fbpx

វិបត្តិកូវីដ-១៩ នេះ ជាពេលដ៏លំបាកមួយសម្រាប់បងប្អូនប្រជាជនខ្មែរយើង ជាពិសេសលើបញ្ហាហិរញ្ញវត្ថុផ្ទាល់។ មានបងប្អូនមួយចំនួនត្រូវបាត់បង់ការងារ ខ្លះព្យួរការងារ ឬកាត់បន្ថយម៉ោងធ្វើការ ហើយខ្លះទៀតត្រូវផ្អាកការរកស៊ី ឬគ្មានអតិថិជនតែម្តង ពោលគឺប៉ះពាល់ចំណូលគ្រប់តែគ្នានឹង។

ថ្ងៃនេះ LuyBook នឹងចែករំលែកអ្នកទាំងអស់គ្នាពីវិធីសាស្ត្រមួយចំនួនដើម្បីគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងភាពមិនប្រកដប្រជានេះ ដូចខាងក្រោម៖

១. កាត់បន្ថយចំណាយមិនចាំបាច់៖ គួរធ្វើផែនការចំណាយច្បាស់លាស់ដោយត្រូវត្រៀមលុយទុកសម្រាប់ចំណាយចាំបាច់ដូចជា ទឹក, ភ្លើង, ម្ហូប ជាដើម។ ហើយគិតឡើងវិញមុននឹងដកលុយចេញពីហោប៉ៅទិញអ្វីមួយ ក្នុងអំឡុងពេលនេះ បើទោះជានៅផ្ទះទំនេរចង់ទិញឥវ៉ាន់តាមអនឡាញ ក៏ត្រូវគិតមើលសិនថាវាចាំបាច់ឬអត់។

២. គួរធ្វើការស្នើសុំបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ផ្ទះ ឬដី៖ មានបងប្អូនខ្មែរយើងជាច្រើនដែលកំពុងជួបបញ្ហាបង់រំលស់ផ្ទះ ឬដីយឺតយ៉ាវ ហើយរដ្ឋាភិបាលបានធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ឱ្យជួយពិនិត្យលទ្ធភាពបន្ធូរបន្ថយ, លើកលែងការផាកពិន័យ ឬដាក់បន្ទុកការប្រាក់ ក្នុងករណីបង់យឺត រហូតដល់ដំណាច់ខែមីនា ឆ្នាំ ២០២២។ ដូចនេះ, គួរធ្វើការពិភាក្សាជាមួយក្រុមហ៊ុន ប្រសិនបើបងប្អូនជួបប្រទះបញ្ហាហិរញ្ញវត្ថុ។

៣. រៀបចំឥណទានឡើងវិញ៖ សម្រាប់បងប្អូនដែលខ្ចីលុយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងជួបវិបត្តិមិនអាចបំពេញកាតព្វកិច្ចទូទាត់ប្រាក់បានដោយសារវិបត្តិកូវីដ-១៩ អាចធ្វើការស្នើសុំពន្យាពេលសង ឬបន្ធូរបន្ថយលក្ខខណ្ឌកិច្ចសន្យា ដោយការអនុគ្រោះពីស្ថាប័នទាំងនោះផ្ទាល់។ ការអនុគ្រោះនេះគឺត្រូវបានអនុវត្តតាំងពីឆ្នាំ ២០២០ មកម្ល៉េះ រហូតដល់ខែមិថុនា ឆ្នាំ ២០២១។

៤. ដកលុយសន្សំមកចាយដោយប្រុងប្រយ័ត្ន៖ ក្នុងករណីដែលបងប្អូនមិនមានចំណូលសោះ ហើយមានប្រាក់សន្សំសម្រាប់គ្រាអាសន្ន ពី៣ ទៅ ៦ខែ, គួរធ្វើការដកប្រាក់សន្សំនោះដោយយកចិត្តទុកដាក់បំផុត ពោលត្រូវកត់ត្រាចំណាយឱ្យបានល្អិតល្អន់ និងកាត់បន្ថយចំណាយឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ត្រូវចាំថា ពេលដែលមានចំណូលវិញ គឺត្រូវរៀបចំកញ្ចប់សន្សំនេះឡើងវិញ។

៥. ចរចាលក្ខខណ្ឌជួលជាមួយម្ចាស់ទីតាំង៖ សម្រាប់អ្នកដែលត្រូវជួលទីតាំងអាជីវកម្ម, រោងចក្រ ឬផ្ទះជួល គួរធ្វើការចរចាស្នើសុំម្ចាស់ទីតាំងផ្ដល់ការអនុគ្រោះ ដោយបញ្ចុះថ្លៃសេវាជួល ឬពន្យារពេលទៅតាមលទ្ធភាព។

៦. ស្នើសុំជំនួយពីសហគមន៍ ឬអាជ្ញាធរមូលដ្ឋាន៖ ប្រសិនបើបងប្អូនធ្លាក់ខ្លួនជួបផលវិបាកខ្លាំង ឬទាល់ក្រ គួរស្នើសុំជំនួយពីសហគមន៍ ទៅតាមលទ្ធភាព ឬសុំអាជ្ញាធរមូលដ្ឋានឱ្យពួកគាត់ជួយបងប្អូនចុះឈ្មោះក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះរបស់រាជរដ្ឋាភិបាលបាន។


ទុកដាក់លុយកាក់ ក្នុងសម័យកូវីដ១៩

Leave a Reply

Scroll to top
%d bloggers like this: