អ្នកណាខ្លះគ្រោងចង់រៀបការពេលស្បើយពី COVID-19?
ប្រសិនបើអ្នកកំពុងគិតគូររឿងសារភាពស្នេហ៍ សុំគេរៀបការ រឿងសំខាន់មួយដែលអ្នកត្រូវគិតគូរគឺរឿងហិរញ្ញវត្ថុ។ តើអ្នកទាំងពីរគួរមានលុយប៉ុន្មានមុននឹងចាប់ផ្ដើមបង្កើតគ្រួសារផ្ទាល់ខ្លួន?
ដំបូន្មានជាទូទៅណែនាំថាអ្នកនិងដៃគូរបស់អ្នក គួរមានលុយសន្សំយ៉ាងហោចណាស់ ស្មើនឹងចំណូលរបស់អ្នកក្នុងមួយឆ្នាំ។ បើអ្នកទាំងពីររកចំណូលបាន $៦០,០០០ ក្នុងមួួយឆ្នាំ អ្នកទាំងពីរគួរមានលុយសន្សំទុក $៦០,០០០ (ក្នុងគណនីសន្សំឬវិនិយោគផ្សេងៗ) មុននឹងគិតគូររឿងរៀបការ។ លុយសន្សំនេះគឺសម្រាប់ត្រៀមលើចំណាយផ្សេងៗដែលមាននៅពេលអ្នករៀបការនិងចាប់ផ្តើមគ្រួសារថ្មីមួយ។ ប៉ុន្តែចំនួននេះនឹងប្រែប្រួលទៅតាមករណីនីមួយៗ។ ដើម្បីគ្រោងទុកថាអ្នកត្រូវសន្សំលុយប៉ុន្មាន អ្នកត្រូវពិភាក្សាជាមួយដៃគូរអ្នកនូវសំនួរដូចជា៖
- តើអ្នកទាំងពីរមានចំណាយប្រចាំខែប៉ុន្មាន? តើការចំណាយសាកសមគ្នាដែរឬទេ?
- តើមាននរណាម្នាក់មានជាប់បំណុលឬទេ? តើត្រូវជួយគ្នាសងដែរឬទេ?
- តើអ្នកចង់ទិញផ្ទះពេលណា? ទិញភ្លាម ឬជួលផ្ទះមួយរយៈសិន? ផ្ទះក្នុងក្រុងបច្ចុប្បន្នចាប់ផ្ដើមពី $៦០,០០០-$៧០,០០០ឡើងទៅ។ ថ្លៃជួលអាចចាប់ពី $៣០០ក្នុងមួយខែឡើងទៅ។ តើអ្នកត្រូវសន្សំប៉ុន្មានក្នុងមួយឆ្នាំៗដើម្បីទិញផ្ទះ?
- តើត្រូវចំណាយប្រហែលប៉ុន្មានសម្រាប់គ្រឿងតុបតែងផ្ទះ?
- តើមានគម្រោងចំណាយធំៗអ្វីខ្លះក្នុងពេល ៣ឆ្នាំបន្ទាប់ពីរៀបការ? ចង់បានកូន? ចង់ដាក់ទុនវិនិយោគ ឬធ្វើអាជីវកម្មជាដើម។
អ្នកគួរពិភាក្សាសំនួរទាំងនេះ ជាមួយដៃគូរអ្នក ដើម្បីកុំឱ្យមានបញ្ហាមិនចុះសម្រុងគ្នាទៅថ្ងៃក្រោយពេលរៀបការរួច ក៏ដូចជាដើម្បីរៀបចំផែនការគ្រួសារមួយឱ្យបានល្អឱ្យជីវិតគ្រួសារថ្មីរបស់អ្នកមានភាពជោគជ័យផងដែរ។ ជាការពិតណាស់ នេះគ្រាន់តែជាផ្នែកមួយនៃការសម្រេចចិត្តចាប់ដៃគ្នារៀបអាពាហ៍ពិពាហ៍នោះទេ។