fbpx

មាននរណាខ្លះកំពុងតែចង់បង្កើតអាជីវកម្មថ្មី? តើដើម្បីឱ្យអាជីវកម្មថ្មីនេះរីកលូតលាស់, ម្ចាស់អាជីវកម្មគួររកហិរញ្ញប្បទានពីការវិនិយោគប៉ុន្មានដំណាក់កាល និងសម្រាប់ចំណាយលើអ្វីខ្លះ?

សម្រាប់ម្ចាស់អាជីវកម្មថ្មី ឬអ្នកដែលគ្រោងបើកអាជីវកម្មថ្មី, ទាំងនេះគឺដំណាក់កាលនៃហិរញ្ញប្បទានដែលយើងអាចរកពីវិនិយោគិន ដូចខាងក្រោម៖

១. Pre-seed Funding

បន្ទាប់ពីមានគំនិតអាជីវកម្មថ្មីហើយ, នៅដំណាក់កាលដំបូងបំផុតដើម្បីឱ្យលេចចេញជារូបរាង នោះប្រភពហិរញ្ញប្បទានដំបូងគឺមកពីម្ចាស់អាជីវកម្មខ្លួនឯងផ្ទាល់ ឬក្រុមគ្រួសារ និងមិត្តភក្តិ។ ដូចនេះ អ្នកផ្ដល់ហិរញ្ញប្បទាននៅដំណាក់កាលដំបូងនេះ ភាគច្រើនមិនមែនដើម្បីយកភាគហ៊ុនរបស់ក្រុមហ៊ុននោះទេ តែជាការគាំទ្រច្រើនជាង។

២. Seed Funding

នេះជាដំណាក់កាលដំបូង ដែលម្ចាស់អាជីវកម្មទទួលបានការវិនិយោគ ដើម្បីអភិវឌ្ឍអាជីវកម្មខ្លួនទៅមុខ ដោយចំណាយលើការស្រាវជ្រាវទីផ្សារ, ស្វែងរកអតិថិជន, និងផលិតចេញជាផលិតផលសម្រេចដើម្បីដាក់លក់ ជាដើម។ វិនិយោគិននៅក្នុងដំណាក់កាលនេះ អាចជា incubators, venture capital, ឬ angel investor ជាដើម។

៣. Series A Funding

នៅដំណាក់កាលនេះ អាជីវកម្មចាប់ផ្ដើមមានអតិថិជន និងរកចំណូលបានហើយ តែមិនសូវទាន់ដឹងពីការរកប្រាក់ចំណេញ ដូចនេះត្រូវការហិរញ្ញប្បទានបន្ថែម ដើម្បីរៀបចំយុទ្ធសាស្ត្រច្បាស់លាស់ និងវិធីសាស្ត្រដើម្បីរកប្រាក់ចំណេញក្នុងរយៈពេលវែង។ វិនិយោគិនក្នុងដំណាក់កាលនេះ ភាគច្រើននៅតែជា venture capital និង angel investor ដដែល។

៤. Series B Funding

ខ្នៅដំណាក់កាលនេះ អាជីវកម្មរកហិរញ្ញប្បទានបន្ថែមដើម្បីពង្រីកទីផ្សាររបស់ខ្លួន ពោលគឺមានអតិថិជនរួចហើយ តែចង់ពង្រីកសក្ដានុពលរបស់ខ្លួនឱ្យមានវិសាលភាពកាន់តែទូលាយ។ វិនិយោគិនក្នុងដំណាក់កាលនេះ ភាគច្រើននៅតែជា venture capital និង angel investor ដដែល។

៥. Series C Funding

មកដល់ដំណាក់កាលនេះ, អាជីវកម្មគឺជោគជ័យច្រើនហើយ ប៉ុន្តែនៅមានតម្រូវការហិរញ្ញប្បទានបន្ថែម ក្នុងគោលបំណងបង្កើតផលិតផលថ្មី ឬពង្រីកចូលទីផ្សារថ្មី។ ដោយសារអាជីវកម្មមានការលូតលាស់ស្រាប់ និងហានិភ័យទាបជាងដំណាក់កាលមុនៗ, មានវិនិយោគិនបន្ថែមទៀតដូចជា hedge funds, investment banks និង private equity អាចចាប់អារម្មណ៍ធ្វើការវិនិយោគ។

សួរថា ចុះមានដំណាក់កាលបន្ទាប់ទេ? ហើយវិនិយោគិននឹងធ្វើម៉េចទទួលបានប្រាក់ចំណេញពីការវិនិយោគមកវិញបាន? ចម្លើយនោះគឺអាចមានដល់ Series D Funding ប្រសិនបើចាំបាច់។ ហើយសម្រាប់ Exit Strategy របស់វិនិយោគិនវិញដើម្បីបានប្រាក់ចំណេញត្រឡប់មកវិញអាចតាមរយៈ merger and acquisition (M&A) ឬ បោះផ្សាយលក់មូលបត្រអាជីវកម្មជាសាធារណៈ (IPO) ជាដើម។

សង្ឃឹមថា អត្ថបទនេះអាចជួយឱ្យអ្នកទាំងអស់គ្នាយល់អំពីដំណាក់កាលនៃការរកហិរញ្ញប្បទាន ឬការវិនិយោគរបស់អាជីវកម្មថ្មី ហើយបើមានអីមិនទាន់ច្បាស់អាច comment សួរខាងក្រោមបាន!

ដំណាក់កាលហិរញ្ញប្បទានរបស់អាជីវកម្ម

Leave a Reply

Scroll to top
%d bloggers like this: