LuyBook ទទួលបានសំណូមពរជាច្រើនពីបងប្អូនអ្នកអាន ដើម្បីឱ្យ LuyBook ធ្វើការនិយាយឱ្យបានស៊ីជម្រៅអំពីឱកាសធ្វើការវិនិយោគក្នុងកំឡុងពេលមានវិបត្តិ COVID-19។ ហើយថ្ងៃនេះ ពួកយើងនឹងធ្វើការចែករំលែកគំនិត និងទស្សនៈផ្ទាល់របស់ពួកយើង ដែលវាគ្រាន់តែសម្រាប់គោលបំណងកម្សាន្ត និងគិតពិចារណាប៉ុណ្ណោះ ហើយមិនមែនជាដំបូន្មានវិនិយោគនោះទេ។
ការធ្វើប្រតិបត្ដិការជំនួញណាមួយក៏ដោយចំពេលដែលមានវិបត្តិ COVID-19 នេះ គឺគ្មានឡើយនៅអ្វីដែលគេចាត់ទុកថាជាសភាពធម្មតា (business as usual)។ ក្រុមហ៊ុន និងអ្នកវិនិយោគឯកជនជាច្រើន ដូចជា Venture Capital, Private Equity, Angel Investors និង ធនាគារ បាននិងកំពុងបោះជំហានថយក្រោយ ដើម្បីបញ្ចៀសពីហានិភ័យ និងធានាបាននូវសុខភាពរយៈពេលវែងនៃផលប័ត្ររបស់ពួកគេ។ គ្មាននរណាម្នាក់ដឹងថាបាតក្រោមបំផុតរបស់ទីផ្សារភាគហ៊ុន និងសេដ្ឋកិច្ចនៅទីណាទេ ព្រោះថាទំហំនៃផលប៉ះពាល់មកលើសេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងទៅលើរយៈពេលនៃការរីករាលដាល និងការគ្រប់គ្រងស្ថានភាពជំងឺ COVID-19 នេះ។
ទោះយ៉ាងណាក៏ដោយ មេរៀនដែលអ្នកវិនិយោគិនបានរៀនពីវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ ២០០៨ នោះ គឺថាការបោះទុនចូលទៅក្នុងទីផ្សារក្នុងកំឡុងពេលភាគហ៊ុនធ្លាក់ចុះយ៉ាងគំហុកដល់បាត នឹងនាំឱ្យមានប្រាក់ចំណេញខ្ពស់ជាងមធ្យមភាគ។ ឧទាហរណ៍ប្រសិនបើអ្នកទិញ សន្ទស្សន៍ Dow Jones ក្នុងកំឡុងពេលបាតនៃទីផ្សារនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០០៩ ហើយលក់ក្នុងកំឡុងពេលវាឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០២០ អ្នកនឹងទទួលបានប្រាក់ចំណេញ ៤៦៧ % បន្ទាប់ពីវិនិយោគអស់រយៈពេល ១១ ឆ្នាំ។ (ប៉ុន្តែសូមនិយាយដោយស្មោះត្រង់ គ្មាននរណាម្នាក់អាចទស្សន៍ទាយរឿងនេះបានទេ ប៉ុន្តែរឿងមួយដែលយើងដឹងគឺថាសន្ទស្សន៍ផ្សារហ៊ុន (stock index) មានទំនោរកើនឡើងក្នុងរយៈពេលវែង ដរាបណាសេដ្ឋកិច្ចពិភពលោក និងចំនួនប្រជាជននៅតែបន្តកើនឡើង)។
វិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺ COVID-19 នេះមានភាពខុសគ្នាពីវិបត្តិហិរញ្ញវត្ថុសកល ព្រោះវាមិនមែនជាការរំខានដល់លំហូរហិរញ្ញវត្ថុនោះទេ។ ផ្ទុយទៅវិញ ជា economic shock ទៅលើផ្នែកផ្គត់ផ្គង់និងតម្រូវការ ដែលបានបញ្ឈប់ជាបន្ទាន់នូវខ្សែសង្វាក់ផលិតកម្មសកលលោក និងផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ឱ្យមានភាពចលាចល និងភ័យខ្លាច – ពោលគឺធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ។ យើងដឹងហើយថាផ្នត់គំនិត, អារម្មណ៍, ចិត្តសាស្ត្រ និងភាពភ័យខ្លាចរបស់មនុស្ស ជាកត្តាជំរុញឱ្យស្ថានភាពទីផ្សារមានការផ្លាស់ប្តូរ និងវឹកវរក្នុងរយៈពេលខ្លី។ឥឡូវនេះ សូមបន្តទៅសំណួរថា តើយើងអាចវាយតម្លៃយ៉ាងពីឱកាសវិនិយោគ និងប្រើដើមទុនយុទ្ធសាស្រ្តរបស់យើងដូចម្តេច ក្នុងពេលដែលសេដ្ឋកិច្ចកំពុងមានភាពវឹកវរ និងភាពមិនប្រាកដប្រជាខ្ពស់បែបនេះ? មានចំណុច ៤ យ៉ាង ដែល LuyBook ជឿជាក់ថាអ្នកវិនិយោគិនគួរតែពិចារណា។
១. តើហានិភ័យរយៈពេលខ្លីរបស់ក្រុមហ៊ុន ឬអាជីវកម្មគឺជាអ្វី?
- ការរំខានដល់បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់?
- ការផ្អាកអាជីវកម្មជាបណ្តោះអាសន្ន?
- បញ្ហាលំហូរសាច់ប្រាក់រយៈពេលខ្លី?
- តើអាជីវកម្មនឹងត្រូវការដើមទុនប៉ុន្មានដើម្បីរស់? តើតារាង balance sheet របស់ពួកគេមានសុខភាពយ៉ាងណាដែរ?
២. តើក្រុមហ៊ុន ឬអាជីវកម្មនេះ នឹងមានសមត្ថភាពងើបឡើងវិញទេ បន្ទាប់ពីវិបត្តិ COVID-19? បើអាច តើវានឹងជះឥទ្ធិពលអ្វីខ្លះទៅដល់ភាពទាក់ទាញក្នុងរយៈពេលវែង?
- បើមើលពីតម្រូវការបច្ចុប្បន្ន វាធម្មតាណាស់ដែលយើងឃើញប្រាក់ចំណូលរបស់ក្រុមហ៊ុន ឬអាជីវកម្មភាគច្រើនធ្លាក់ចុះ។ ទោះយ៉ាងណា យើងចាំបាច់ណាស់ធ្វើការប្រៀបធៀបប្រវត្តិហិរញ្ញវត្ថុ, ប្រតិបត្តិការ និងជំហរទីផ្សាររបស់ក្រុមហ៊ុននោះធៀបទៅនឹងដៃគូប្រកួតប្រជែង (competitors) មុនពេលមានវិបត្តិ COVID-19។ ឧទាហរណ៍ កំពង់ផែស្វយ័តភ្នំពេញគឺ ជាក្រុមហ៊ុន cash cow ដែលមានភាពចាស់ទុំ ហើយប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាដែលសេដ្ឋកិច្ចកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងមិនសូវមានដៃគូប្រកួតប្រជែងផ្ទាល់ផ្នែកផ្លូវទន្លេច្រើន។
- វាយតម្លៃថាតើក្រុមហ៊ុនទាំងនោះ ស្ថិតក្នុងជំហរ ដើម្បីស្តារនិងលូតលាស់ឡើងវិញនៅពេលអ្វីៗបានចប់សព្វគ្រប់ដែរឬទេ?
៣. តើនឹងមានអ្វីប្រែប្រួលចំពោះតម្រូវការ និងឥរិយាបទអតិថិជនក្រោយពេលមានវិបត្តិ?
- ដោយសារតែការ Lockdown របស់ប្រទេសមួយចំនួន វាបានបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ អាកាសចរណ៍ស៊ីវិល និងសហគ្រាសនានា ប៉ុន្តែតម្រូវការនឹងងើបឡើងវិញជាយថាហេតុក្នុងរយៈពេលវែង បន្ទាប់ពីមនុស្សនាំគ្នាធ្វើដំណើរកំសាន្តឡើងវិញ។
- ផលិតផល Software ផ្លាស់ប្តូរមុខមាត់ថ្មីសម្រាប់តម្រូវការយូរអង្វែងតាមរយៈការកើនឡើងនៃវប្បធម៌នៃការធ្វើការពីចម្ងាយ (Remote Working Culture)។
- អតិថិជនទំនងជានឹងមានទំលាប់ថ្មីក្នុងការការពារខ្លួនពីការគំរាមកំហែងដែលអាចកើតមានដោយយថាហេតុ ដោយប្រើផលិតផលសុខភាព និងឧបករណ៍សុវត្ថិភាពផ្សេងៗ។
៤. តើក្រុមហ៊ុនប្រភេទណានឹងរះក្លាយជាតារាថ្មីម្តងទៀត (upcoming rising star)?
- E-commerce និង Delivery Appsនៅកម្ពុជាកំពុងរីកដុះដាលជាមួយនឹងការបំពេញតាមតម្រូវការរបស់អតិថិជនជារៀងរាល់ថ្ងៃចាប់ពីការដឹកជញ្ជូន អាហារ គ្រឿងទេស ភេសជ្ជៈ និងទំនិញប្រើប្រាស់ផ្សេងៗ។
- Platformទំនាក់ទំនងពីចម្ងាយដូចជា Zoom, G-Suite, Microsoft Team កំពុងទទួលបានការគាំទ្រយ៉ាងគំហុកពីអ្នកប្រើប្រាស់ដែលគ្មាននរណាម្នាក់ធ្លាប់រំពឹងទុកឡើយ។
- ភោជនីយដ្ឋាននឹងរីកដុះដាលយ៉ាងច្បាស់នៅពេលដែលមនុស្សត្រូវបញ្ឈប់ការអនុវត្តការរក្សាចម្ងាយសង្គម “social distancing” របស់ពួកគេ។ ទោះយ៉ាងណា ភោជនីយដ្ឋានដែលមានសេវា delivery មានលទ្ធភាពលូតលាស់ច្រើនជាងអ្នកដែលមិនមាន។
- ក្រុមហ៊ុន Bio Tech ឬ ក្រុមហ៊ុនសុខាភិបាលដែលកំពុងធ្វើការស្រាវជ្រាវរកវ៉ាក់ស៊ាំងព្យាបាល ជំងឺ COVID-19 នឹងកើនតម្លៃរាប់ពាន់ដង នៅពេលដែលខ្លួនស្រាវជ្រាវបានជោគជ័យ។
លំហូរសាច់ប្រាក់ងាយ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយធុរកិច្ច និងសេដ្ឋកិច្ចឱ្យឆ្លងកាត់ព្យុះភ្លៀង COVID-19 នេះ។ ការវិនិយោគក្នុងកំឡុងពេលដែលមានភាពវឹកវរ និងភាពមិនច្បាស់លាស់នឹងទាមទារឱ្យមានការប្រើប្រាស់វិធីសាស្រ្តថ្មី និងការយល់ដឹងយ៉ាងខ្លាំងអំពីផលប៉ះពាល់រយៈពេលខ្លី និងវែងទៅលើឥរិយាបថអ្នកប្រើប្រាស់ និងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងជំនួញ។ ទោះបីជាយ៉ាងនេះក្តី វាជាពេលវេលាដ៏កម្របំផុតសម្រាប់ Visionaries ទាំងអស់ត្រូវបញ្ចេញពន្លឺ!