fbpx

តើអ្នកទាំងអស់គ្នាកំពុងតែចង់ចុះបញ្ជីអាជីវកម្មរបស់ខ្លួនមែនទេ? មានដឹងអត់ថាថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញឱ្យប្រើប្រាស់នូវថ្នាលចុះបញ្ជីអនឡាញ ដើម្បីជួយសម្រួលដំណើរការនៃការចុះបញ្ជី?ថ្ងៃនេះ #LuyBook នឹងលើកណែនាំពីដំណើរការប្រើប្រាស់ និងអត្ថប្រយោជន៍នៃការចុះបញ្ជីអាជីវកម្មតាមអនឡាញ។

ជាទូទៅ ដើម្បីចុះបញ្ជី ម្ចាស់អាជីវកម្មត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ដើម្បីទទួលបានអាជ្ញាប័ណ្ណ/វិញ្ញាបនបត្រ។ ដំបូង អ្នកត្រូវបំពេញឯកសារនិងបែបបទផ្សេងៗនៅក្រសួងពាណិជ្ជកម្ម ហើយត្រូវធ្វើការរងចាំ ដើម្បីចុះបញ្ជីពាណិជ្ជកម្ម។ បន្ទាប់មក អ្នកត្រូវទៅដាក់ពាក្យស្នើសុំចុះបញ្ជីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារម្ដង ហើយក៏ត្រូវរងចាំបន្ថែមទៀត ទើបទទួលបានការអនុញ្ញាត។ ហើយបន្ទាប់មក អ្នកត្រូវទៅបំពេញព័ត៌មាន និងដាក់ពាក្យស្នើសុំនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មួយទៀត។ បន្ថែមទៀត ប្រសិនបើអាជីវកម្មរបស់អ្នកស្ថិតក្នុងវិស័យ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកត្រូវធ្វើការស្នើសុំអាជ្ញាប័ណ្ណជំនាញ ពីក្រសួងសាមីនោះទៀត។ ឧទាហរណ៍ ប្រសិនបើអ្នកចង់បើកក្រុមហ៊ុនទេសចរណ៍ អ្នកត្រូវធ្វើការស្នើសុំអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍បន្ថែម។

ដោយហេតុថាការអនុវត្តបែបនេះមានបញ្ហាប្រឈម ជាពិសេសចំណាយពេលវេលា និងថ្លៃសេវាច្រើន ទើបកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០, រាជរដ្ឋាភិបាលបាន ដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្មីជាកញ្ចប់តាមអនឡាញ ឈ្មោះថា CamDX ឬហៅពេញថា Cambodia Data Exchangeដែលអនុញ្ញាតឱ្យធុរជន អាចធ្វើការចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និង អគ្គនាយកដ្ឋានពន្ធដារ និង ធ្វើសេចក្តីប្រកាសផ្តល់ដំណឹងបើកសហគ្រាស ជូនទៅក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលតែមួយ ។ ប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្មីនេះ មានអត្ថប្រយោជន៍ដូចជា៖

ក). ចំណាយពេលវេលារង់ចាំយ៉ាងយូរ ៨ថ្ងៃនៃថ្ងៃធ្វើការ,

ខ). លុបបំបាត់ការបំពេញឯកសារដដែលៗ,

គ). ចំណាយថវិកាតិចជាងមុនច្រើន,

ឃ). ទូទាត់ថ្លៃសេវាទាំងអស់ក្នុងការចុះបញ្ជីអាជីវកម្មក្នុងពេលតែមួយតាមអនឡាញ និង

ង). ទទួលបានអាជ្ញាបណ្ណ និងវិញ្ញាបនបត្រ ក្នុងទម្រង់ឌីជីថលតាមរយៈប្រព័ន្ធ។

គូរបញ្ជាក់ផងដែរថា ក្នុងដំណាក់កាលបច្ចុប្បន្ន ការចុះបញ្ជីអាជីវកម្មតាមអនឡាញនេះ មានវិសាលភាពត្រឹមតែការចុះបញ្ជីអាជីវកម្មតែប៉ុណ្ណោះ និងកំពុងព្យាយាមពង្រីកវិសាលភាពទៅលើការផ្ដល់អាជ្ញាប័ណ្ណជំនាញ និងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតនាពេលខាងមុខ។ដើម្បីការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្មីនេះ តើអ្នកត្រូវធ្វើដូចម្ដេចខ្លះ? ការចុះបញ្ជីអាជីវកម្មតាប្រព័ន្ធថ្មីនេះគឺកាន់តែងាយស្រួល ដោយអ្នកត្រូវឆ្លងកាត់ ៧ ជំហានដូចជា៖

១). ចូលទៅកាន់ www.registrationservices.gov.kh រួចចុច “ចុះបញ្ជីអាជីវកម្ម”

២). បង្កើតគណនីលើកម្មវិធី CamDigiKey (ត្រូវរងចាំ ២៤ ម៉ោងដើម្បីការអនុញ្ញាត)។ រំលងជំហាននេះ ប្រសិនបើអ្នកមានគណនីរួចរាល់។

៣). Login ដោយប្រើប្រាស់កម្មវិធី CamDigiKey

៤). បំពេញព័ត៌មាន និងភ្ជាប់ឯកសារចាំបាច់។ អ្នកត្រូវដឹងថាប្រភេទសហគ្រាស ដែលអ្នកចង់ចុះបញ្ជីជាប្រភេទអ្វី ទើបដឹងថាត្រូវភ្ជាប់ឯកសារអ្វីខ្លះ។

៥). ទូទាត់បង់ប្រាក់តាមមធ្យោបាយទូទាត់សងអនឡាញ ដូចជាតាមធនាគារ និង Visa, Mastercard, UnionPay ជាដើម។

៦). ទទួលបានការសម្រេចចិត្តក្នុងរយៈពេល ៨ថ្ងៃនៃថ្ងៃធ្វើការយ៉ាងយូរ។ បើមិនទាន់បំពេញគ្រប់តម្រូវការ, អ្នកអាចត្រូវបានគេស្នើសុំឱ្យបង្ហោះឯកសារបន្ថែម។

៧). ទាញយក និងបោះពុម្ភអាជ្ញាបណ្ណ/វិញ្ញាបនបត្រឌីជីថលចំនួន ៥ និងប័ណ្ណប៉ាតង់ ប្រសិនបើទទួលបានការអនុញ្ញាត។

សម្រាប់ព័ត៌មានបន្ថែម៖ https://www.registrationservices.gov.kh/en/home/

ដឹងពីប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញឬនៅ?

Leave a Reply

Scroll to top
%d bloggers like this: