fbpx

តាមនិយមន័យទូទៅ Moat សំដៅទៅលើប្រឡាយទឹកព័ទ្ធជុំវិញប្រាសាទ ដែលកសាងឡើងដើម្បីការពារប្រាសាទពីខ្មាំងសត្រូវឈ្លានពាន។ ស្រដៀងគ្នាដែរ ក្នុងន័យវិនិយោគ ពាក្យថា “Moat” សំដៅទៅលើសមត្ថភាពអាជីវកម្ម ក្នុងការរក្សាបាននូវភាពប្រកួតប្រជែង (competitive advantage) ដែលមានប្រៀបជាងគូប្រជែងរបស់ខ្លួន ពោលគឺអាចរក្សាបានប្រាក់ចំណេញរយៈពេលវែង និងចំណែកទីផ្សារ (market share) ពីក្រុមហ៊ុនប្រកួតប្រជែង។

#LuyBook នឹងនាំអ្នកទាំងអស់គ្នាពិភាក្សាអំពីប្រភេទនៃ moat ដែលមាន ៥ប្រភេទធំៗដូចខាងក្រោម៖

១. Low cost moat៖

គឺមាននៅពេលដែលអាជីវកម្មមួយ អាចលក់ផលិតផលឬផ្ដល់សេវាកម្មក្នុងតម្លៃទាប ដូច្នេះអាជីវកម្មស្រដៀងគ្នាពិបាកនឹងប្រកួតប្រជែង។ ហើយមូលហេតុដែលអាជីវកម្មនោះអាចលក់ក្នុងតម្លៃទាបនោះគឺ ដោយសារតែថ្លៃដើមរបស់ពួកគេមានតម្លៃទាបស្រាប់ ព្រោះតែសេដ្ឋកិច្ចមាត្រដ្ឋាន (economies of scale) មិនមែនលក់ខាតដើមដើម្បីទាក់ទាញអតិថិជនក្នុងរយៈពេលខ្លីឡើយ។ ឧទាហរណ៍ ក្រុមហ៊ុន Wal-Mart (WMT) គឺជាអាជីវកម្មដែលលក់ផលិតផលក្នុងតម្លៃទាប ហើយលក្ខណៈនេះហើយធ្វើឱ្យអាជីវកម្មនេះមានភាពទាក់ទាញខ្លាំងសម្រាប់អតិថិជន។

២. Brand moat៖

មានន័យថាក្រុមហ៊ុនលក់ផលិតផល ដែលជាទូទៅអតិថិជនបានចាត់ទុកប្រេនរបស់ក្រុមហ៊ុននោះជាមូលដ្ឋាននៃប្រភេទផលិតផលតែម្ដង ពោលគឺនឹកឃើញផលិតផលប្រភេទនោះគឺនឹកឃើញប្រេនតែម្ដង។ ឧទាហរណ៍ អតិថិជនភាគច្រើនពេលដែលចង់ផឹកភេសជ្ជៈកំប៉ុងប្រភេទ coke តែងតែគិតពី Coca Cola ឬក៏ Pepsi តែម្ដង ជាជាងផលិតផលដ៏ទៃទៀត។ នេះហើយ គឺជាពេលដែលអតិថិជនភាគច្រើនសុខចិត្តចំណាយកាន់តែច្រើន និងតែងតែស្មោះត្រង់ (ទិញហើយទិញទៀត) ដោយសារតែរបស់ប្រេនៗនេះឯង។

៣. Switching moat៖

គឺនៅពេលដែលផលិតផលរបស់ប្រេនមួយ បានក្លាយជាផ្នែកធំនៃការងារប្រចាំថ្ងៃ ឬជីវិតរបស់អតិថិជនទៅហើយ ដូចនេះប្រសិនបើផ្លាស់ប្តូរប្រើផលិតផលផ្សេង អាចនឹងមិនទម្លាប់, ចំណាយលុយច្រើន, ឬមានបញ្ហាច្រើន។ ឧទាហរណ៍ ក្រុមហ៊ុន Microsoft ផ្តល់នូវប្រព័ន្ធប្រតិបត្តិការ (operating system)និងផលិតផលល្អៗ (ដូចជា Word, PowerPoint, Excel ជាដើម) ដែលអ្នកប្រើប្រាស់ភាគច្រើនបានទម្លាប់ប្រើទៅហើយ ដូចនេះប្រសិនបើចង់ប្តូរទៅផលិតផលផ្សេងទៀត គឺអាចនឹងចំណាយពេល និងថវិកាច្រើន ទើបអតិថិជនភាគច្រើនមិនចង់ធ្វើការផ្លាស់ប្ដូរសោះឡើយ។

៤. Secret moat៖

គឺនៅពេលដែលអាជីវកម្មមានប៉ាតង់ (patent), កម្មសិទ្ធិបញ្ញា (copyright), ឬរូបមន្តសម្ងាត់ ដែលប្រសិនបើអាជីវកម្មប្រកួតប្រជែងពិបាកនឹងចម្លងតាម ឬពេលដែលលក់ផលិតផលដូចគ្នាអាចនឹងខុសច្បាប់ទៀតផង។ ឧទាហរណ៍ ក្រុមហ៊ុនឱសថទទួលបានប៉ាតង់លើថ្នាំមួយប្រភេទដែលគេស្រាវជ្រាវបាន ហើយក្រុមហ៊ុន Coca Colaមានរូបមន្តសម្ងាត់ ដែលមិនមានអាជីវកម្មផ្សេងអាចចម្លងរូបមន្តបាន។

៥. Toll moat៖

គឺនៅពេលដែលអាជីវកម្មមានការគ្រប់គ្រងផ្តាច់មុខលើទីផ្សារ ដែលភាគច្រើនអាជីវកម្មប្រភេទនេះត្រូវបានផ្តល់ដោយរដ្ឋាភិបាលថាជាក្រុមហ៊ុនផ្តាច់មុខ។ អាជីវកម្មប្រភេទនេះ ជាធម្មតាតម្រូវឱ្យអតិថិជនបង់ប្រាក់ដើម្បីប្រើសេវាកម្មរបស់ពួកគេជាដាច់ខាត ដូចជាក្រុមហ៊ុនសាងសង់ឬជួសជុលផ្លូវ ដែលតម្រូវឱ្យអ្នកដំណើរឆ្លងកាត់ត្រូវបង់លុយ ទើបអាចឆ្លងកាត់ជាដើម។ ឧទាហរណ៍បន្ថែមមានដូចជា ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីផ្តាច់មុខ និងក្រុមហ៊ុន Google ដែលប្រសិនជាអ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើ search engine អ្នកត្រូវបង់ប្រាក់ទើបអាចផ្សាយបាន។គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនខ្លះអាចមាន moat លើសពីមួយប្រភេទខាងលើ ហើយការយល់ដឹងពី moat ពិតជាមានសារៈសំខាន់ក្នុងការវិនិយោគ ព្រោះ moat នេះហើយដែលអាចបន្ថែមតម្លៃពិត (intrinsic value)ដល់ក្រុមហ៊ុន និងធ្វើឱ្យក្រុមហ៊ុននោះឈរជើងក្នុងទីផ្សារបានរយៈពេលវែង។

ស្គាល់ moat ឬអត់?

Leave a Reply

Scroll to top
%d bloggers like this: