្រាក់ចំណេញពីថ្លៃដែលចូលជាសមាជិកថ្មី ជាជាងការលក់ដល់អតិថិជនចុងក្រោយ ហើយក្រុមហ៊ុនទាំងនេះកម្រនឹងមានការលក់ទំនិញច្រើន ឬជាក្រុមហ៊ុនលក់ទំនិញដែលមានតម្លៃខ្ពស់ខ្លាំងជាងតម្លៃពិត (intrinsic value)។ គួរបញ្ជាក់ផងដែរថា អាជីវកម្មពីរ៉ាមីដ នេះគឺខុសច្បាប់នៅក្នុងប្រទេសមួយចំនួន។

ជាធម្មតា ក្រុមហ៊ុនព្យាយាមធានាដល់អ្នកចូលរួមជាសមាជិកថា ក្រុមហ៊ុនគឺជាអាជីវកម្មស្របច្បាប់ ជាមួយនឹងការអះអាងដ៏ថាផលិតផលរបស់ពួកគេ គឺជាផលិតផលមួយដែលល្អបំផុត ព្រមទាំងមានការស្រាវជ្រាវរូបមន្តច្បាស់លាស់ និងទទួលបានរង្វាន់ជាច្រើន ជាពិសេសជាផលិតផលដែលមានសមត្ថភាពមិនគួរឱ្យជឿ ដូចជាជួយអ្នកសម្រកទម្ងន់យ៉ាងឆាប់រហ័ស ឬព្យាបាលជំងឺ ១០០មុខ ឬសូម្បីតែតារាល្បីៗក៏ប្រើប្រាស់ផលិតផលនេះដែរ។

ជារឿយៗ សមាជិកចាស់ៗតែងត្រូវបានលើកទឹកចិត្តឱ្យផ្សព្វផ្សាយពីបទពិសោធន៍ល្អៗ បើទោះបីជាពួកគេមិនទាន់បានប្រាក់ចំណេញមកវិញក៏ដោយ ដើម្បីឱ្យអ្នកផ្សេងទៀតដូចជាគ្រួសារ ឬមិត្តភក្តិរបស់ពួកគេ ធ្វើគំរូតាម។ នៅពេលក្រុមហ៊ុនកាន់តែធំ និងមានសមាជិកច្រើន នោះសមាជិកថ្មីស្ទើរតែមិនអាចរកលុយបានទាល់តែសោះ ហើយខាតបង់លុយដែលពួកគេចំណាយចូលជាសមាជិក ឬផលិតផលដែលពួកគេស្តុកទុកមិនអាចប្ដូរវិញបានឡើយ។ ជាញឹកញាប់ ជនរងគ្រោះតែងតែមានការខ្មាស់អៀនហើយនៅស្ងៀម មិនប្រកែក ឬប្ដឹងផ្ដល់អ្វីឡើយ។ មិនតែប៉ុណ្ណោះ នៅពេលដែលសមាជិកថ្មីរកលុយមិនបានច្រើនដូចដែលរំពឹងទុក ពួកគេមានទំនោរបន្ទោសខ្លួនឯងជាជាងក្រុមហ៊ុន ព្រោះពួកគេគិតថាពួកគេមិនមានភាពសមត្ថភាពគ្រប់គ្រាន់ ដើម្បីរកប្រាក់ចំណេញ។ ហើយជនរងគ្រោះខ្លះទៀតក៏បន្តព្យាយាមចំណាយបន្ថែមលើផលិតផលថ្មីជាដើម ហើយបានខាតបង់ប្រាក់កាន់តែច្រើនទៀតផង។

នៅឆ្នាំ ២០០៤ ក្រុមហ៊ុនមួយឈ្មោះថា Vemma Nutrition បានអះអាងខ្លួនថានឹងផ្តល់ឱកាសផ្លាស់ប្តូរជីវិតដល់មនុស្សគ្រប់គ្នា ដើម្បីរកប្រាក់ចំណូលច្រើន ដោយគ្រាន់តែធ្វើការងារក្រៅម៉ោងប៉ុណ្ណោះ។ ហើយឱកាសនេះត្រូវបានបើកសម្រាប់អ្នករាល់គ្នាដោយមិនគិតពីបទពិសោធន៍ ឬគុណវុឌ្ឍិសិក្សាឡើយ។ ការចាប់យកឱកាសដើម្បីចូលជាសមាជិកក្រុមហ៊ុនមានតែពីរជំហានងាយៗតែប៉ុណ្ណោះគឺ៖ ទិញឈុតផលិតផលក្នុងតម្លៃ ៥០០-៦០០ ដុល្លារ និងស្វែងរកសមាជិកថ្មី ២ នាក់ទៀតអោយធ្វើដូចគ្នា។ ក្រុមហ៊ុនបានរីកលូតលាស់យ៉ាងឆាប់រហ័សហើយ ហើយពេលត្រូវប៉ាន់ខ្លាំងអាចមានចំនួនសមាជិកថ្មីដល់ទៅ ៣០ ០០០ នាក់ក្នុងមួយខែ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនដែលមានចំណូលរាប់លានដុល្លារនេះ មានបញ្ហាយ៉ាងធំមិននឹកស្មានដល់ គឺភាគច្រើននៃសមាជិកក្រុមហ៊ុនរកបានតិចជាងអ្វីដែលពួកគេបានចំណាយ។ បន្ទាប់មកក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុនត្រូវបានបិទ និងកាត់ក្ដីថាជាអាជីវកម្មពីរ៉ាមីដ ដែលខុសច្បាប់។

តើធ្វើដូចម្ដេចទើបដឹងថាអាជីវកម្មនេះគឺជា Pyramid Scheme?

១.សម្ពាធពេលវេលា៖ ប្រយ័ត្នប្រយែងចំពោះការឃោសនាដូចជា “នៅចាំអ្វីទៀតឱកាសក្នុងការរកលុយមកដល់ហើយ ចុះឈ្មោះជាសមាជិកឥឡូវទទួលបានការបញ្ចុះតម្លៃ” ជាដើម។

២.សន្យាថានឹងរកចំណូលបានច្រើន៖ ការផ្សព្វផ្សាយថា “នេះគឺជាឱកាសផ្លាស់ប្តូរជីវិត, រកលុយក្រៅម៉ោង, រកលុយបានច្រើន, ទោះនៅផ្ទះក៏បានលុយដែរ” ជាដើម។

៣. ប្រាក់ចំណូលរបស់អ្នកពឹងផ្អែកជាចម្បងលើចំនួនសមាជិកថ្មីដែលអ្នករកបាន ហើយនៅពេលសមាជិកក្រោមអ្នករកសមាជិកថ្មីបានបន្ថែមទៀត។ ផ្ទុយទៅវិញ ប្រាក់ចំណូលមិនសូវផ្តោតទៅលើការលក់ផលិតផលសម្រាប់អតិថិជនចុងក្រោយនោះទេ។

៤. សមាជិក ឬតំណាងចែកចាយត្រូវតម្រូវឱ្យស្ដុកទុកផលិតផលជាច្រើន ឬចំណាយច្រើន ដើម្បីទទួលបានតំណែងល្អក្នុងក្រុមហ៊ុន។ ឧទាហរណ៍ ប្រសិនបើអ្នកចំណាយច្រើន នឹងក្លាយជាសមាជិក Diamond បើចំណាយល្មម នឹងក្លាយជាសមាជិក Gold, Silver, Bronze ជាដើម។

៥. ផលិតផលមិនលក់រាយតាមទីផ្សារទូទៅឡើយ ហើយមានតែលក់តាមតំណាងចែកចាយ ឬសមាជិកតែប៉ុណ្ណោះ។

អាជីវកម្មពីរ៉ាមីដ គឺគ្រោះថ្នាក់ណាស់សម្រាប់អ្នកទាំងអស់គ្នា ដូច្នេះអ្នកទាំងអស់គ្នាគួរតែការពារខ្លួន និងអ្នកជាទីស្រឡាញ់របស់អ្នក ដោយ share អត្ថបទនេះ និង mentionក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកឱ្យបានដឹងឭទាំងអស់គ្នា ជៀសវាងការខាតបង់លុយកាក់។ សូមផ្តាំថា មុននឹងដាក់ចិត្តរកស៊ីអ្វីមួយត្រូវធ្វើការស្រាវជ្រាវ ស្វែងយល់ និង សម្រេចចិត្តឪ្យបានត្រឹមត្រូវ និងច្បាស់លាស់។

មាត្រាទី ២០, ៤៥, ៤៦​​ និង ៤៧ របស់ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានចែងច្បាស់ពីនិយមន័យ និងកំណត់ស្ថានភាពទម្ងន់ទោសនៃការលក់បែបពីរ៉ាមីដ។អាចទាញយកឯកសារតាមរយៈ Link នេះបាន៖ https://www.interior.gov.kh/document/detail/290

លក់អនឡាញ ប្រយ័ត្នប៉ះចំអាជីវកម្មពីរ៉ាមីត

Leave a Reply

Scroll to top
%d bloggers like this: