fbpx

ធ្លាប់ឆ្ងល់អត់ថាហេតុអ្វីក្រុមហ៊ុនខ្លះ ឬអាជីវកម្មខ្លះបង្កើតចេញមកហើយ ល្បីល្បាញបានមួយរយៈ ក៏រលាយបាត់ទៅវិញ? ហើយក្រុមហ៊ុនខ្លះម៉េចក៏អាចឈរជើងក្នុងទីផ្សារបានយូរម្ល៉េះ?

វិនិយោគិនទាំងអស់គួរដឹងពីវដ្ដជីវិតអាជីវកម្មរបស់ក្រុមហ៊ុនដែលខ្លួនចង់វិនិយោគ ព្រោះវាពាក់ព័ន្ធនឹងប្រាក់ចំណេញនិងកម្រិតហានិភ័យដែលអ្នកទាំងអស់គ្នាអាចទទួលបានមកវិញ។ សំខាន់ជាងនេះទៀត ម្ចាស់អាជីវកម្មទាំងអស់ត្រូវយល់ឱ្យច្បាស់ពីអាជីវកម្មរបស់ខ្លួនថាស្ថិតនៅក្នុងវដ្ដជីវិតអាជីវកម្មណា ដើម្បីរៀបចំគោលដៅយុទ្ធសាស្ត្រឱ្យសមស្របទៅនឹងស្ថានភាពទីផ្សារ។ ជាទូទៅ អាជីវកម្មទាំងអស់សុទ្ធតែត្រូវឆ្លងកាត់ដំណាក់កាលសំខាន់ៗទាំង ៤ ដូចខាងក្រោម៖

១. ដំណាក់កាលចាប់ផ្ដើម (startup/launching)

នេះគឺជាដំណាក់កាលដំបូងបំផុតនៃការចាប់ផ្ដើមរៀបចំអាជីវកម្ម, គម្រោងក្នុងការរៀបចំប្រតិបត្តិការ, ផែនការទីផ្សារ, និងការសម្ភោធផលិតផល ឬសេវាកម្មដំបូង។ ក្នុងដំណាក់កាលនេះ ក្រុមហ៊ុនមានបុគ្គលិកតិច តែសុទ្ធតែត្រូវធ្វើការច្រើនមុខ ហើយអាជីវកម្មមិនទាន់មានប្រាក់ចំណេញនៅឡើយ។ ក្នុងដំណាក់កាលនេះ ម្ចាស់អាជីវកម្មត្រូវផ្ដោតលើការផ្សព្វផ្សាយ និងបង្កើតបណ្ដាញអតិថិជនឱ្យបានទូលំទូលាយ។

២. ដំណាក់កាលកំណើន (Growth)

មានអតិថិជនចាប់ផ្ដើមស្គាល់ច្រើន ហើយអាជីវកម្មក៏រកបានប្រាក់ចំណូលច្រើនជាបន្ដបន្ទាប់ ហើយក៏ចាប់ផ្ដើមមានប្រាក់ចំណេញដែរ។ បុគ្គលិកក៏មានច្រើនគួរសម ហើយនេះជាដំណាក់កាលដែលម្ចាស់អាជីវកម្មត្រូវផ្ដោតលើការពង្រីកអាជីវកម្មបន្ថែម និងពង្រឹងគុណភាពផងដែរដោយរក្សាទំនាក់ទំនងល្អជាមួយអតិថិជន និងព្យាយាមរក្សាបុគ្គលិកល្អៗផងដែរ។

៣. ដំណាក់កាលចំណាស់ (Maturity)

នៅពេលដែលអាចជីវកម្មឈរជើងយូរដែរហើយ អាជីវកម្មនេះនឹងមិនមានកំណើនខ្ពស់ទៀតទេ តែមានលំហូរសាច់ប្រាក់ច្រើនដែលអាចទ្រាំទ្រនឹងឈរជើងបាន នៅក្នុងទីផ្សារ។ ប្រាក់ចំណូល និងប្រាក់ចំណេញក៏មានការថមថយបន្តិច ដោយសារតែមានគូប្រកួតប្រជែងច្រើនជាងមុន តែយ៉ាងណាមិញ អាជីវកម្មនេះមានលំនឹង និងស្ថិរភាពហើយ។

៤. ដំណាក់កាលធ្លាក់ចុះ/ចាប់ផ្ដើមថ្មី (Decline/Renewal)

បន្ទាប់ពីមានស្ថិរភាពហើយ អាជីវកម្មនេះចាប់ផ្ដើមចាប់អារម្មណ៍ថាអតិថិជនមានតម្រូវការបន្ថែមលើផលិតផល ឬសេវាកម្មដែលមាន។ ប្រសិនបើ ចំណូលអាជីវកម្មមានការធ្លាក់ចុះ ៣ ត្រីមាសជាប់គ្នា, នេះមានន័យថាអាជីវកម្មស្ថិតក្នុងដំណាក់កាលធ្លាក់ចុះហើយ នឹងអាចបាត់មុខពីទីផ្សារតែម្ដងនៅថ្ងៃអនាគត។ ទោះជាយ៉ាងណាក្ដី អាជីវកម្មនឹងនៅតែបន្តរក្សាកេរ្តិ៍ឈ្មោះ ឬអាចចូលដំណាក់កាលទី ១ម្ដងទៀត ប្រសិនបើចេះវិនិយោគលើការបង្កើតថ្មី និងបច្ចេកវិទ្យានវានុវត្តន៍ ដើម្បីរក្សាភាពប្រកួតប្រជែងរបស់ខ្លួនក្នុងទីផ្សារ។

ដំណាក់កាលនៃវដ្តអាជីវកម្ម

Leave a Reply

Scroll to top
%d bloggers like this: