អ្នកទាំងអស់គ្នាធ្លាប់លឺ ឬឃើញគេរកស៊ីតាមគ្នាអត់? ឧទាហរណ៍ដូចជា នៅក្នុងភូមិមួយមានគេចាប់ផ្ដើមបើកហាងកាហ្វេមួយ ហើយមានដំណើរការល្អប្រសើរ ស្រាប់តែអ្នកនៅក្នុងភូមិនោះចាប់ផ្ដើមរកស៊ីបើកហាងកាហ្វេដែរនៅជិតៗគ្នា, ដណ្ដើមម៉ូយគ្នា, អ្នកលក់ច្រើនជាងអ្នកទិញ, និងធ្វើឱ្យការរកស៊ីមានដំណើរការថមថយជាងមុន។ នេះហើយ គេថារកស៊ីតាមគ្នា ដែលឃើញគេរកស៊ីចំណេញ មិនប្រាកដថាយើងរកស៊ីតាមគេ អាចចំណេញច្រើនដែរនោះទេ។
ការរកស៊ីតាមគេ សំដៅទៅលើការដែលឃើញគេរកស៊ីផ្គត់ផ្គង់ផលិតផល ឬសេវាកម្មមួយ ហើយយើងចាប់ផ្ដើមលក់ផលិតផល ឬសេវាកម្មដូចគ្នា ឬស្រដៀងគ្នា ក្នុងទីផ្សារដែលមានស្រាប់តែមួយ ដោយធ្វើការប្រកួតប្រជែងជាមួយអ្នករកស៊ីមុន។ ការរកស៊ីតាមគេនេះមានគុណសម្បត្តិ និងគុណវិបត្តិដូចខាងក្រោម៖
គុណសម្បត្តិ៖ អាចដឹងពីកំហុស ឬចំណុចខ្សោយរបស់អ្នករកស៊ីមុនដែលជាគូប្រកួតប្រជែង ប្រសិនបើធ្វើការសិក្សាស្រាវជ្រាវច្បាស់លាស់, ការចំណាយលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍តិចជាង, ហើយការវិនិយោគលើចំណាយថេរ (fixed costs) ក៏អាចតិចជាងអ្នករកស៊ីមុនដែរ។
គុណវិបត្តិ៖ អតិថិជនតែងយកទៅប្រៀបធៀបជាមួយអ្នករកស៊ីមុន, ពិបាកដណ្ដើមចំណែកទីផ្សារ ដោយសារអ្នករកស៊ីមុនមានម៉ូយច្រើនហើយ, មិនមានភាពច្នៃប្រឌិត និងនវានុវត្តភាព ដោយសារតែមិនព្យាយាមបង្កើតអាជីវកម្មថ្មី ដើម្បីដោះស្រាយបញ្ហាផ្សេងរបស់អតិថិជន ឬបង្កើតតម្រូវការថ្មី។ មិនតែប៉ុណ្ណោះ ក្នុងករណីមួយចំនួនទៀត អ្នករកស៊ីតាមគេនេះ អាចធ្វើឱ្យខូចទីផ្សារ តាមរយៈការប្រកួតប្រជែងថ្លៃហួសហេតុ ឬពង្រីកអាជីវកម្មជ្រុលលើសពីលទ្ធភាព ជាហេតុធ្វើឱ្យខាតបង់ទាំងអ្នករកស៊ីមុន នឹងអ្នករកស៊ីតាមគេតែម្ដង។ ការរកស៊ីផ្អើលតាមគេតែមួយឆាវ អាចនឹងមានហានិភ័យខ្ពស់ ដោយហេតុថាអាជីវកម្មនោះអាចនឹងមិនឈរជើងបានយូរឡើយ។ ឧទាហរណ៍៖ កាលពីប៉ុន្មានឆ្នាំមុន ពោលគឺចាប់ពីចុងឆ្នាំ ២០១៤, យើងឃើញមានវត្តមានហាងលក់គុយទាវទូក ក្នុងប្រទេសកម្ពុជាយើង ពេលបើកដំបូងមានមនុស្សតម្រង់ជួរចាំញ៉ាំយ៉ាងច្រើន ហើយអាជីវកម្មនេះបានរីកលូតលាស់ដូចផ្សិត តាមរយៈការទិញលក់សិទ្ធិធុរកិច្ច(Franchise) ជាច្រើន។ មិនបានប៉ុន្មាន ការផ្គត់ផ្គង់កើនឡើងលើសតម្រូវការ ហើយអតិថិជនបែកសាចគ្នាទៅហាងផ្សេងៗអស់ ហើយអ្នកដែលចាប់អារម្មណ៍ចូលចិត្តញ៉ាំ (ជាជាងគ្រាន់តែសម្រាប់ថតរូបផុសក្នុងបណ្ដាញសង្គម) កាន់តែតិចទៅៗ ជាហេតុធ្វើឱ្យអាជីវកម្មនេះបរាជ័យលឿនដូចនឹងការពង្រើកលឿនដូចគ្នា។
សរុបមកវិញ ការរកស៊ីតាមគេឬអត់ គឺអាស្រ័យលើយុទ្ធសាស្ត្ររកស៊ីរបស់អ្នកទាំអស់គ្នា ថាយើងចង់ប្រកួតប្រជែងក្នុងទីផ្សារដែលមានស្រាប់ និងមានគូប្រកួតប្រជែងច្រើន ឬក៏ចង់បង្កើតតម្រូវការទីផ្សារថ្មីដែលមានសក្ដានុពល និងមានគូប្រកួតប្រជែងតិច ឬយ៉ាងណា?
យ៉ាងណាមិញ បើទោះបីជាជ្រើសរើសយកយុទ្ធសាស្ត្រណាមួយក៏ដោយ អ្នកទាំអស់គ្នាត្រូវធ្វើការសិក្សាស្រាវជ្រាវពីទីផ្សារ, ចំណែកទីផ្សារ, ចំណង់ចំណូលចិត្តអតិថិជន, និងតម្លៃ ឲ្យបានច្បាស់លាស់មុនសម្រេចចិត្តរកស៊ី ព្រោះថាការគិតរឿងរកស៊ីគឺជារឿងដែលមិនពិបាកនោះទេ តែធ្វើឱ្យវារីកចម្រើនទៅមុខ គឺជារឿងពិបាក។ ហើយកុំភ្លេចឱ្យសោះថាគោលបំណងធំបំផុត គឺរកប្រាក់ចំណេញឲ្យបានច្រើន ដែលបានពីអតិថិជន និងតម្រូវការទីផ្សារនេះឯង។
ឃើញគេរកស៊ី គួររកស៊ីតាមគេអត់?