ឆ្ងល់អត់ធនាគារជាតិនៃកម្ពុជាបង្កើតបាគងមក ដើម្បីអ្វី?
ឧបមាថាអ្នកចង់ផ្ទេរលុយ ១ម៉ឺនដុល្លារទៅមិត្តម្នាក់ តើរាល់ដងអ្នកធ្វើដោយរបៀបណាដែរ?
វិធីដែលយើងទាំងអស់គ្នារមែងតែងធ្វើ គឺយើងអាចឱ្យលុយជាសាច់ប្រាក់សុទ្ធ ១ម៉ឺនដុល្លារទៅមិត្តភក្តិនោះតែម្តង។ ប្រសិនបើមិត្តនោះ ប្រើធនាគារដូចគ្នានឹងយើងដែរ យើងអាចផ្ទេរប្រាក់ទៅកុងរបស់មិត្តនោះតាមរយៈ app របស់ធនាគារ ដោយមិនមានគិតថ្លៃសេវា។ តែបើមិនចឹងទេ អាចប្រើ Wing ក៏បាន។
ចុះប្រសិនបើយើងអត់មានសាច់ប្រាក់លើខ្លួន ហើយមិត្តភក្តិអត់ប្រើគណនីធនាគារដូចគ្នាទៀត, ធ្វើយ៉ាងទៅ?
វិធីទី ១៖ ជិះទៅធនាគារ ដើម្បីដកប្រាក់ឱ្យមិត្តនោះ។
វិធីទី ២៖ អាចទៅការិយាល័យធនាគារ ដើម្បីស្នើសុំឱ្យមានការផ្ទេររវាងធនាគារ ឬ ប្រើតាម app របស់ធនាគារ ហើយបង់ថ្លៃសេវាផ្ទេរប្រាក់។
ប៉ុន្តែឥឡូវនេះ អ្នកដឹងទេថា ជាមួយនឹងបាគង ដែលជាប្រព័ន្ធទូទាត់លុយបង្កើតដោយធនាគារជាតិនៃកម្ពុជា អ្នកអាចប្រើកាបូបលុយអេឡិចត្រូនិច (national e-wallet) សម្រាប់ជួយអ្នកក្នុងការផ្ទេរប្រាក់ ឬ ទូទាត់ប្រាក់រវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុភ្លាមៗ ដោយមិនគិតថ្លៃសេវា!
ជាមួយនឹងកម្មវិធី appបាគង អ្នកអាចផ្ទេរ និងទទួលសាច់ប្រាក់ ទាំងប្រាក់រៀល និងដុល្លារអាមេរិកតាមរយៈទូរស័ព្ទដៃ ភ្លាមៗ និងមិនចាំបាច់ចំណាយពេលក្នុងការរង់ចាំ។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែដោនឡូតកម្មវិធីនេះ ហើយភ្ជាប់វាទៅនឹងគណនីធនាគារ ឬគណនីសេវាកម្មបង់ប្រាក់របស់អ្នក ដែលជាសមាជិកនៃប្រព័ន្ធបាគង ដែលបច្ចុប្បន្នមាន ធនាគារ អេស៊ីលីដា, ABA, Wing, Chip Mong Bank, ធនាគារ ស្ថាបនា, ធនាគារ កាណាឌីយ៉ា, ធនាគារ វឌ្ឍនៈ, ធនាគារ ប្រៃសណីយ៍កម្ពុជា,ប្រាសាក់, AMK, Prince Bank, Speed Pay, ធនាគារ FTB, PPC Bank, BIDC, Phillip Bank, WB Finance និង True Money។ បន្ទាប់មកគឺអាចចាប់ផ្តើមផ្ញើ ឬទទួលលុយពីមិត្តភក្តិ និងដៃគូអាជីវកម្មរបស់អ្នកទាំងអស់ ដោយឥតគិតថ្លៃ! បន្ថែមពីនេះទៀត អ្នកលែងចាំបាច់ព្រួយបារម្ភអំពីសុវត្ថិភាពនៅពេលដែលត្រូវទៅដកសាច់ប្រាក់ពីធនាគារម្តងៗទៀតហើយ!
បាគងត្រូវបង្កើតឡើង និងដាក់ឱ្យដំណើរការស្របពេល ដែលកម្ពុជាកំពុងជំរុញការប្រើប្រាស់ fintech ដើម្បីជាឧបករណ៍ក្នុងការពន្លឿនសេដ្ឋកិច្ចកម្ពុជាទៅរកសេដ្ឋកិច្ចឌីជីថល។ ប្រព័ន្ធទូទាត់ និងផ្ទេរប្រាក់លើទូរស័ព្ទដៃនេះ នឹងដើរតួសំខាន់ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ដោយរួមបញ្ចូលប្រជាជនកម្ពុជាដែលស្ថិតនៅក្រៅវិស័យធនាគារឱ្យចូលរួមសកម្មភាពក្នុងវិស័យហិរញ្ញវត្ថុ ព្រោះថាសព្វថ្ងៃ ប្រជាជនកម្ពុជាជាច្រើនមានទូរស័ព្ទស្មាតហ្វូនសម្រាប់ប្រើប្រាស់។
សាកដោនឡូត ប្រើម្នាក់មួយមើល ហើយចែករំលែកបទពិសោធន៍មក admin ផង!
ស្វែងយល់អំពីបាគង