fbpx

តើអ្នកជាបុគ្គលពូកែសន្សំលុយ ឬ ឱ្យតែដល់ចុងខែមិនទាន់ដាច់លុយប៉ិត?

តែឥឡូវ LuyBook សុំសួរសិនថា អ្នកធ្លាប់មានអារម្មណ៍ថាទោះរកលុយបានប៉ុណ្ណាក៏ចាយមិនចេះគ្រប់ដែរត្រូវអត់? បើធ្លាប់ នេះគឺជាសញ្ញាដែលអ្នកមិនមានលទ្ធភាពក្នុងការគ្រប់គ្រងរបៀបរស់នៅរបស់អ្នកសព្វថ្ងៃហើយ ហើយអ្នកត្រូវចាប់ផ្តើមគិតឡើងវិញទៅលើការចាប់ផ្តើមសន្សំលុយ។

អត្ថបទថ្ងៃនេះ នឹងនិយាយពីមូលហេតុសំខាន់ ៤ នៃការសន្សំលុយ៖

១. សេរីភាពហិរញ្ញវត្ថុ

ការសន្សំលុយជួយយើងឲ្យទទួលបាននូវសេរីភាពហិរញ្ញវត្ថុ។ មិនមានន័យថាទាល់តែអ្នកក្លាយជាអ្នកមានលុយរាប់លានដុល្លារទើបទទួលបានសេរីភាពហិរញ្ញវត្ថុ។ ប៉ុន្តែ នៅពេលអ្នកមានសេរីភាពហិរញ្ញវត្ថុ អ្នកមិនចាំបាច់ពឹងផ្អែកទៅលើប្រាក់ខែតែមួយមុខដើម្បីរស់។ អ្នកអាចឈប់សម្រាកវិស្សមកាលពេលណាក៏បាន, អ្នកចង់ប្តូរអាជីព, ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬវិនិយោគក៏បាន, អ្នកចង់ត្រឡប់ទៅរៀនបន្តក៏បាន, អ្នកចង់ជួយផ្គត់ផ្គង់សមាជិកគ្រួសារ ឬឧបត្ថម្ភទៅអង្គការណាមួយក៏បាន, ហើយបើមិនអញ្ចឹងអ្នកមានលទ្ធភាពចូលនិវត្តន៍នៅថ្ងៃណាក៏បាន។ នេះហើយដែលគេហៅថាសេរីភាពហិរញ្ញវត្ថុ។ តាមអ្នកជំនាញហិរញ្ញវត្ថុ យើងអាចមានលទ្ធភាពទទួលបានសេរីភាពហិរញ្ញវត្ថុ នៅពេលដែលទ្រព្យរបស់យើងស្មើនឹង ២៥ ដងនៃកម្រិតចំណាយប្រចាំឆ្នាំរបស់យើង។

២. ទប់ទល់នឹងចំណាយក្នុងពេលអាសន្ន

យើងមិនអាចគ្រប់គ្រងព្រឹត្តិការណ៍នាពេលអនាគតនោះទេ ហើយក្នុងជីវិតរមែងមានព្រឹត្តិការណ៍ណាមួយដែលយើងអាចនឹងមិននឹកស្មានដល់កើតឡើង។ ឧទាហរណ៍ យើងអាចធ្លាក់ខ្លួនឈឺ ឬ គ្រួសារជួបនឹងបញ្ហាបន្ទាន់អ្វីមួយ ដែលតម្រូវឲ្យអ្នកមានកញ្ចប់លុយត្រៀមទុក ដើម្បីទប់ទល់នឹងព្រឹត្តិការណ៍ទាំងនោះ។ ជាទូទៅ កញ្ចប់លុយសម្រាប់ពេលអាសន្នគួរស្មើនឹង ៦ ខែនៃការចំណាយរបស់អ្នក។

៣. កាត់បន្ថយភាពតានតឹង និងបង្កើនសុខភាពផ្លូវចិត្ត

ប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍ទើបដឹងថា មិនមានអ្វីតានតឹងដូចជាការខ្វល់ខ្វាយរឿងលុយរហូតដល់ដេកមិនលក់នៅពេលយប់នោះទេ។ ធ្លាប់មានពាក្យស្លោកនិយាយថា “លុយមិនអាចទិញសុភមង្គលបានទេ” ប៉ុន្តែការពិតពេលដែលខ្វះលុយ ជាពិសេសអ្នកត្រូវសងបំណុលគេ ទើបដឹងថាវាប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នក ហើយក្រោយមកទៀតដល់សុខភាពរាងកាយ។ ដូច្នេះ ដើម្បីកាត់បន្ថយភាពតានតឹងទាំងនេះ អ្នកគប្បីចាប់ផ្តើមទម្លាប់សន្សំប្រាក់ និងរៀបចំគម្រោងថវិការបស់អ្នកឡើងវិញ។

៤. បំពេញគោលដៅជីវិត

ជីវិតគឺពោរពេញទៅដោយព្រឹត្តិការណ៍ជាច្រើន ហើយព្រឹត្តិការណ៍មួយចំនួន ដូចជា ការរៀបមង្គលការ, ការទិញផ្ទះ, កើតកូន, និង ការបញ្ជូនកូនៗទៅសាលារៀនអាចមានតម្លៃថ្លៃណាស់។ អ្នកត្រូវរៀបចំគម្រោងឲ្យបានកាន់តែឆាប់កាន់តែល្អ។

ជារួម ការសន្សំប្រាក់គឺមានសារៈសំខាន់ ពីព្រោះវាផ្តល់នូវស្ថេរភាព សេរីភាព និងជួយបន្ថយនូវភាពតានតឹងភាពតានតឹងក្នុងជីវិត។ អ្នកដែលមិនមានផែនការសម្រាប់អនាគតរបស់ពួកគេ រស់នៅដោយរំពឹងពីប្រាក់ខែមួយទៅប្រាក់ខែមួយ ហើយភ័យព្រួយយ៉ាងខ្លាំងនៅពេលមានវិបត្តិកើតឡើងម្តងៗ។ ប្រសិនបើអ្នកមិនចង់មានអនាគតបែបនេះ អ្នកគួរតែគិតគូរឡើងវិញពីទម្លាប់សន្សំរបស់អ្នក។ សាកល្បងគិតពីហេតុផល ឬគោលដៅមួយដែលនឹងជំរុញអ្នកឱ្យចាប់ផ្តើម។


ហេតុអ្វីត្រូវចេះសន្សំលុយ?

Leave a Reply

Scroll to top
%d bloggers like this: