fbpx

តើរាល់ថ្ងៃ អ្នកមានតាមដានចំណាយប្រចាំខែរបស់អ្នកដែរឬទេ? តើពេលខ្លះអ្នកមានអារម្មណ៍ថា មិនភាពម្ចាស់ការទៅលើចំណាយរបស់ខ្លួនដែរឬទេ? ប្រសិនបើចម្លើយគឺ Yes, អ្នកមកត្រូវកន្លែងហើយ។ #LuyBook នឹងប្រាប់ពីវិធីសាស្ត្រល្អមួយ ដើម្បីជួយដោះស្រាយបញ្ហារបស់អ្នក!

ដំណោះស្រាយនោះគឺ ក្បួនចំណាយ តាមវិធី Zero-Based Budgeting ។

អ្វីទៅជា Zero-Based Budgeting?

Zero-Based Budgeting គឺជាវិធីនៃការរៀបចំផែនការចំណាយ (budget plan) ដែលចំណូលដកចំណាយត្រូវស្មើនឹងសូន្យ។ ទេ ទេ, កុំច្រលំថា LuyBook កំពុងប្រាប់ឱ្យអ្នកទៅទិញអីវ៉ាន៉ shopping រហូតដល់កុងធនាគាររបស់អ្នកធ្លាក់ដល់សូន្យឱ្យសោះណា! គោលដៅនៅទីនេះគឺ អ្នកត្រូវបែងចែកមុខងារទៅឱ្យ រាល់លុយមួយកាក់មួយសេន ដែលអ្នកខំរកបាន។ វាមានន័យថាអ្នកត្រូវបែងចែកចំណូលសរុប ឱ្យស្មើទៅនឹងខ្ទង់ចំណាយផ្សេងៗ ដែលមានដូចជា ចំណាយចាំបាច់, ប្រាក់សន្សំ, វិនិយោគ, ការបរិច្ចាគ និងការទូទាត់បំណុលជាដើម។

អ្នកដឹងទេថា ការរៀបចំផែនការចំណាយ គឺជាមធ្យោបាយលឿនបំផុត ដើម្បីធ្វើឱ្យគោលដៅហិរញ្ញវត្ថុរបស់អ្នកក្លាយជាការពិត? ព្យាយាមដោះបំណុល? អ្នកត្រូវការផែនការចំណាយ។ សន្សំប្រាក់សម្រាប់ទិញផ្ទះ? អ្នកត្រូវការផែនការចំណាយ។ ចង់ទុកលុយចូលនិវត្តន៍មែនទេ? អ្នកត្រូវការផែនការចំណាយ។ ក្លាយជាសេដ្ឋី មានប្រាក់លានដុល្លាររួចទៅហើយ? អ្នកនៅតែត្រូវការផែនការចំណាយ។

ធ្វើដូចម្តេច ទើបអាចចាប់ផ្តើមក្បួនចំណាយតាម Zero-based budgeting បាន?

១. កត់ត្រាប្រាក់ចំណូលប្រចាំខែ ។អ្នកអាចធ្វើតាមវិធីចាស់ដោយកត់ត្រាលើក្រដាស និង Excel ឬអ្នកអាចប្រើកម្មវិធី budgeting app ដែលឥតគិតថ្លៃ ដូចជា every dollar, money lover, goodbudget ជាដើម។ (admin ផ្ទាល់ប្រើ money lover)

២. ធ្វើបញ្ជីចំណាយប្រចាំខែ ។មុនពេលខែថ្មីចាប់ផ្តើម អ្នកត្រូវចាប់ផ្តើមរៀបចំបែងចែករាល់ការចំណាយរបស់អ្នក។ ខ្ទង់ចំណាយចាំបាច់ ដូចជាការបង់ថ្លៃផ្ទះ ហូបចុក ថ្លៃទូរស័ព្ទ និងការធ្វើដំណើរ ត្រូវតែបញ្ចូលទៅក្នុងបញ្ជីមុនគេ។ LuyBook ក៏ធ្លាប់ណែនាំតាមច្បាប់ ៥០/៣០/២០ ។ ជាមួយនឹងវិធីសាស្រ្តនេះ អ្នកគួរបែងចែក ៥០% នៃចំណូលទៅលើការចំណាយចាំបាច់, ៣០% ទៅលើចំណាយលើការចង់បាន និងចំណាយផ្សេងៗ និង ២០% ទៀត ទៅលើការសងបំណុល, ការវិនិយោគនិងការសន្សំ។ ប៉ុន្តែបើអាចសន្សំបានខ្ពស់ជាងនេះក៏កាន់តែប្រសើរ។

គ្រាន់តែផ្តោតលើមួយខែម្តង, មិនយូរទេអ្នកនឹងរកឃើញកន្លែងដែលអ្នកអាចកាត់បន្ថយចំណាយ (ឧទាហរណ៏ ដូចជាចាប់ផ្តើមឆុងកាហ្វេនៅផ្ទះជំនួសការទិញប្រេនៗ) និងកន្លែងដែលអ្នកចង់បង្កើនការបែងចែកបន្ថែមទៀត។

៣. គិតគូរ និងកត់ត្រាចំណាយតាមរដូវកាល ។គិតពីចំណាយធំៗក្នុងមួយឆ្នាំប្រតិទិន។ តើអ្នកនឹងមានចំណាយអ្វី ដែលតម្រូវឱ្យអ្នកចាប់ផ្តើមរៀបចំផែនការ និងសន្សំពីឥឡូវនេះទៅ? ឧទាហរណ៍ ប្រសិនបើអ្នកដឹងថាអ្នកចង់ចំណាយប្រាក់ ៦០០ ដុល្លារសម្រាប់ដើរលេងពេលបុណ្យអុំទូក, អ្នករាប់មើលថានៅសល់ប៉ុន្មានខែទៀតទើបដល់បុណ្យអុំទូក – នោះអ្នកប្រាកដជាឃើញថា មួយខែសន្សំប៉ុន្មានទើបគ្រប់។

៤. ដកប្រាក់ចំណូលរបស់អ្នកពីការចំណាយរបស់អ្នកឱ្យស្មើសូន្យ។យើងចង់ឱ្យសមតុល្យចំណាយ និងចំណូលស្មើសូន្យ។ ប្រសិនបើអ្នកបំពេញបញ្ជីចំណាយហើយនៅសល់ ១០០ ដុល្លារមិនដឹងដាក់កន្លែងណា, នេះមានន័យថាអ្នករៀបចំចំណាយមិនទាន់ហើយនៅឡើយទេ! អ្នកត្រូវដាក់ ១០០ដុល្លារនោះទៅខ្ទង់ណាមួយ ដែលអាចជាសន្សំ ឬវិនិយោគ។ វាអាស្រ័យលើអ្នកទាំងស្រុង។ ដោយឡែក ប្រសិនបើអ្នកចាយច្រើនជាងអ្វីដែលអ្នករកបានវិញ អ្នកត្រូវកាត់ចំណាយរបស់អ្នក រហូតដល់ពេលចំណាយដកចំណូលទៅឃើញសូន្យ។

៥. តាមដានការចំណាយរបស់អ្នកពេញមួយខែ។អ្វីដែលត្រូវធ្វើចុងក្រោយគេ គឺតាមដានការចំណាយរបស់អ្នកពេញមួយខែ ដើម្បីដឹងថាតើការចំណាយរបស់អ្នកត្រូវនឹងផែនការរបស់អ្នកដែរឬទេ។

Zero-based Budgeting នឹងជួយឱ្យអ្នកដឹងថាតើ លុយរបស់អ្នកហូរចូល និងចេញប៉ុន្មាន។ វាអាចជួយអ្នកកុំឱ្យចាយលើសអ្វីដែលអ្នកមិនមាន។ ឥឡូវអ្នកបានដឹងអំពី Zero-based Budgeting ហើយ, តើអ្នកនឹងសាកល្បងទេ?

ក្បួនចាយលុយ

Leave a Reply

Scroll to top
%d bloggers like this: