តើ fake guru គឺជាអ្វី?
ក្រុមមនុស្សប្រភេទនេះគឺជា អ្នកដែលឆបោកមហាជនតាមរយៈការធ្វើឱ្យពួកគេគិតថា គេកំពុងទទួលបានតម្លៃច្រើនទៅលើអ្វីមួយ ឬ ទទួលបាននូវអាថ៌កំបាំងទៅលើវិធីរកប្រាក់ដ៏ងាយស្រួល នៅពេលតាមការពិតគឺ fake guru ទាំងនោះ ដែលជាអ្នករកលុយ ឬកើបលុយពិតប្រាកដ។
តើពាក្យដូចជា mastermind, ច្បាប់នៃការស្រូបទាញ ឬ ផ្លូវទៅរកប្រាក់លាន ហាក់ដូចជាឃ្លាដែលអ្នកឧស្សាហ៍ស្តាប់លឺនៅលើបណ្តាញសង្គមរាល់ថ្ងៃណាស់មែនទេ? នេះព្រោះតែ Fake guru និយមទាក់ទាញទឹកចិត្តរបស់មហាជនដោយលើកយកប្រធានបទទាក់ទងនឹងការរកប្រាក់, សុភមង្គល, និងការជំរុញទឹកចិត្តជាដើម (motivational topic) ដើម្បីព្យាយាមសម្រេចនូវគោលបំណងអ្វីមួយរបស់ពួកគេ។
មិនមានន័យថាឱ្យតែអ្នកណានិយាយពាក់ព័ន្ធនឹងប្រធានបទខាងលើនេះ សុទ្ធតែជា fake guru ទាំងអស់ទេ, ប៉ុន្តែមានវិធីមួយចំនួន ដើម្បីជួយក្នុងការកំណត់អត្តសញ្ញាណ ឬ សិល្បៈឆបោក ដែល fake guru ទាំងនេះនិយមប្រើប្រាស់ ។
១. ព័ត៌មានទូទៅត្រូវបានគេយកមកខ្ចប់លក់ក្នុងតម្លៃខ្ពស់
Fake guru ធ្វើការលក់នូវព័ត៌មាន ដែលអាចរកបានដោយងាយនៅលើអ៊ិនធើណែតទៅកាន់មហាជន។ មិនថាព័ត៌មាននេះត្រូវបានបង្រៀនថាជា “អាថ៌កំបាំង ដើម្បីទទួលបានភាពជោគជ័យ” ឬ “គន្លឹះងាយៗ ដើម្បីជួយឱ្យអ្នកឈ្នះក្នុងជីវិត” នោះទេ, បើអ្នកចាប់អារម្មណ៍ស្តាប់សាររបស់ fake guru ទាំងអស់នោះ អ្នកនឹងឃើញថាផ្លូវទៅកាន់ភាពជោគជ័យត្រូវបានត្រួសត្រាយដោយមានជំហានដូចគ្នាដដែលៗ មិនថាអ្នកណាជាអ្នកនិយាយនោះទេ។ អ្វីដែលប្លែកពីគ្នានេះ គឺការលក់ព័ត៌មានទាំងនោះក្នុងថ្លៃមួយ ដែលមិនសាកសមនឹងតម្លៃ។
២. ពួកគេលក់នូវក្តីស្រមៃថា “អ្នកណាក៏អាចក្លាយជាអ្នកមាន ប្រសិនបើពួកគេធ្វើតាមការបង្រៀនរបស់ខ្លួន”
Fake guru ភាគច្រើនមានបច្ចេកទេស និងទឹកដមក្នុងការទាក់ទាញមនុស្សឱ្យគាំទ្រ និងជឿជាក់ទៅលើរាល់អ្វីដែលគេនិយាយ។ ពួកគេភាគច្រើនលក់នូវក្តីស្រមៃទាំងនេះ ទៅកាន់ក្រុមមនុស្ស ដែលមិនមានបទពិសោធន៍ ឬ លោភលន់ ព្រោះពួកគេងាយជឿនូវរាល់ការបញ្ចុះបញ្ចូលរបស់ខ្លួន។ សូម្បីតែអ្នកដែលទទួលបានការរៀនសូត្រខ្ពស់ក៏នូវតែអាចចាញ់បោកនឹងមនោគម និង ការញោះញង់របស់ fake guru ទាំងនេះដែរ។
៣. ការបង្អួតរបៀបរស់នៅដ៏ប្រណិត និងឡូយឆាយបែប Fancy Fancy របស់ខ្លួន
Fake guru ចង់ឱ្យអ្នកជឿជាក់ថាការរកលុយ មានភាពរហ័ស និងងាយស្រួល ហើយត្រូវការការខិតប្រឹងប្រែងតិចតួចបំផុត។ សូមប្រុងប្រយ័ត្នចំពោះ វាគ្មិននៅលើបណ្តាញសង្គមដែលចូលចិត្តសំញែងពីលុយ ឡាន ផ្ទះ គ្រឿងអលង្កា និងរបស់របរម៉ាកល្បីៗ ដើម្បីបង្ហាញពីរបៀបរស់នៅប្លែក ឬ ល្អប្រណីតរបស់ពួកគេ ដែលអ្នកអាចទទួលបានដែរនៅពេលអ្នករៀនពី “អាថ៌កំបាំង” ទាំងនោះពីពួកគេ ។ នេះមិនមែនជាព័ត៌មានអប់រំ ឬការបង្ហាញពីវិធីរកស៊ីនោះទេ តែវាជាការលក់ក្តីសុបិន្ត។
ការរស់នៅបែបឡូយឆាយ គឺជាវិធីដែល fake guru រចនាឡើង ដើម្បីទាក់ទាញអារម្មណ៍នៃការខ្វះខាត និងបំណងប្រាថ្នាចង់មានបានថែមទៀតរបស់មនុស្ស។ គោលដៅរបស់ fake guru គឺធ្វើឱ្យភាពលោភលន់របស់មនុស្សយកឈ្នះនូវតក្ក (logic) និងការប្រុងប្រយ័ត្នរបស់ពួកគេ។
សរុបមក វាចាំបាច់ណាស់សម្រាប់យើងម្នាក់ៗក្នុងការជ្រើសរើសដោយប្រុងប្រយ័ត្នថា តើដំបូន្មាន និងបទពិសោធន៍របស់បុគ្គលណាម្នាក់ ដែលពិតប្រាកដ និងអាចយកធ្វើជាគំរូបាន, ហើយអ្នកណាខ្លះទៀតដែលកំពុងព្យាយាមឆបោកនូវការជឿទុកចិត្តរបស់យើង? សង្គមឥឡូវមានជនឆ្លៀតឱកាសច្រើន ដូច្នេះអ្នកត្រូវចេះការពារខ្លួន និងអ្នកនៅជុំវិញ ដើម្បីជៀសពីការលង់ខ្លួននឹងសិល្បៈឆបោករបស់ fake guru ទាំងនេះ។