ដឹងអត់ថាចំណូល ដែលអ្នកទាំងអស់គ្នាកំពុងទទួលបានរាល់ថ្ងៃជាចំណូលអ្វី? ហើយមានចំណូលប្រភេទអ្វីខ្លះទៀតដែលអ្នកអាចរកបាន? អញ្ចឹង ថ្ងៃនេះយើងធ្វើការស្វែងយល់ពីចំណូលទាំង ៣ ប្រភេទ ជាមួយ LuyBook ទាំងអស់គ្នា!
១. ប្រាក់ចំណូលសកម្ម៖
ប្រសិនបើអ្នកមានការងារធ្វើ ហើយទទួលបានប្រាក់ខែ, លុយធីប ឬប្រាក់កម្រៃជើងសារ (commission) នេះមានន័យថា អ្នកអាចរកប្រាក់បានតាមប្រភេទចំណូលសកម្ម។ បន្ថែមពីនេះ ប្រាក់ចំណូលពីការងារផ្ទាល់ខ្លួន ដូចជា អ្នកម៉ៅការឯករាជ្យ និង ប្រាក់ចំណូលពីអាជីវកម្ម ក៏ត្រូវបានរាប់បញ្ចូលថាជាប្រាក់ចំណូលសកម្មផងដែរ។ ចំណូលប្រភេទនេះ តម្រូវឱ្យអ្នកផ្លាស់ប្តូរពេលវេលា និងសេវាកម្មរបស់អ្នក ដើម្បីទទួលបាននូវប្រាក់កម្រៃ។
មនុស្សជាច្រើន ដែលពឹងផ្អែកជីវភាពទៅលើប្រាក់ខែតែមួយមុខ ច្រើនមានថវិកាគ្រប់គ្រាន់សម្រាប់តែការចំណាយចាំបាច់ប្រចាំខែតែប៉ុណ្ណោះ ដែលធ្វើឱ្យខ្លួនសល់តែប្រាក់បន្តិចបន្តួច និងគ្មានប្រាក់សម្រាប់ការវិនិយោគ។ ដូច្នេះ ហើយទើបគេតែងតែលឺឃ្លាថា “រស់នៅពីប្រាក់ខែមួយទៅប្រាក់ខែមួយ” ឬ “Living from paycheck to paycheck”។
២. ប្រាក់ចំណូលអកម្ម៖
ចំណូលប្រភេទនេះ គឺមានន័យថាទ្រព្យសម្បត្តិ (asset) ដែលអ្នកមានបង្កើតនូវចំណូលជាប្រចាំសម្រាប់អ្នក ដោយពុំតម្រូវឱ្យអ្នកធ្វើការងារ ឬចំណាយកម្លាំងបន្ថែម ដូចយើងឧស្សាហ៍លឺពាក្យថាគេងលក់ក៏លុយហូរចូល។ ប៉ុន្តែមុននឹងមនុស្សជាច្រើនអាចឈានទៅដល់កម្រិតនេះ គឺគេត្រូវការបង្កើនជំនាញ និងឆ្លងកាត់ប្រភេទចំណូលសកម្មមុនសិន។ ឧទាហរណ៍ ៖ ចំណូលការប្រាក់ដែលបានមកពីប្រាក់បញ្ញើនៅធនាគារ, ចំណូលពីការជួលអចលនទ្រព្យ មានដូចជា ផ្ទះ អគារ ឬដីធ្លី, ការបែងចែកភាគលាភពីការកាន់កាប់ភាគហ៊ុន, ប្រាក់សួយសារ (royalties) ពីការសរសេរសៀវភៅ ឬតែងបទចម្រៀង, ប្រាក់ចំណូលពី adsense នៅលើវីឌីអូយូធ្យូប ឬ ទំព័រប្លក់, ការផ្តល់អាជ្ញាប័ណ្ណនៃបច្ចេកវិទ្យាអ្វីមួយជាដើម។
៣. ប្រាក់ចំណូលពីផលចំណេញលើមូលធន ឬប្រាក់ចំណូលពីការវិនិយោគ៖
ចំណូលប្រភេទនេះ គឺជាប្រាក់ចំណូលដែលបានមកពីការវិនិយោគ និងការចំណេញលើដើមទុន ហើយវាជាផ្នែកមួយនៃចំណូលអកម្ម។ ឧទាហរណ៍៖ នៅពេលអ្នកទិញអចលនទ្រព្យ ឬភាគហ៊ុន នៅតម្លៃមួយ ហើយអ្នកមានគម្រោងលក់អចលនទ្រព្យ ឬភាគហ៊ុនដដែលនោះក្នុងតម្លៃខ្ពស់នាពេលអនាគត។ ដូច្នេះប្រសិនបើអ្នកទិញភាគហ៊ុននៅ ១០០ ដុល្លារ ថ្ងៃនេះ ហើយតម្លៃឡើងដល់ ១០០០ ដុល្លារ, អ្នកទទួលបាន ៩០០ ដុល្លារនៃប្រាក់ចំណេញលើដើមទុន។
គុណវិបត្តិមួយនៃប្រាក់ចំណូលប្រភេទនេះ គឺវាតម្រូវឱ្យអ្នកមានលុយស្រាប់ ដើម្បីវិនិយោគទៅលើទ្រព្យសម្បត្តិ ដែលមានសក្តានុពលក្នុងការឡើងថ្លៃ ហើយផ្ទុយពីចំណូលសកម្ម វាត្រូវចំណាយពេលច្រើន ទម្រាំចេញជាផ្លែផ្កា។
ជារួម មនុស្សជាច្រើនតែងពឹងផ្អែកលើប្រាក់ខែ និងប្រាក់ចំណូលសកម្ម នៅពេលពួកគេចាប់ផ្តើមដំណើរហិរញ្ញវត្ថុលើកដំបូង ដែលនេះតម្រូវឱ្យពួកគេដោះដូរពេលវេលា ដើម្បីរកប្រាក់ចំណូល។ តែទោះយ៉ាងណា មនុស្សដែលមិនទទួលបាននូវសេរីភាពហិរញ្ញវត្ថុ នឹងនៅតែត្រូវចំណាយពេល ដើម្បីរកលុយ។
ពេលចាប់ផ្តើមដំបូង ចូរធ្វើការដើម្បីលុយ និងបង្កើនជំនាញ។ បន្ទាប់មកប្រើលុយឱ្យធ្វើការជំនួសអ្នកដោយខិតខំបង្កើតប្រាក់ចំណូលអកម្ម ឬប្រាក់ចំណូលពីការវិនិយោគ។