fbpx

Bitcoin ហ្នឹងអីគេ? ហើយម៉េចបានតម្លៃវាឡើងចុះខ្លាំងម្ល៉េះមួយរយៈហ្នឹង?

ថ្ងៃនេះ LuyBook នឹងស្រាយចម្ងល់អ្នកទាំងអស់គ្នាអំពី bitcoin!

💰 Bitcoin ជាអ្វី?
Bitcoin គឺជារូបិយប័ណ្ឌឌីជីថលមួយដែលបានបង្តើតឡើងដំបូងគេតាំងពីដើមឆ្នាំ ២០០៩។ រូបិយប័ណ្ឌនេះបានបង្កើតឡើងដើម្បីធ្វើឱ្យការផ្ទេរលុយពីអ្នកប្រើប្រាស់ម្នាក់ទៅម្នាក់មានភាពងាយស្រួល មិនចាំបាច់ឆ្លងកាត់ធនាគារ និងមានតម្លៃប្រតិបត្តិការទាប។ Bitcoin មិនមានរូបរាងអាចកាន់បានដូចជាក្រដាសលុយ ឬមាសនោះទេ គឺឌីជីថលទាំងស្រុងតែម្ដង ហើយត្រូវបាន បង្កើត ចែកចាយ និងរក្សាទុកក្នុងប្រព័ន្ធដឹកនាំមួយហៅថា blockchain។ រូបិយប័ណ្ឌនេះមិនស្ថិតនៅក្រោមការដាក់ប្រើប្រាស់ចែកចាយនិងគ្រប់គ្រងរបស់អាជ្ញាធរ ឬរដ្ឋាភិបាលណាមួយទេ។ Bitcoin អាចបង្កើតឡើងជា block តាមរយការស្រាយចំណោទយ៉ាងស៊ាំញ៊ាំហៅថា mine។ Bitcoin មានចំនួនកំណត់ត្រឹមតែ ២១លាន តែប៉ុណ្ណោះ។ បច្ចុប្បន្នមាន bitcoin ១៨.៥លានហើយដែលត្រូវបាន mine និងដាក់ប្រើប្រាស់ក្នុងទីផ្សារពិភពលោក។ ប្រតិបត្តិការផ្ទេរប្រាក់តាម bitcoin ទាំងអស់ត្រូវបានកត់ទុកក្នុងអ៊ីនធឺណេត អាចមើលបានជាសាធារណៈដើម្បីឱ្យមានតម្លាភាព និងសុវត្ថិភាព។

💰 ហេតុអ្វីតម្លៃ bitcoin ឡើងខ្លាំងម្ល៉េះតាំងពីបានបង្កើតមក?
មូលហេតុធំៗមានដូចជា៖
1️⃣ ចំនួន bitcoin មានការកំណត់គឺត្រឹម ២១លានជាកំហិត។ ចំពោះរូបិយប័ណ្ឌផ្យាត់ (fiat) រដ្ឋាភិបាលអាចបោះពុម្ភរូបិយប័ណ្ឌបន្ថែមទៅក្នុងទីផ្សារទៅតាមតម្រូវការ និងស្ថានភាពរបស់ប្រទេស ដែលធ្វើឲ្យតម្លៃរូបិយប័ណ្ឌអាចធ្លាក់ចុះទៅតាមការបោះពុម្ភ។ ជាក់ស្ដែងសហរដ្ឋអាមេរិចបានបោះពុម្ភលុយដុល្លារអាមេរិចលើសលុប(ស្មើនឹង៥០%នៃលុយដុល្លារសរុប) ក្នុងឆ្នាំ២០២០ដើម្បីទ្រទ្រង់សេដ្ឋកិច្ចក្នុងកំឡុងវិបត្តិសេដ្ឋកិច្ច COVID19។ ការបោះពុម្ភនេះធ្វើឲ្យអ្នកវិនិយោគជាច្រើនរំពឹងថានឹងមានអតិផរណាកម្រិតខ្ពស់ (លុយធ្លាក់ថ្លៃ) នៅពេលអនាគត ហើយងាកមកវិនិយោគក្នុង commodities ដូចជាមាស និង bitcoin វិញ។

2️⃣ ការបង្កើត bitcoin ថ្មីកាន់តែពិបាកនិងចំណាយពេលយូរ។ Block ថ្មីៗមាន bitcoin កាន់តែតិចជាងមុន។ Bitcoin ២.៥លានចុងក្រោយត្រូវបានគេព្យាការណ៍ថានឹងមិនត្រូវបាន mine អស់ដល់កំឡុងឆ្នាំ ២១៤០ ឬនឹងមិនត្រូវបាន mine តែម្ដង។

3️⃣ ការប្រើប្រាស់និងទទួលស្គាល់កាន់តែទូលាយ។ មុនឆ្នាំ ២០១៥ bitcoin មិនសូវមានការស្គាល់ទូលំទូលាយនៅឡើយហើយការប្រើប្រាស់សម្រាប់ដោះដូរជាមួយទំនិញនិងសេវាកម្មមានតែរវាងក្រុមអ្នកបង្កើតប៉ុណ្ណោះ។ តែចាប់ពីឆ្នាំ ២០១៦-២០១៧មក bitcoin មានការទទួលស្គាល់យ៉ាងច្រើនពីប្រជាជនទូទៅ ក៏ដូចជាអ្នកវិនិយោគធំៗផងដែរ។ ទាំងអស់នេះធ្វើឲ្យទំនុកចិត្តទៅលើរូបិយប័ណ្ឌឌីជីថលនេះមានការកើនឡើង។

យ៉ាងណាមិញ bitcoin គឺជាប្រភេទទ្រព្យមួយដែលថ្មីនៅឡើយ ហើយមានភាពស៊ាំញ៊ាំក្នុងការកំណត់តម្លៃ។ បន្ទាប់ពីការឡើងនៃតម្លៃយ៉ាងលឿនកន្លងមកដូចកាលពីឆ្នាំ ២០១៧ (១ bitcoin = $២៣,៦៣០) និង អាទិត្យមុននេះ (១ bitcoin = $៤១,៩៦២) តម្លៃរបស់វាធ្លាក់ចុះមកវិញយ៉ាងគំហុក។ សម្រាប់អ្នកវិនិយោគនិងប្រើប្រាស់ប្រឈមនឹងហានិភ័យខ្ពស់ដោយសារតែការវិវត្តលឿននៃតម្រូវការ សុវត្ថិភាពក្នុងការប្រើប្រាស់ បទប្បញ្ញត្តិគ្រប់គ្រងខុសៗគ្នារបស់ប្រទេសនីមួយៗ និងការប្រកួតប្រជែងពីរូបិយប័ណ្ឌឌីជីថលថ្មីៗទៀត។


ស្រាយចម្ងល់អំពី Bitcoin

Leave a Reply

Scroll to top
%d bloggers like this: