fbpx

#LuyBook នឹងធ្វើការចែករំលែកពីប្រភពហិរញ្ញប្បទាន ដែលធុរកិច្ចបង្កើតថ្មី (startup) និងសហគ្រាសធុនតូច និងមធ្យម (SMEs) អាចទទួលបាន ក្រៅពីការប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ឬហិរញ្ញប្បទានពីក្រុមគ្រួសារ និងមិត្តភក្ដិ ដើម្បីចាប់ផ្តើម ឬទ្រទ្រង់អាជីវកម្ម។ ប្រភពទាំងនោះមានដូចខាងក្រោម៖

១. ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៖

ស្ថាប័នទាំងនេះភាគច្រើនមានផ្ដល់ទាំងឥណទានជាទុនវិនិយោគ និងឥណទានជាទុនបង្វិល ទៅដល់ SMEs ដែលមានគោលបំណងចង់ទ្រទ្រង់ ឬពង្រីកអាជីវកម្មរបស់ខ្លួន។ ចំពោះតម្រូវការ និងអត្ថប្រយោជន៍គឺខុសៗគ្នាពីស្ថាប័នមួយទៅស្ថាប័នមួយ។

២. រដ្ឋាភិបាល៖

បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាននឹងកំពុងផ្ដល់ជូនឥណទានដល់ SMEs ក្នុងវិស័យកែច្នៃផលិតកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។ លើសពីនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក៏បាននិងកំពុងផ្ដល់ឥណទាន តាមកម្មវិធីសហហិរញ្ញប្បទានជាមួយធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូ (ដូចជា ធនាគារ Prince, Vattanac និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាដើម) ដើម្បីឱ្យ SMEs អាចធ្វើការស្នើសុំកម្ចីក្នុងអត្រាការប្រាក់ទាបជាងទីផ្សារ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩នេះផ្ទាល់។ ក្រៅពីនេះ ក៏មាន Entrepreneurship Development Fund មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និង Khmer Enterprise – សហគ្រិនខ្មែរ ដែលគាំទ្រដល់ធុរកិច្ចបង្កើតថ្មី និង SMEs ផងដែរ។

៣. ទីផ្សារមូលបត្រកម្ពុជា៖

SMEsអាចមានជម្រើសធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ (IPO) នៅលើទីផ្សារមូលបត្រកម្ពុជា ដើម្បីធ្វើជាប្រភពទ្រទ្រង់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលមានន័យថាក្រុមហ៊ុនឯកជននឹងប្រែក្លាយជាក្រុមហ៊ុនសាធារណៈដែលវិនិយោគិនសាធារណៈនៅលើផ្សារមូលបត្រអាចក្លាយជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុនបាន។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជាក៏បានលើកទឹកចិត្តឱ្យ SMEs ទាំងអស់ចុះឈ្មោះលើទីផ្សារមូលបត្រកម្ពុជានេះ ដោយផ្ដល់នូវការកាត់បន្ថយពន្ធលើប្រាក់ចំណេញ ៥០% ក្នុងរយៈពេល ៣ ឆ្នាំ និងលើកលែងទាំងស្រុងចំពោះបំណុលពន្ធលើប្រាក់ចំនេញសម្រាប់រយៈពេល ១០ ឆ្នាំសារពើពន្ធកន្លងទៅផងដែរ។

៤. Grant៖

គឺជាមូលនិធិ ដែលមានទម្រង់ជាជំនួយឥតសំណងដែលផ្ដល់ដោយស្ថាប័នណាមួយទៅកាន់បុគ្គល ឬអាជីវកម្មណាមួយ។ ហើយជាទូទៅ មុននឹងទទួលបាន grant គឺតម្រូវឱ្យមានការសរសេរជាសំណើ ឬជាការប្រកួតប្រជែងជាដើម។ ស្ថាប័នដែលផ្ដល់ grant នៅកម្ពុជាក្រោមទម្រង់ជាកម្មវិធី incubator, hackathonsនិង startup competitions មានដូចជា BMC Startup Accelerator, SmartStart, SmartSpark, Development Innovations, Toyota Impact Challenge, Grab Mobility Challenge និង Startup Weekend Cambodia ជាដើម។

៥. Seed Funding៖

គឺជាប្រភេទមូលនិធិ ដែលស្ថាប័នវិនិយោគផ្ដល់ដល់ startup ក្នុងដំណាក់កាលស្ថាបនិក ដើម្បីទ្រទ្រង់អាជីវកម្មនោះឱ្យចាប់ផ្តើមរហូតទាល់តែអាចរកចំណូលបាន ដោយធ្វើការផ្លាស់ប្ដូរជាមួយភាគហ៊ុនរបស់អាជីវកម្មនោះ។ ជាទូទៅ ការវិនិយោគ ឬមូលនិធិប្រភេទនេះមានទំហំពី ១០,០០០ ដុល្លារ ទៅ ១០០,០០០ ដុល្លារ។ ស្ថាប័នដែលផ្ដល់ seed funding នៅកម្ពុជាមានដូចជា CJCC Accelerator Program, UBERIS Capital, Smallworld និង Devenco ។

៦. Venture Capital (VC)៖

ជាប្រភេទហិរញ្ញប្បទានមួយដែលវិនិយោគិនផ្តល់ដល់ startup និងSMEs ដែលពួកគេជឿជាក់ថាមានសក្តានុពលកំណើនខ្ពស់នៅរយៈពេលវែង ដោយពួកគេទាមទារមកវិញនូវចំណែកភាគហ៊ុនរបស់អាជីវកម្មនោះ។ វិនិយោគិនប្រភេទនេះ ភាគច្រើនវិនិយោគលើធុរកិច្ច ឬសហគ្រាសធុនតូច និងមធ្យមដែលស្ថិតក្នុងដំណាក់កាលដំបូងនៃវដ្ដអាជីវកម្ម (បន្ទាប់់ពី seed funding) ហើយតែងតែផ្ដល់ជាដំបូន្មានជាយុទ្ធសាស្ត្រលើផ្នែកប្រតិបត្តិការ ឬទីផ្សារជាដើម។ ជាទូទៅ ការវិនិយោគ ឬមូលនិធិប្រភេទនេះមានទំហំពី ៥០,០០០ ដុល្លារ ទៅ ២លានដុល្លារ។ ស្ថាប័នដែលជា VCនៅកម្ពុជាមានដូចជា Smart Axiata Digital Innovation Fund, 500 Startups, Insitor Impact Asia Fund, CIC Capital, OBOR Capitalនិង Ooctaneជាដើម។

៧. Private Equity (PE)៖


ជាប្រភេទហិរញ្ញប្បទាន ដែលវិនិយោគិនទិញភាគហ៊ុនរបស់ក្រុមហ៊ុនឯកជន ហើយខុសពី Venture Capital, ជាធម្មតា Private Equity មិនធ្វើការវិនិយោគលើ startup និង SMEs ដែលស្ថិតក្នុងដំណាក់កាលដំបូងនៃវដ្ដអាជីវកម្មឡើយ។ ដោយសារតែ Private Equity ធ្វើការវិនិយោគដោយផ្ទាល់ក្នុងការទិញភាគហ៊ុនរបស់ក្រុមហ៊ុន ដោយមានទំហំធំបែបនេះ ភាគច្រើនវិនិយោគិនប្រភេទនេះអាចមានឥទ្ធិពលខ្លាំងក្នុងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ ជាទូទៅ ការវិនិយោគ ឬមូលនិធិប្រភេទនេះមានទំហំពី ២លានដុល្លារឡើងទៅ។ ស្ថាប័នដែលជា PEនៅកម្ពុជាមានដូចជា EMIA, Smart, Belt Road Capital, IFC និង Mekong Strategic Partner។

៨. វិនិយោគិន Angel ឬ Angel Investor៖


គឺជាមនុស្ស ឬបុគ្គលដែលមានឆន្ទៈក្នុងការយកប្រាក់ចេញពីហោប៉ៅផ្ទាល់ខ្លួនរបស់ពួកគេ មកវិនិយោគលើ startup ដែលពួកគេជឿជាក់ថានឹងជោគជ័យ។ វិនិយោគិន Angel នៅកម្ពុជាមានដូចជា Corco Angels (ដែលជាសាខារបស់ Mekong Angel Investment Network) និង Cambodia Investment Club។

តើ SMEs និង startups អាចរកប្រភពហិរញ្ញប្បទានពីណាខ្លះ?

Leave a Reply

Scroll to top
%d bloggers like this: