fbpx

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល, នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានករណីវិជ្ជមានកូវីដ១៩ ថ្មី ចំនួន ៣៩ នាក់ទៀតហើយ។ ការរីករាលដាលនៃជំង១​កូ​វី​ដ​-១៩​ មិនត្រឹមតែជាភាពអាសន្នផ្នែកសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាបាន​ជះ​ឥទ្ធិពល​យ៉ាងខ្លាំងដល់​សេដ្ឋកិច្ច​ពិភពលោក​ និងថែម​ទាំង​បាន​បំផ្លាញ​ដល់​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​ដល់​ប្រទេសនានា រួមទាំងប្រទេសកម្ពុជាយើងផងដែរ​។

អ៊ីចឹង តើកូវីដ-១៩ បានប៉ះពាល់អ្វីខ្លះដល់សង្គម-សេដ្ឋកិច្ចកម្ពុជា?

១. ផ្នែកសេដ្ឋកិច្ច
ដោយសារកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចបើកចំហ ដែលពឹងផ្អែកលើវិស័យខាងក្រៅ និងកំណើនសេដ្ឋកិច្ចប្រទេសដៃគូ ក្នុងតំបន់ និងសកល, សេដ្ឋកិច្ចកម្ពុជាត្រូវបានរងផលប៉ះពាល់ដោយសារវិបត្តិនេះ។ យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងវេទិការសាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២១, សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២០ ត្រូបានវាយតម្លៃថាមានការធ្លាក់ចុះក្នុងអត្រា -៣,១%។ ក្នុងនោះ វិស័យសំខាន់ៗដែលរងផលប៉ះពាល់ខ្លាំង មានដូចជាវិស័យទេសចរណ៍, កាត់ដេរ, និងវិស័យសំណង់។

  • វិស័យទេសចរណ៍៖ ត្រូវបានវាយតម្លៃថាធ្លាក់ចុះក្នុងរង្វង់ -៣៦% ក្នុងឆ្នាំ ២០២០។ ជាក់ស្ដែង, ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិរយៈពេល ១១ ខែ ឆ្នាំ ២០២០ បានធ្លាក់ចុះ -៧៨.២% ពោលគឺចំនួនថយចុះមកត្រឹម ១.៣ លាននាក់ ពី ៥.៩លាននាក់ ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០១៩។
  • វិស័យកាត់ដេរ៖ ត្រូវបានវាយតម្លៃថាធ្លាក់ចុះក្នុងរង្វង់ -៦.៤% ក្នុងឆ្នាំ ២០២០។ សម្រាប់ការនាំចេញរបស់កម្ពុជា នៅក្នុងវិស័យកាត់ដេរ នៅឆ្នាំ២០២០ បានការថយចុះប្រមាណជិត -១០% នេះ ដោយសារតែបញ្ហាឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
  • វិស័យសំណង់៖ ត្រូវបានវាយតម្លៃថាធ្លាក់ចុះក្នុងរង្វង់ -២,៤% ក្នុងឆ្នាំ ២០២០។ ជាក់ស្ដែង, កំណើននៃការនាំចូលសម្ភារៈសំណង់ជារួម ក៏ធ្លាក់ចុះពី +៥៧,៥% ក្នុងឆ្នាំ ២០១៩ មកក្នុងអត្រា -១៨,២% ក្នុងឆ្នាំ ២០២០ ដែលក្នុងនោះការនាំចូលដែកធ្លាក់យ៉ាងគំហុកពី +៥៧,២% ក្នុងឆ្នាំ ២០១៩ មកក្នុងប្រមាណ -៤០% ក្នុងឆ្នាំ ២០២០។

២. វិស័យសង្គម
វិបត្តិនេះក៏បានប៉ះពាល់ដល់វិស័យសង្គមកម្ពុជាដូចខាងក្រោម៖

  • ផ្នែកអប់រំ៖ ដោយសារតែការរីករាលដាលនៃជំងឺនេះ, សាលាទូទាំងប្រទេសត្រូវបានបិទទ្វារ ហើយការអប់រំត្រូវធ្វើឡើងតាមអនឡាញ ដែលទាមទារឱ្យមានឧបករណ៍ និងស្ថេរភាពប្រព័ន្ធអ៊ីនធឺណេត។ តម្រូវការ​ទាំងនេះ​បានធ្វើឱ្យមាន​គម្លាត​វិសមភាពរវាង​សិស្ស​នៅ​តំបន់​ជនបទ ​និង​ទីក្រុង​។ ​លទ្ធភាព​ទទួល​បានការ​អប់រំ​តាម​អនឡាញ ជាពិសេសរបស់សិស្សនៅតំបន់ជនបទ និងសិស្សដែលខ្វះខាតធនធាននេះហើយ បានធ្វើឱ្យប៉ះពាល់ដល់គុណភាពសិក្សាយ៉ាងខ្លាំង។
  • ផ្នែកការងារ និងចំណូល៖ យោងតាមទិន្នន័យពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, នៅក្នុងឆ្នាំ២០២០ មានសហគ្រាសចំនួន ១,៣៥៦ ទីតាំងបានបិទលែងដំណើរការ ដែលមានកម្មករនិយោជិតបាត់បង់ការងារចំនួន ១០៨,៨២៥ នាក់ ដោយសារតែរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩។ សហគ្រាស និងនិយោជិតទាំងនេះ ភាគច្រើនស្ថិតនៅក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ផ្ទាល់ ដែលជាហេតុធ្វើឱ្យមានផលប៉ះពាល់ដល់ចំណូលប្រជាជន។
  • ផ្នែកភាពក្រីក្រ៖ បើយោងតាមការវាយតម្លៃរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), អត្រានៃភាពក្រីក្រអាចកើនឡើងជិត ២ ដង ដល់ ១៧,៦ ភាគរយ។ កញ្ចប់ថវិការសម្រាប់លើកកម្ពស់សេវាគាំពារសង្គមរបស់រាជរដ្ឋាភិបាលដែលស្មើនឹង ៣,៥ ភាគរយនៃ ផ.ស.ស អាចជួយកាត់បន្ថយភាពក្រីក្រមកត្រឹម ១៤,២ ភាគរយ ស្មើនឹងជួយការពារមនុស្សចំនួន ៥៧០.០០០ នាក់ មិនឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ។

សរុបមក, នេះជាការរៀបរាប់ត្រួសៗពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសង្គមសេដ្ឋកិច្ចកម្ពុជា។ ដោយផលប៉ះពាល់មួយនេះពិតជាមានទំហំធំមកលើប្រទេសយើង មិនថាតែផ្នែកសុខភាពទេ, ដូចនេះ សូមបងប្អូនទាំងអស់គ្នាចូលរួមទាំងអស់គ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយសហការរក្សាគម្លាតសង្គមឱ្យបានខ្ជាប់ខ្ជួន!


This article is co-produced with
វប្បធម៌ – Wapatoa


ប្រភព និងអានបន្ថែម៖ ក្រសួងទេសចរណ៍, UNDP, Cambonomist, Freshnews, Cambodia Construction Association, និង RFI។


កូវីដ១៩ និង សង្គម សេដ្ឋកិច្ចកម្ពុជា

Leave a Reply

Scroll to top

Discover more from LuyBook

Subscribe now to keep reading and get access to the full archive.

Continue reading