តើក្រមសីលធម៌អាជីវកម្ម (Business Ethics) ជាអ្វី? ក្រមសីលធម៌អាជីវកម្មមិនខុសពីក្រមសីលធម៌ជាទូទៅទេ ព្រោះសកម្មភាពអាជីវកម្មនឹងត្រូវវាយតម្លៃដោយមនុស្សនៅក្នុងសង្គមដូចគ្នា។ ដូច្នេះ ក្រមសីលធម៌អាជីវកម្មគឺពាក់ព័ន្ធនឹងការអនុវត្តគោលការណ៍ក្រមសីលធម៌ទូទៅ ចំពោះការសម្រេចចិត្ត, ដំណើរការអាជីវកម្ម និងប្រតិបត្តិការរបស់បុគ្គលិក។ ជាទូទៅ ក្រមសីលធម៌អាជីវកម្មក្ដោបបញ្ចូលនូវទិដ្ឋភាពជាច្រើនដូចជា៖ ការសូកប៉ាន់, អំពើពុករលួយ, ភាពឯកជន (privacy), ការរើសអើង, ការទទួលខុសត្រូវសង្គម (corporate social responsibility), ការគេចពន្ធ, សហជីពកម្មករ, និងកម្មសិទ្ធិបញ្ញា ជាដើម។
លក្ខណៈនិងគុណតម្លៃដែលមនុស្សមានក្រមសីលធម៌ប្រតិបត្តិមានដូចជា៖
១. ភាពស្មោះត្រង់៖ មិនកុហក ឬបោកបញ្ឆោត
២. ភាពសុចរិត៖ មិនធ្វើខុសពីមនសិការខ្លួន ឬខុសសីលធម៌វិជ្ជាជីវៈ, ការមិនលួចភាពឯកជន និងកម្មសិទ្ធិបញ្ញាអ្នកដទៃ
៣. រក្សាពាក្យសន្យា៖ មិនយកលេសគេចវេសពីពាក្យសន្យារបស់ខ្លួន ឬការប្ដេជ្ញាចិត្តណាមួយ
៤. ភាពស្មោះត្រង់៖ មិនបែកធ្លាយព័ត៌មានសម្ងាត់របស់អ្នកដទៃ ដើម្បីផលប្រយោជន៍ខ្លួនឯង
៥. ភាពយុត្តិធម៌៖ មិនទាញយកផលប្រយោជន៍ពីអ្នកដែលងាយរងគ្រោះ ឬអ្នកមានឋានៈតូចជាង
៦. គិតពីអ្នកដទៃ៖ មិនធ្វើបាបអ្នកដទៃ
៧. គោរពអ្នកដទៃ៖ មិនរើសអើងអ្នកដទៃ
ខណៈពេលដែលអ្នកគ្រប់គ្រងក្រុមហ៊ុនភាគច្រើនប្រយ័ត្នប្រយែង ដើម្បីធានាថាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន គឺស្ថិតនៅក្នុងព្រំដែនវិស័យផ្លូវការ និងស្របច្បាប់ក៏ដោយ តែពេលខ្លះពួកគេអាចមើលរំលងពីយុទ្ធសាស្ត្រក្រុមហ៊ុនដាក់ចេញ ដែលអាចប៉ះពាល់ដល់ក្រមសីលធម៌បាន។ ឧទាហរណ៍៖ Wells Fargo គឺជាធនាគារដែលមានរឿងអាស្រូវពីការដែលបុគ្គលិកធនាគារបានបង្កើតគណនីក្លែងក្លាយ ដោយមិនមានការអនុញ្ញាតពីអតិថិជនឡើយ។ ការណ៍នេះកើតឡើងដោយ ធនាគារបានដាក់គោលដៅលក់ (sales target) ដល់បុគ្គលិករបស់គេ ពោលគឺប្រសិនបើមានអតិថិជនបង្កើតគណនីច្រើនជាមួយធនាគារ ពួកគេក៏ទទួលបាន bonus ទៅតាមនោះ ទើបកើតមានករណីនេះឡើង។
នេះជាមេរៀនមួយសម្រាប់អ្នកទាំងអស់គ្នាឱ្យបានយល់ច្បាស់ពីក្រមសីលធម៌អាជីវកម្ម ពីព្រោះថាក្នុងការធ្វើអាជីវកម្ម អ្នកទាំងអស់គ្នាមិនអាចគិតតែពីប្រាក់ចំនេញមួយមុខបានទេ ក្រមសីលធម៌ក៏ត្រូវដើរតួសំខាន់ដូចគ្នា។