fbpx
មានអ្នកចាប់អារម្មណ៍ចង់បង្កើតអាជីវកម្មថ្មី ឬក៏កំពុងតែបង្កើតអាជីវកម្មថ្មីអត់? ការបង្កើតអាជីវកម្មថ្មីពិតជាលំបាក ហើយសហគ្រិនពិតជាជួបប្រទះនូវបញ្ហាប្រឈមជាច្រើន។ ក្នុងនោះដែរ ស្ថានភាពហិរញ្ញវត្ថុគឺពិតជាដើរតួសំខាន់ក្នុងការទ្រទ្រង់អាជីវកម្មឱ្យដើរទៅមុខ និងរីកចម្រើនទៅមុខ។
 
ខាងក្រោមនេះជា financial hacks ទាំង ១០ សម្រាប់សហគ្រិនដែលកំពុងបង្កើតអាជីវកម្មថ្មី ដូចខាងក្រោម៖
 
១. ដឹងពីជម្រើសហរិញ្ញប្បទាន៖ ដើម្បីឱ្យអាជីវកម្មថ្មីដើរទៅមុខបានល្អ ភាគច្រើនសហគ្រិនមានតម្រូវការផ្នែកហិរញ្ញវត្ថុផ្សេងៗ ក្នុងទម្រង់ជាការវិនិយោគក្ដី ឬកម្ចីអាជីវកម្មផ្ទាល់។ សម្រាប់ការជ្រើសរើសជម្រើសណាមួយ សហគ្រិនទាំងអស់គួរសិក្សាឱ្យបានច្បាស់លាស់ពីជម្រើសទាំងអស់។ឧទាហរណ៍ ការយកកម្ចីដើម្បីធ្វើអាជីវកម្មពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ, អ្នកទាំងអស់គ្នាត្រូវសិក្សាឱ្យបានច្បាស់លាស់អំពីប្រភេទកម្ចី, រយៈពេលខ្ចី, របៀបនៃការសងត្រឡប់ និងជាពិសេសគឺការប្រាក់។
 
២. ត្រូវគ្រប់គ្រងលំហូរសាច់ប្រាក់ឱ្យបានល្អ៖ បញ្ហាលំហូរសាច់ប្រាក់គឺពិតជាមានសារៈសំខាន់ សម្រាប់អាជីវកម្មទូទៅ ហើយជាពិសេសសម្រាប់អាជីវកម្មថ្មីផ្ទាល់។ សហគ្រិនត្រូវដឹងថាសាច់ប្រាក់របស់អាជីវកម្មខ្លួនបានហូរចូល និងចេញទៅណាខ្លះ។ ធ្វើដូចនេះ អ្នកទាំងអស់គ្នាអាចដឹងច្បាស់ពីស្ថានភាពហិរញ្ញវត្ថុខ្លួន និងបង្ការពីបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងហិរញ្ញវត្ថុ។
 
៣. មានបញ្ជីចំណូល-ចំណាយត្រឹមត្រូវ៖ បើទោះបីជាអាជីវកម្មថ្មីក៏ដោយ, អ្នកទាំងអស់គ្នាត្រូវតាមដានរាល់ចំណាយរបស់ខ្លួនឱ្យបានច្បាស់លាស់។ គួរចាប់ផ្ដើមពីបញ្ជីសាមញ្ញពីតូចឱ្យហើយ ព្រោះពេលដែលអាជីវកម្មកាន់តែធំ, បញ្ជីនោះកាន់តែស្មុគស្មាញ ហើយអ្នកទាំងអស់គ្នានឹងស្ត្រេសជាមួយបញ្ហានេះផ្ទាល់ ដូចជាការរៀបចំបង់ពន្ធដារជាដើម។
 
៤. កាត់បន្ថយចំណាយថេរ (fixed expense)៖ ពេលចាប់ផ្ដើមអាជីវកម្មដំបូង អ្នកទាំងអស់គ្នាត្រូវរក្សាចំណាយឱ្យទាបបំផុត ដូចនេះការកាត់បន្ថយចំណាយថេរគឺមានសារៈសំខាន់ ពោលដូចជាការចំណាយលើការជួលការិយាល័យធំ ដែលថ្លៃជាដើម។
 
៥. បែងចែកចំណាយឱ្យច្បាស់ពីអាជីវកម្ម និងផ្ទាល់ខ្លួន៖ បើទោះបីជាពេលខ្លះ សហគ្រិនប្រើប្រាស់លុយផ្ទាល់ខ្លួនដើម្បីទ្រទ្រង់អាជីវកម្មក្ដី អ្នកទាំងអស់គ្នាគួរធ្វើការបែងចែកគណនីឱ្យច្បាស់។ ធ្វើដូចនេះ អ្នកទាំងអស់គ្នាអាចតាមដានចំណាយរបស់ខ្លួនបានច្បាស់លាស់ និងជៀសវាងពីការឈឺក្បាលពេលចាយច្រឡំគ្នា។
 
៦. គណនាចំណុច break-even៖ មុននឹងចាប់ផ្ដើមអាជីវកម្ម អ្នកទាំងអស់គ្នាត្រូវគណនាចំណុច break-even ដែលជាចំណុចដែលអាជីវកម្មរបស់អ្នកចាប់ផ្ដើមរកបានប្រាក់ចំណេញ ពោលគឺឈប់ខាត។ ការដឹងពីចំណុចនេះ អាចឱ្យអ្នកទាំងអស់គ្នាមានគោលដៅច្បាស់លាស់ និងអាចធ្វើការសម្រេចជាយុទ្ធសាស្ត្រដើម្បីឱ្យអាជីវកម្មអ្នករីកចម្រើនទៅមុខ។
 
៧. ប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាព៖ ពេលវេលាគឺជាមាសប្រាក់ ហើយពេលវេលាកាន់តែសំខាន់នៅពេលដែលអ្នកកំពុងរៀបចំកសាងអាជីវកម្មថ្មី។ ដូចនេះ អ្នកទាំងអស់គ្នាត្រូវរៀបចំកាលវិភាគខ្លួនឯងឱ្យបានល្អ ថាពេលណាត្រូវធ្វើសកម្មភាពអ្វីខ្លះ, ជួបនរណាខ្លះ ដែលមានសារៈប្រយោជន៍ដល់អាជីវកម្មរបស់អ្នកទាំងអស់គ្នា។
 
៨. ផ្ដោតលើការទាក់ទាញអតិថិជន៖ គោលដៅធំបំផុតដើម្បីឱ្យអាជីវកម្មរីកចម្រើន គឺមានអតិថិជនច្រើន។ ដូចនេះ អ្នកទាំងអស់គ្នាគួរស្វែងរកវិធីសាស្ត្រណាដែលអាចទាក់ទាញអតិថិជនកាន់តែច្រើន ហើយបើចំណាយថវិកាតិចទៀត គឺកាន់តែប្រសើរ។
 
៩. មានទីប្រឹក្សា៖ ជាធម្មតា មនុស្សយើងមិនអាចចេះគ្រប់មុខទេ ហើយសម្រាប់ការបង្កើតអាជីវកម្មថ្មីនេះផ្ទាល់, អ្នកទាំងអស់គ្នាត្រូវការទីប្រឹក្សាដែលមានជំនាញ និងបទពិសោធន៍ដើម្បីឱ្យអាជីវកម្មនេះដើរទៅមុខប្រកបដោយចីរភាព។
 
១០. កុំភ្លេចឱ្យប្រាក់ខែខ្លួនឯងជាសហគ្រិន៖ ធ្វើការច្រើនសម្រាប់អាជីវកម្មខ្លួនជាចំណុចល្អ តែយ៉ាងណាក៏ដោយ អ្នកទាំងអស់គ្នាកុំភ្លេចឱ្យប្រាក់ខែខ្លួនឯងផង ទើបមានកម្លាំងចិត្តកាន់តែខ្លាំងដើម្បីដើរទៅមុខ។
Financial Hacks សម្រាប់អាជីវកម្មថ្មី

Leave a Reply

Scroll to top
%d bloggers like this: