fbpx
ដែលស្គាល់អត់, អ្វីទៅជា Unicorn start-up?
 
Unicorn គឺជាពាក្យក្នុងពិភពជំនួញ ដែលគេសំដៅទៅលើក្រុមហ៊ុន startup ឯកជនដែលមានតម្លៃលើសពី ១ ពាន់លានដុល្លារ។ ថ្ងៃនេះដែរ LuyBook ចង់មកចែករំលែកពីបណ្តុំ unicorn ដែលកំពុងតែរីកលូតលាស់យ៉ាងរហ័សនៅក្នុងតំបន់អាស៊ានយើងផ្ទាល់តែម្តង។
 
អាស៊ាន គឺជាទីផ្សារវិនិយោគមួយដែលមានភាពទាក់ទាញខ្ពស់សម្រាប់វិនិយោគិន និងអ្នកជំនួញ ដោយមូលហេតុប្រជាជនមានអាយុក្មេង (មេដ្យានអាយុ ២៨,៩ ឆ្នាំ), ទំហំទីផ្សារធំ (សរុបប្រជាជនលើសពី ៦០០លាននាក់) និង រួមជាមួយបរិយាកាសឌីជីថលដ៏អំណោយផល ដែលបានបង្កើតនូវប្រព័ន្ធអេកូឡូស៊ីយ៉ាងរស់រវើកនៅក្នុងតំបន់ សម្រាប់ការបង្កើតជំនួញថ្មីៗនៅក្នុងវិស័យ fintech, ពាណិជ្ជកម្មអេឡិចត្រូនិច និងអនឡាញ (e-commerce) និង សេវាកម្មតាមតម្រូវការជាដើម។ មកទល់ពេលនេះ អាស៊ានមាន unicorn សរុបជាង ១០ ក្រុមហ៊ុន ដែលប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ីជាអ្នកនាំមុខ ក្នុងការបង្កើតអាជីវកម្ម unicorn នេះ ហើយក្នុងនោះក៏មានលេចមុខនូវក្រុមហ៊ុនមួយរបស់វៀតណាម ដែលឈ្មោះ VinaGame ផងដែរ។
 
ឥឡូវយើងនាំគ្នាមកស្វែងយល់ពីក្រុមហ៊ុននីមួយៗទៅមើលថាពួកគាត់ជាប្រតិបត្តិករក្នុងវិស័យអ្វីខ្លះ?
 
១. Grab: ឈ្មោះនេះប្រហែលជាត្រូវបានគេស្គាល់ច្រើន និងឧស្សាហ៍លឺជាងគេក្នុងចំណោមទិដ្ឋភាពបច្ចេកវិទ្យានៅអាស៊ាន។ ក្រុមហ៊ុននេះ ត្រូវបានចាប់ផ្តើមដោយស្ថាបនិកជនជាតិម៉ាឡេស៊ីនៅប្រទេសសិង្ហបុរីនៅឆ្នាំ ២០១២ ហើយវាគឺជាក្រុមហ៊ុន unicorn ដំបូងបង្អស់នៅអាស៊ាន ដែលត្រឹមខែកុម្ភៈឆ្នាំ ២០២០ ត្រូវបានគេវាយតម្លៃដល់ទៅ ១៤ ពាន់លានដុល្លារ។ សព្វថ្ងៃ វាផ្តល់សេវាកម្មកម្ម៉ង់យានជំនិះ, ដឹកជញ្ជូនម្ហូបអាហារ និង ការទូទាត់ដោយឥតប្រើសាច់ប្រាក់ជាដើម (cashless payment)។
 
២. Sea: គឺជាក្រុមហ៊ុន Internet platform របស់សិង្ហបុរីបង្កើតក្នុងឆ្នាំ ២០០៩ ដែលផ្តល់សេវាកម្មព័ត៌មានវិទ្យា និងឌីជីថល ដោយរួមបញ្ចូលនូវកម្មវិធីកំសាន្ត, e-commerce និង fintech។ ក្រុមហ៊ុននេះមាន Shopee ជាដៃផ្នែក e-commerce និង Seamoney ជាដៃផ្នែក fintech ដែលបច្ចុប្បន្នកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស។ កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុននេះបានប្រកាសដាក់លក់ភាគហ៊ុនរបស់ខ្លួនជាសាធារណៈ (IPO) នៅលើទីផ្សារភាគហ៊ុនរបស់អាមេរិក (NYSE) ហើយត្រឹមថ្ងៃទី ២ ខែវិចិ្ឆកា ឆ្នាំ ២០២០ ក្រុមហ៊ុននេះ មាន market capitalization សរុបចំនួន ៧៧ ពាន់លានដុល្លារ។
 
៣. Lazada: គឺជាក្រុមហ៊ុន e-commerce នៅប្រទេសសិង្ហបុរី ដែលត្រូវបានបង្កើតនៅឆ្នាំ ២០១២ ដោយ Rocket Internet របស់អាឡឺម៉ង់។ ក្រុមហ៊ុននេះ ត្រូវបានផ្ទេរសិទ្ធកាន់កាប់ទៅឱ្យក្រុមហ៊ុន Alibaba របស់លោកជេក ម៉ា នៅឆ្នាំ ២០១៦ ជាមួយនឹងការវិនិយោគក្នុងតម្លៃប្រមាណ ២ ពាន់លានដុល្លារ។
 
៤. Razer: ក្រុមហ៊ុននេះ មានទីស្នាក់ការកណ្តាលទាំងនៅសិង្ហបុរីនិងសហរដ្ឋអាមេរិក និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ដែលមានអាយុចំណាស់ជាង unicorn ផ្សេងៗទៀតដែលត្រូវយកមកនិយាយក្នុងថ្ងៃនេះ ។ Razer ឌីស្សាញ, ផលិត និងលក់គ្រឿងអេឡិចត្រូនិក, gaming computer និង hardware ជាដើម។ នៅឆ្នាំ ២០១៧ ក្រុមហ៊ុននេះបាន IPO នៅលើទីផ្សារភាគហ៊ុនរបស់ហុងកុងផងដែរ (HKG) ហើយត្រឹមថ្ងៃទី ២ ខែវិចិ្ឆកា ឆ្នាំ ២០២០ ក្រុមហ៊ុននេះ មាន market capitalization សរុបប្រហែល ២០ ពាន់លានដុល្លារ។
 
៥. Gojek: ជាក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ និងជាដៃគូប្រកួតមួយរបស់ Grab។ Gojek ត្រូវបានប៉ាន់ស្មានដោយក្រុមហ៊ុនអាមេរិកថាមានតម្លៃប្រហែល ៩ ទៅ ១០ ពាន់លានដុល្លារ។
 
៦. Traveloka: ជាក្រុមហ៊ុនឥណ្ឌូនេស៊ី បង្កើតឡើងនៅឆ្នាំ ២០១២ ដែលផ្តល់នូវសេវាកម្មកក់សំបុត្រយន្តហោះនិងសេវាកម្មកក់សណ្ឋាគារតាមអ៊ីនធឺណែតដែលកំពុងរីកចម្រើននៅក្នុងអាស៊ីអាគ្នេយ៍និងអូស្ត្រាលី។ ត្រឹមខែកក្តដា ឆ្នាំ ២០២០ ក្រុមហ៊ុននេះ ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ៣,៣ ពាន់លានដុល្លារ។
 
៧. Tokopedia: ជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ ឥណ្ឌូនេស៊ី បង្កើតឡើងនៅឆ្នាំ ២០០៩ ដែលមានឯកទេសខាងពាណិជ្ជកម្ម e-commerce។ ក្នុងឆ្នាំ ២០២០ នេះ ក្រុមហ៊ុន Tokopedia ទទួលបានការបណ្តាក់ទុនបន្ថែមចំនួន ១,៥ ពាន់លានដុល្លារ ដែលធ្វើឱ្យតម្លៃរបស់ក្រុមហ៊ុនកើនឡើងទៅប្រមាណ ៩ ពាន់លានដុល្លារ។
 
៨. Trax: ជាក្រុមហ៊ុនបច្ចេកវិទ្យារបស់សិង្ហបុរី បង្កើតឡើងនៅឆ្នាំ ២០១២ ដែលជួយយីហោធំៗធ្វើការស្រាវជ្រាវទីផ្សារនៅតាមស្ថានីយលក់រាយ (retails terminal)។ ក្រុមហ៊ុន Trax មានតម្លៃប្រហែល ១,៣ ពាន់លានដុល្លារតាមការប៉ាន់ស្មានតម្លៃចុងក្រោយនាឆ្នាំ ២០១៩។
 
៩. VinaGame (VNG): ជាក្រុមហ៊ុនហ្គេមរបស់វៀតណាមដែលបច្ចុប្បន្ន បង្កើតឡើងនៅឆ្នាំ ២០០៤ ហើយបច្ចុប្បន្នបានពង្រីកចូលក្នុងវិស័យ e-commerce, បណ្តាញទំនាក់ទំនងសង្គម, ការទូទាត់ប្រាក់ផ្នែកអេឡិចត្រូនិចជាដើម។ តាមកិច្ចព្រមព្រៀងចុងក្រោយរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន VNG មានតម្លៃប្រមាណ ២,៧៧ ពាន់លានដុល្លារ។
 
១០. Bukalapak: ជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ ឥណ្ឌូនេស៊ី បង្កើតឡើងនៅឆ្នាំ ២០១០ ហើយបច្ចុប្បន្ន វាជាក្រុមហ៊ុន e-commerce ធំជាងគេនៅឥណ្ឌូនេស៊ី។ ក្រុមហ៊ុន Bukalapak មានតម្លៃប្រហែល ២,៥ ពាន់លានដុល្លារតាមការប៉ាន់ស្មានតម្លៃចុងក្រោយនាឆ្នាំ ២០១៩។
 
១១. JD.ID គឺជាអនឡាញម៉លរបស់ឥណ្ឌូនេស៊ីបង្កើតឡើងនៅឆ្នាំ ២០១៥។ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន JD.ID ត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រហែល ១ ពាន់លានដុល្លារ
 
១២. OVO គឺជាសេវាកម្មទូទាត់ឌីជីថលរបស់ប្រទេសឥណ្ឌូនេស៊ី បង្កើតនៅឆ្នាំ ២០១៧ ដោយសម្ព័ន្ធ Lippo គ្រុប ដែលគ្រប់គ្រងទ្រព្យសម្បត្តិជាង ១៥ ពាន់លានដុល្លា រនិងមានវិនិយោគទុនយ៉ាងច្រើនក្នុងវិស័យលក់រាយ, ប្រព័ន្ធផ្សព្វផ្សាយ, អចលនទ្រព្យ, ធនាគារ, ធនធានធម្មជាតិ, សណ្ឋាគារ, និងសេវាកម្មថែទាំសុខភាព។ ត្រឹមខែតុលា ឆ្នាំ ២០១៩ ក្រុមហ៊ុន OVO ត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រហែល ២,៩ ពាន់លានដុល្លារ។
 
ចាំមើលតិចមើលថាប៉ុន្មានឆ្នាំទៀតខ្មែរយើងអាចមាន unicorn នឹងគេដែរ?
តោះមកស្គាល់ unicorn startup នៅអាស៊ាន

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading