មានពីណាគេខ្លះអត់ទាន់យល់ថា តុនទីន ហ្នឹងគេលេងម៉េចដូច Admin កាលមុនដែរ?
បើអត់ទាន់យល់ទេ ចាំ #LuyBook ពន្យល់!
ក្នុងតុងទីនមានភាគីពីរគឺ មេតុងទីន និងកូនតុងទីន។ តុងទីនមួយគេហៅ តុងទីនមួយក្បាល។ ក្នុងតុងទីនមួយមានមេតែម្នាក់ប៉ុណ្ណោះ តែកូនមានច្រើនអាចឡើងដល់ ៦០ ឬ ៧០នាក់ក៏មាន។ កូនតុងទីនជាអ្នកបង់ ហើយនិងដេញតុងទីន។ មេជាអ្នកតំណាងកូនតុងទីនទាំងអស់ក្នុងការសម្របសម្រួលការបង់ និងដេញតុងទីន។
ក្នុងមួយខែម្ដង កូនម្នាក់ៗត្រូវបង់លុយក្នុងបរិមាណថេរមួយដែលបានកំណត់ទៅឱ្យមេដែលជាអ្នកដើរប្រមូល។ ការបង់នេះអាចប្រៀបបាននឹងការដាក់លុយផ្ញើរក្នុងធនាគារដែរ។ ធ្វើបែបនេះរហូតដល់តុងទីនដាច់ឬបញ្ចប់។ នៅក្នុងខែនោះដែរ កូនតុងទីនមានសិទ្ធិដេញតុងទីនម្ដង។ ការដេញតុងទីនអាចប្រៀបបាននឹងការខ្ចីលុយធនាគារដែរ ខុសត្រង់ថាក្នុងការលេងតុងទីន កូនជាអ្នកដេញថ្លៃការប្រាក់។ ដូច្នេះនៅពេលដល់ថ្ងៃដេញតុងទីន កូនតុងទីនត្រូវដេញថ្លៃការ។ បើកូនតុងទីនណាម្នាក់ឱ្យថ្លៃការប្រាក់ខ្ពស់ជាងគេ កូនតុងទីននោះនឹងដេញបាន ហើយទទួលបានលុយក្នុងកញ្ចប់ដែលទើបប្រមូលបាននោះ ប៉ុន្តែត្រូវដកថ្លៃការប្រាក់ ដើម្បី បង់ឱ្យកូនដទៃទៀតដែលដេញមិនបាន ឬគេហៅថានៅរស់ និងត្រូវដកថ្លៃកាត់ទឹកថេរមួយទុកឱ្យមេតុងទីនដែរ។ តុងទីនខ្លះខែទីមួយ មេតុងទីនដាអ្នកដេញស្វ័យប្រវត្តិហើយគ្មានការប្រាក់ទេ។ ក្នុងករណីនេះ មេត្រូបង់តុងទីនតាមខែដូចកូនតុងទីនដែរ ហើយមិនមានការកាត់ទឹកឱ្យមេតុងទីនរាល់ពេលដេញទេ។
តោះមើលឧទាហរណ៍ជាក់ស្ដែងមួយ ដើម្បីស្រួលយល់៖
ឧទាហរណ៍៖ស្រីណែត វល័ក្ខ និងពិសិដ្ធនាំគ្នាលេងតុងទីនមួយក្បាល $100 ដេញមួយខែម្ដង មេតុងទីនកាត់ទឹក$100រាល់ពេលដេញ។ តុងទីនមាន កូន 50នាក់ រាប់ទាំងស្រីណែត វល័ក្ខ និងពិសិដ្ឋ។
តុងទីនខែទី 1៖ កូនទាំង 50នាក់ ត្រូវបង់ម្នាក់ $100 អញ្ចឹងលុយសរុបនៅក្នុងកញ្ចប់លុយរួមក្នុងមួយខែនេះគឺ $5,000។ពិសិដ្ឋដេញការប្រាក់$10 ខ្ពស់ជាងគេក្នុងចំណោមកូនទាំងអស់។ នោះពិសិដ្ឋ ដេញបាន $4,410 ($5,000 – $10×49 – $100) ហើយកូនទាំង 49 នាក់ដែលនៅរស់នឹងបានការ $10 ក្នុងម្នាក់។ ឯមេតុងទីនស៊ីទឹក $100។
តុងទីនខែទី 2៖ កូនទាំង 50នាក់ ត្រូវបង់ម្នាក់ $100 ជារៀងរាល់ខែ អញ្ចឹងលុយសរុបនៅក្នុងខែទីពីរក៏ $5,000 ដូចខែទីមួយដែរ។
ពិសិដ្ឋដេញរួចហើយដូច្នេះមិនមានសិទ្ធិដេញទៀតទេក្នុងតុងទីនក្បាលនេះ ឬគេហៅថាងាប់។ ប៉ុន្តែគាត់នៅតែត្រូវបង់ $100 ដដែល។ ខែនេះវល័ក្ខដេញបានម្ដងក្នុងតម្លៃការប្រាក់ $12។ អញ្ចឹងវល័ក្ខទទួលបាន $4,324 ($5,000 – $12×48 – $100) ហើយកូនទាំង 48 នាក់ដែលនៅរស់នឹងបានការ $12 ក្នុងម្នាក់។ ឯមេតុងទីនស៊ីទឹក $100។
ធ្វើបែបនេះរហូតដល់ខែទី50។
តុងទីនខែទី 50៖ កូនទាំង 50 ត្រូវបង់ $100 អញ្ចឹងលុយសរុបនៅក្នុងកញ្ចប់លុយរួមគឺ $5,000។ កូនទាំង 49 ដេញរួចហើយ សល់តែស្រីណែតម្នាក់តែប៉ុណ្ណោះដែលមិនទាន់បានដេញបាន ឬគេហៅថានៅរស់។ អញ្ចឹងស្រីណែតមិនបាច់ដេញទៀតទេព្រោះនៅសល់តែម្នាក់ឯង។ ដូច្នេះគាត់បានលុយ $4,900 ($5,000- $100) ឬគេហៅថាកើប។
បញ្ជាក់៖ ដោយសារ កូនម្នាក់មានសិទ្ធិដេញម្ដង ដូច្នេះកាលណាតុងទីន នោះដេញមួយខែម្ដង ហើយមានកូន50នាក់តុងទីននឹងមានរយៈពេល 50ខែទើបបញ្ចប់ ឬគេហៅថាដាច់។
ប៉ុណ្ណេះ បានយល់ពីរបៀបលេងតុងទីនហើយនៅ?
សួរថាស្របច្បាប់អត់? ចង់ប្រាប់ថាអត់មានច្បាប់ណាការពារអ្នកលេងតុងទីនទេ។ អញ្ចឹងបើសម្រេចចិត្តលេង ត្រូវទទួលហានិភ័យដោយខ្លួនឯងណាបងប្អូន។