តើអ្នកធ្លាប់ស្រមៃមើលទេថា ពិភពលោកនឹងប្រែប្រួលទៅជាយ៉ាងណាក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ជាមួយនឹងការវិវត្តយ៉ាងឆាប់របស់បច្ចេកវិទ្យាទំនើប?
ពិតណាស់ ជីវិតរបស់ពួកយើងម្នាក់ៗអាចនឹងផ្លាស់ប្តូរទៅជាអ្វីដែលយើងមិនអាចនឹកស្មានដល់ ក្នុងរយៈពេលតែប៉ុន្មានឆ្នាំខាងមុខទៀតប៉ុណ្ណោះ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃ internet of things, artificial intelligent (AI), machine learning, virtual reality ជាដើម។
ស្របគ្នានោះ មនុស្ស ១ ក្នុងចំណោម ៣ នាក់ នឹងត្រូវការផ្លាស់ប្តូរជំនាញការងារឡើងវិញនៅឆ្នាំ ២០៣០។ – Mckinsey Global Institute
ចំណេះដឹងមូលដ្ឋាន ដែលបម្រើការដល់វិស័យការងារនាពេលបច្ចុប្បន្ន នឹងមិនបំពេញលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការងារជាច្រើននៅពេលអនាគត។ ការងារមួយភាគធំនឹងត្រូវបានជំនួសដោយ AI និងស្វ័យប្រវត្តិកម្ម។ ដើម្បីតម្រង់ទិសជំនាញ, ការងារ និងអាជីវកម្មរបស់អ្នកឱ្យដើរទាន់សម័យកាល ដំណោះស្រាយចាំបាច់នោះគឺ យើងម្នាក់ៗត្រូវប្រកាន់យកវិធីសាស្រ្តសិក្សារៀនសូត្រពេញមួយជីវិត (lifelong learning)។
AI នឹងមិនអាចជំនួសនូវការងារដែលទាមទារនៅការច្នៃប្រឌិតខ្ពស់, ការសម្រេចចិត្ត និងវិនិច្ឆ័យ ក៏ដូចជាការប្រាស្រ័យទាក់ទងក្នុងសង្គម ដែលមានលក្ខណៈស្មុគស្មាញខ្ពស់នោះទេ។ ខាងក្រោមនេះជាជំនាញសំខាន់ៗមួយចំនួន ដែលមានតម្រូវការចាំបាច់សម្រាប់ពេលអនាគត ៖
១. ជំនាញយល់ដឹងខ្ពស់ (higher cognitive skill)៖ ជំនាញនេះរួមមាន ការត្រិះរិះពិចារណា, ការគិតបែបច្នៃប្រឌិត, ការគ្រប់គ្រងខ្លួនឯង ដាក់វិន័យលើខ្លួនឯង (self-discipline), សមត្ថភាពក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាស្មុគស្មាញ, ការរៀនសូត្រពេញមួយជីវិត និងការស្វែងយល់ពីវប្បធម៌ដទៃទៀត ដើម្បីសម្របខ្លួនទៅនឹងបរិយាកាសដែលមានការផ្លាស់ប្តូរ។ ជាមួយនឹងការចេះស្រូបយក និងបម្លែងនូវចំណេះដឹងថ្មីៗ, បុគ្គលដែលមានជំនាញខាងលើនេះ នឹងនៅតែអាចសម្របខ្លួនទៅតាមកាលៈទេសៈ ហើយអាចដោះស្រាយភាពមិនប្រាកដប្រជាបានប្រសើរជាង AI។
ប្រភេទការងារ ដែលទាមទារកម្រិតយល់ដឹងខ្ពស់រួមមាន៖ អ្នកនិពន្ធ, អ្នកវិភាគហិរញ្ញវត្ថុ, វេជ្ជបណ្ឌិត, អ្នកតែងបទភ្លេង, អ្នកវិភាគទីផ្សារ និង មេធាវីជាដើម។
២. ជំនាញបច្ចេកវិទ្យាឌីជីថល និងការគិតបែបគណនា (computational thinking)៖ ជំនាញនេះរួមមាន ជំនាញ STEM, ការសរសេរកូដ, សរសេរកម្មវិធី, ការវិភាគទិន្នន័យ, cloud, machine learning, វិទ្យាសាស្ត្រទិន្នន័យ (data science), AI, បច្ចេកទេសភាសា ជាដើម។
ពិភពលោកនឹងកាន់តែពឹងផ្អែកលើបច្ចេកវិទ្យាទំនើប ដែលទាមទារឱ្យជំនាញឌីជីថលកើនឡើងសមាមាត្រនឹងតម្រូវការនេះដែរ។ ការងារមួយចំនួន ដែលទាមទារជំនាញផ្នែកបច្ចេកវិទ្យារួមមាន៖ អ្នកវិទ្យាសាស្ត្រទិន្នន័យ (data scientist), ជីវស្ថិតិ (biostatistician), វិស្វកម្ម fuel cell, វិស្វកម្មមនុស្សយន្ត (robotics engineering), អ្នករចនាហ្គេមវីដេអូ ជាដើម។
៣. ភាពវៃឆ្លាតផ្នែកសង្គម និងមនោសញ្ចេតនា (social and emotional intelligence) ៖ ជំនាញនេះ រួមមានការយល់ចិត្ត (empathy), ការទទួលខុសត្រូវ, ការសហការជាមួយអ្នកដទៃ, ជំនឿចិត្តលើខ្លួនឯង និងស័ក្តិសិទ្ធភាពលើការងាររបស់ខ្លួន។
គុណសម្បត្តិទាំងនេះមានសារៈសំខាន់ណាស់សម្រាប់វិស័យមួយចំនួន។ ឧទាហរណ៍ វិស័យសុខាភិបាលត្រូវការបុគ្គលិក ដែលមានទាំងជំនាញវិទ្យាសាស្ត្រ និងជំនាញសង្គម ដូចជាការយកចិត្តទុកដាក់, និងការចេះប្រាស្រ័យទាក់ទងជាដើម។
តម្រូវការលើជំនាញថ្មីៗទាំងនេះ នឹងក្លាយជាឱឪកាសដ៏ល្អសម្រាប់បុគ្គល និងប្រទេសទាំងឡាយណា ដែលបានត្រៀមខ្លួនតម្រង់ទិស និងអភិវឌ្ឍជំនាញរបស់ខ្លួនឱ្យស្របទៅតាមសម័យកាល។ តែផ្ទុយទៅវិញ វានឹងក្លាយជាបញ្ហាប្រឈម ដែលអាចប៉ះពាល់ដល់ប្រាក់ចំណូល និងបង្កជាភាពតានតឹងដល់សង្គម និងនយោបាយ សម្រាប់បុគ្គលនិងប្រទេសទាំងឡាយណា ដែលបរាជ័យក្នុងការសម្របខ្លួន។
ជំនាញសម្រាប់ឆ្នាំ ២០៣០