មាននរណាខ្លះដែលលេងហ្គេមលើក្ដារដែលហៅថា Monopoly នេះ? បើធ្លាប់ ឬមិនធ្លាប់ចាំជួយ comment ប្រាប់ម្នាក់មួយផង។
សម្រាប់អ្នកមិនធ្លាប់, ឥឡូវ សុំពន្យល់របៀបលេងបន្តិចចុះ! មុនដំបូង យើងមាន គ្រាប់ឡុកឡាក់ ២, ធនាគារ ១ និងក្ដារ Monopoly ១ ដែលលើនោះមានដីចំនួន ២៨ មានតម្លៃខុសៗគ្នា, និងផ្ទះ ឬសណ្ឋាគារដែលអ្នកលេងអាចសង់បានប្រសិនបើខ្លួនបានទិញដីហើយ។ រៀបលេងនោះគឺ គេចែកលុយឱ្យអ្នកលេងទាំងអស់ ហើយម្នាក់ៗត្រូវបោះគ្រាប់ឡុកឡាក់ហើយដើរនៅលើក្ដារ បើដើរចំអចលនទ្រព្យណាគឺអាចទិញបាន ហើយអាចសង់ផ្ទះ ឬសណ្ឋាគារនៅលើដីនោះបាន។ ប៉ុន្តែ បើដីនោះមានគេទិញរួច, យើងត្រូវបង់ថ្លៃជួលទៅតាមតម្លៃដែលមានតែដី, ឬមានផ្ទះ ឬមានសណ្ឋាគារហើយ។ ដើម្បីឈ្នះនោះ គឺនៅពេលដែលអ្នកលេងដទៃទៀតក្ស័យធុនអស់លុយ អស់ដីទាំងអស់។ ស្ដាប់ទៅដូចយល់បន្តិចនៅ? បើយល់ហើយ, យើងចូលអត្ថបទយើងថ្ងៃនេះម្ដង។
ជាបទពិសោធន៍ គឺថាឱ្យតែលេងគឺលេងយូរណាស់មិនងាយចប់ ហើយប្រកែកគ្នាជាមួយមិត្តភក្តិពេញនឹងតែម្ដង។ យ៉ាងណាមិញ ការលេង Monopoly នេះមិនត្រឹមតែសប្បាយទេ តែវាក៏បានបង្រៀនជាមេរៀនជីវិតមួយចំនួនដល់យើងទាំងអស់គ្នា ដូចខាងក្រោម៖
១. កុំទុកលុយច្រើនក្នុងខ្លួនចោលយូរពេក
ពេលយើងលេង គឺដំបូងគឺយើងចែកលុយស្មើៗគ្នា ហើយបានលុយបន្ថែមពេលដើរបាន ១ជុំ។ យ៉ាងណាមិញ, យើងមិនគួរទុកលុយទាំងអស់នៅក្នុងខ្លួនចោលទេ ប៉ុន្តែគួរវិនិយោគលើដី និងព្យាយាមបង្កើនទ្រព្យនៅរយៈពេលវែង ទើបអាចឈ្នះបាន។ ដូចគ្នាដែរ, ក្នុងជីវិតយើងប្រចាំថ្ងៃ បើមានលុយច្រើនហើយ គួរយកទៅវិនិយោគដើម្បីទទួលបានប្រាក់ចំណេញមកវិញ បើមិនអ៊ីចឹងទេយូរៗទៅអតិផរណានឹងធ្វើឱ្យតម្លៃលុយដែលយើងទុកចោលនោះធ្លាក់បន្តិចម្ដងៗហើយ។ ទន្ទឹមនេះ គួរតែបង្កើនទ្រព្យឱ្យបានច្រើន ដែលទ្រព្យទាំងអស់នោះអាចបង្កើតជាចំណូលអកម្មចូលហោប៉ៅយើង ជាជាងពឹងផ្អែកតែលើចំណូលសកម្មមួយ។
២. កុំចាយលុយឱ្យអស់ពីខ្លួន
បន្ថែមពីចំណុចទី១, គឺយើងមិនត្រូវចាយលុយអស់ពីខ្លួនទេ បើមិនដូច្នេះទេ ពេលដែលដើរជាន់ដីគេ ត្រូវបង់ថ្លៃជួល, ប្រាកដជាមិនមានលុយជាមិនខាន។ ដូចនេះ មិនថាក្នុងការលេង Monopoly ឬក៏ក្នុងជីវិត គឺយើងត្រូវមានកញ្ចប់លុយសម្រាប់ពេលមានអាសន្នជានិច្ច សម្រាប់ពេលដែលមានបញ្ហាណាមួយកើតឡើងដោយចៃដន្យដូចជា ឡានខូច ឬត្រូវចំណាយព្យាបាលជំងឺ ជាដើម ដែលជាទូទៅកញ្ចប់នេះគួរមានប្រមាណ ៣ ទៅ ៦ខែនៃចំណាយប្រចាំខែរបស់យើងផ្ទាល់។
៣. ធ្វើពិពិធកម្មផលប័ត្រ (diversify portfolio)
ពេលដែលយើងទិញដី ក្នុង Monopoly, គឺយើងបានថ្លៃជួលពេលដែលគេជាន់ដីយើង ប៉ុន្តែបើយើងមានដីតែមួយ, នោះភាគរយដែលគេដើរជាន់ដីយើងនោះតិចមែនទែន ដូចនេះយើងគួរទិញដីឱ្យបានច្រើននៅទីតាំងផ្សេងៗគ្នាផងដែរ។ សម្រាប់ការវិនិយោគវិញ, យើងគួរធ្វើពិពិធកម្មផលប័ត្ររបស់យើង ដោយមិនយកលុយរបស់យើងទាំងអស់ទៅវិនិយោគលើអ្វីតែមួយនោះឡើយ។
៤. ទំនាក់ទំនងល្អ និងការចរចាពិតជាមានសារៈសំខាន់
ពេលលេង Monopoly, លុះត្រាតែយើងទិញបានដីដែលមានពណ៌ដូចគ្នា ២ ឬ ៣ទើបអាចចាប់ផ្ដើមសង់ផ្ទះ ឬសណ្ឋាគារបាន ប៉ុន្តែការដែលយើបោះគ្រាប់ឡុកឡាក់ដើរឱ្យចំដីដែលមានពណ៌ដូចគ្នាគឺដូចជាមានភាគរយតិចណាស់។ ដូច្នេះ មានតែវិធីមួយទេ គឺយើងត្រូវបង្កើតទំនាក់ទំនងល្អជាមួយអ្នកលេងផ្សេងទៀត ព្រមទាំងចេះវិធីសាស្ត្រក្នុងការចរចាឱ្យមានប្រសិទ្ធភាពដើម្បីធ្វើការទិញដី ឬដោះដូរដីនោះ។ ក្នុងជីវិតពិតវិញ, មិនថាអ្នកធ្វើការ ឬអ្នករកស៊ី គឺយើងត្រូវបង្កើតទំនាក់ទំនងល្អឱ្យបានច្រើន ហើយជំនាញចរចានេះទៀតសោតគឺមានសារៈសំខាន់ណាស់ មិនថាពេលដែលបុគ្គលិកចរចាសុំតម្លើងប្រាក់ខែ ឬអ្នករកស៊ីចរចាដើម្បីសហការគ្នា ឬក្នុងជីវភាពយើងប្រចាំថ្ងៃ ជាដើម។
៥. ចេះអត់ធ្មត់នឹងពេលវេលាដើម្បីសម្រេចគោលដៅធំ
ដោយសារតែលេង Monopoly នេះទាល់តែមានអ្នកក្ស័យធុនបានរកអ្នកឈ្នះឃើញ អ៊ីចឹងលេងម្ដងៗយូរណាស់ រាប់ម៉ោងតែម្ដង ដែលវាទាមទារឱ្យអ្នកលេងចេះអត់ធ្មត់។ ដូចគ្នាដែរ, តើគោលដៅហិរញ្ញវត្ថុរបស់យើងមានអ្វីខ្លះ? ទិញផ្ទះ ក្នុងរយៈពេល ៥ឆ្នាំទៀត? មានលុយគ្រប់គ្រាន់សម្រាប់វិនិយោគទុកពេលចូលនិវត្តន៍? មិនថាគោលដៅអ្វីក៏ដោយ គឺត្រូវការពេលវេលា និងការអត់ធ្មត់ដើម្បីសម្រេចវា។
អត្ថបទនេះដូចជាវែងបន្តិច ប៉ុន្តែសង្ឃឹមថាអ្នកទាំងអស់គ្នាបានទទួលបានមេរៀនជាច្រើនមិនថាដែលពីមុនមកប្រហែលជាមិនបានចាប់អារម្មណ៍ផងមិនដឹង។