ធ្លាប់គិតថាចង់បង្កើតអាជីវកម្មមួយខ្លួនឯងទេ? ចង់បង្កើតអាជីវកម្មមួយ តែមិនមានបទពិសោធន៍ និងមិនដឹងចាប់ផ្ដើមពីណាមែនទេ? ថ្ងៃនេះ #LuyBook នឹងនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ពីគន្លឹះទាំង ៤ យ៉ាងដែលអ្នកគួរដឹង មុននឹងចង់ចាប់ផ្ដើមបង្កើតអាជីវកម្មណាមួយ ដូចខាងក្រោម៖
១. មានគំនិត៖
ដំបូងបំផុត អ្នកត្រូវមានគំនិតសិនថាចង់លក់អ្វី ឬចង់ផ្ដល់សេវាកម្មអ្វី? ហើយអ្នកត្រូវដឹងថា អាជីវកម្មនេះគួរចូលក្នុងទីផ្សារណាដែរ។ បន្ទាប់មក អ្នកត្រូវធ្វើការស្រាវជ្រាវបន្ថែមថា បច្ចុប្បន្ន តើមានក្រុមហ៊ុន ឬម៉ាកណាខ្លះនៅក្នុងទីផ្សារ? ប្រសិនបើគំនិតអាជីវកម្មអ្នក អាចផ្តល់អ្វីមួយដែលអាជីវកម្មផ្សេងទៀតនៅក្នុងទីផ្សារបច្ចុប្បន្នមិនមាន នោះគំនិតអាជីវកម្មរបស់អ្នកអាចផ្តល់តម្លៃថ្មីមួយ។
២. មានផែនការអាជីវកម្ម៖
បន្ទាប់ពីមានគំនិតហើយ អ្នកត្រូវសួរខ្លួនឯងនូវសំណួរមួយចំនួន៖
ក).តើអាជីវកម្មរបស់អ្នកមានគោលបំណង និងចក្ខុវិស័យអ្វី?
ខ).តើនរណាជាអតិថិជនអ្នក?
គ).តើគោលដៅធំបំផុតរបស់អ្នកជាអ្វី?
ឃ). តើអ្នករកប្រភពហិរញ្ញវត្ថុដើម្បីផ្គត់ផ្គង់អាជីវកម្មយ៉ាងដូចម្តេច?
ដើម្បីឆ្លើយសំណួរទាំងនេះ អ្នកគួរសរសេរផែនការអាជីវកម្ម។ ហើយនៅពេលសរសេរផែនការអាជីវកម្មនោះ អ្នកត្រូវធ្វើការស្រាវជ្រាវអំពីទីផ្សារ(Market Research) ដើម្បីឱ្យយល់ច្បាស់ពីអតិថិជនរបស់អ្នក ពោលគឺអំពីតម្រូវការ,ចំណង់ចំណូលចិត្ត និងអាកប្បកិរិយារបស់ពួកគេ។ ទន្ទឹមនេះ អ្នកក៏ត្រូវសិក្សាអំពី ដៃគូប្រកួតប្រជែងនៅក្នុងទីផ្សារ ដើម្បីឱ្យអ្នកដឹងពីរបៀបធ្វើឱ្យអាជីវកម្មខ្លួនមានលក្ខណៈខុសប្លែកពីគូប្រជែង។
៣. មានផែនការហិរញ្ញវត្ថុសម្រាប់អាជីវកម្ម៖
ការចាប់ផ្តើមអាជីវកម្មគឺត្រូវចំណាយលុយ ដូច្នេះអ្នកត្រូវដឹងពីហិរញ្ញវត្ថុដើម្បីទ្រទ្រង់ការចំណាយ ពោលគឺរកហិរញ្ញប្បទានពីវិនិយោគិន ឬខ្ចីប្រាក់ជាដើម។ ជាមួយគ្នាដែរ អ្នកត្រូវដឹងថាត្រូវការចំណាយប៉ុន្មានសិន។ ហើយដើម្បីឱ្យដឹងពីចំណាយ អ្នកអាចធ្វើការវិភាគ Break-Even Analysis ទើបដឹងថាតើពេលណាក្រុមហ៊ុនទទួលបានប្រាក់ចំណេញ។ រូបមន្តនៃការគណនាគឺ Fixed Costs / (Average Price – Variable Costs) = Break-Even Point ដែល Break-Even Point សំដៅទៅលើចំណុចដែលក្រុមហ៊ុនលែងខាត ហើយចាប់ផ្ដើមរកប្រាក់ចំណេញបានបន្ទាប់ពីការចាប់ផ្ដើមបើកអាជីវកម្ម។
៤. មានក្រុមការងារល្អ៖
សម្រាប់អាជីវកម្មមួយដែលទើបតែចាប់ផ្តើម វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកសាងក្រុមការងារមួយ ដែលមានចក្ខុវិស័យ និងគោលដៅរួមគ្នា ទើបអាចដើរទៅមុខជាមួយគ្នាបាន។ សម្រាប់អាជីវកម្មថ្មី អ្នកត្រូវកំណត់គម្លាតជំនាញរបស់សមាជិកនីមួយៗក្នុងក្រុមការងាររបស់អ្នក ដើម្បីស្វែងរកជំនាញដែលក្រុមការងារខ្វះខាត មកបំពេញបន្ថែម។ ធ្វើដូចនេះ សមាជិកក្រុមការងារសុទ្ធសឹងតែមានតួនាទី និងទំនួលខុសត្រូវដោយផ្អែកលើជំនាញរៀងៗខ្លួន។
បន្ទាប់ពីស្គាល់ពីចំណុចទាំង ៤ ខាងលើហើយ, តើអ្នកទាំងអស់គ្នាមានគ្រប់ចំណុច ឬមានប៉ុន្មានចំណុចហើយ? បើមានគ្រប់ចំណុចហើយ អ្នកទាំងអស់គ្នាអាចសិក្សាពីដំណាក់កាលបន្ទាប់ទៀត ដូចជាការកំណត់រចនាសម្ព័ន្ធ និងប្រភេទក្រុមហ៊ុន, ការចុះបញ្ជី, ការសុំអាជាបណ្ណ ជាដើម។