មានមតិជាច្រើន ដែលនិយាយថាការវិនិយោគលើភាគហ៊ុនគឺដូចជាការលេងល្បែង ព្រោះថាហានិភ័យខ្ពស់ ផលចំណេញ ឬការខាតបង់ទុនរបស់អ្នកវិនិយោគ គឺអាស្រ័យទៅលើប្រាក់ចំណូលរបស់ក្រុមហ៊ុន ឬដោយសារសកម្មភាពឡើងចុះនៃទីផ្សារជាដើម។
តាមពិតទៅ ការវិនិយោគនៅក្នុងផ្សារភាគហ៊ុនអាចមានហានិភ័យទាំងទាប និងខ្ពស់ ដែលវាអាស្រ័យសុទ្ធសាធទៅលើចំណេះដឹង និងវិធីសាស្រ្ដវិនិយោគរបស់ វិនិយោគិន។ ការវិនិយោគក្នុងផ្សារភាគហ៊ុនអាចមានហានិភ័យទាប ប្រសិនបើអ្នកវិនិយោគចេះធ្វើការវិភាគទៅលើតម្លៃពិត (fundamental analysisនិង intrinsic value) របស់ក្រុមហ៊ុន ឬ ឧបករណ៍វិនិយោគ និងមានផែនការគ្រប់គ្រងហានិភ័យច្បាស់លាស់ ហើយមិនមែនចេះតែទិញភាគហ៊ុនដោយគ្រាន់តែលឺល្បីតាមគ្នា។
ក្នុងការលេងល្បែង អ្នកលេងគ្មានឥទ្ធិពលទាល់តែសស់ក្នុងការសម្រេចថាពួកគេអាចចំណេញ ឬខាត ដោយសារតែលទ្ធផលគឺពឹងផ្អែកទាំងស្រុង ទៅលើព្រេងសំណាង និងលទ្ធផលចៃដន្យ (random outcome) របស់បៀរឬគ្រាប់ឡុកឡាក់ជាដើម។ ម្យ៉ាងទៀត បើនិយាយពីការលេងល្បែងក្នុងកាស៊ីណូវិញ ភាគរយក្នុងការចាញ់ ឬខាតតែងតែខ្ពស់ជាងការឈ្នះ ព្រោះប្រូបាបត្រូវបានកំណត់ឱ្យខាងមេជាអ្នកមានប្រៀបជាងរួចស្រេច។ ជាទូទៅ អ្នកលេងល្បែងធ្វើការសម្រេចចិត្តតាមអារម្មណ៍ងប់ងល់ និងលោភលន់ រំពឹងចង់ឈ្នះមួយក្តារធំ ទោះបីចាញ់ច្រើនដងយ៉ាងណាក៏ដោយ។
ចំពោះការវិនិយោគក្នុងផ្សារភាគហ៊ុនវិញ អ្នកវិនិយោគអាចជ្រើសរើសថា តើពួកគេគួរវិនិយោគក្នុងក្រមហ៊ុនតែមួយ ឬportfolio យ៉ាងដូចម្ត៉េចខ្លះ តើគួរទិញទុកក្នុងរយៈពេលប៉ុន្មាន ហើយគ្រោងលក់វិញក្នុងតម្លៃប៉ុន្មាន ជាដើម។ មុននឹងធ្វើការវិនិយោគ ពួកគេអាចសិក្សាពីទីផ្សារ និងលទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុននីមួយៗ, ក៏ដូចជាធ្វើការវាយតម្លៃថា តើការវិនិយោគទៅលើក្រុមហ៊ុនទាំងនេះនឹងអាចផ្តល់ផលចំណេញ ក្នុងកម្រិតណា ហើយក្នុងករណីសម្រេចចិត្តខុសវិញ ខ្លួននឹងទទួលខាតកម្រិតណា មុននឹងលក់ចេញ។ អ្នកវិនិយោគភាគហ៊ុនធ្វើការសម្រេចចិត្តផ្អែកលើព័តមានគ្រប់គ្រាន់ និងការវិភាគដិតដល់ ដោយមិនប្រើអារម្មណ៍។ ប្រសិនបើអ្នកដែលមិនចេះវិធីសាស្រ្តវិនិយោគត្រឹមត្រូវ មិនយល់ដឹងពីស្ថានភាពទីផ្សារ និងសេដ្ឋកិច្ច ហើយចេះតែដាក់វិនិយោគក្នុងភាគហ៊ុនតាមចិត្តចង់ នោះការវិនិយោគរបស់ពួកគេទើបប្រៀបបាននឹងការលេងល្បែង។