fbpx

ធ្លាប់លឺគេនិយាយច្រើនណាស់អំពីសេរីភាពហិរញ្ញវត្ថុ ដែលជាដំណាក់កាលមួយដែលយើងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភគ្រប់គ្រាន់ក្នុងការរស់នៅសុខស្រួលរហូតដោយមិនចាំបាច់ធ្វើការ រកស៊ីអ្វីទេដោយសារតែមានប្រាក់ចំណូលអកម្មគ្រប់គ្រាន់។ ធ្វើម៉េចទើបអាចបានសេរីភាពហិរញ្ញវត្ថុទៅ?

អញ្ចឹងថ្ងៃនេះ នឹងចែករំលែកផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុ​ដែលយើងអាចដើរតាមទាំងអស់គ្នា។

១. កំណត់គោលដៅ៖ ​យើងត្រូវកំណត់ថាតើត្រូវមានទ្រព្យសរុបប៉ុន្មានទើបអាចមានសេរីភាពហិរញ្ញវត្ថុ​បាន។ ហើយចង់ទទួលបានសេរីភាពហិរញ្ញវត្ថុពេលណា។ ចំឡើយគឺអាស្រ័យលើថាការចំណាយប្រចាំខែរបស់យើង និងទ្រព្យសម្បត្តិដែលយើងមានបច្ចុប្បន្ន។ ប្រសិនជាអ្នកចំណាយ $១,០០០ ក្នុងមួយខែ ឬ $១២,០០០ ក្នុងមួយឆ្នាំ មានន័យថា អ្នកត្រូវមានទ្រព្យដាក់វិនិយោគ $២៤០,០០០ បានផលចំណេញ ៥% ក្នុងមួយឆ្នាំ។ បន្ទាប់មកត្រូវកំណត់គោលដៅថាត្រូវរកលុយបានប៉ុន្មានក្នុងឆ្នាំនីមួយៗដើម្បីទៅដល់គោលដៅនោះ។

២. ធ្វើបញ្ជីចំណូលចំណាយ៖ ចំពោះអ្នកតាមដាន LuyBook កន្លងមក ប្រាកដជាដឹងហើយថាការ មានបញ្ជីចំណូលចំណាយប្រចាំថ្ងៃនោះសំខាន់កម្រិតណាដើម្បីដើរទៅរកគោលដៅហិរញ្ញវត្ថុណាមួយ។ បើយើងមិនទាន់ដឹងថារាល់ថ្ងៃលុយចូលប៉ុន្មាន ចេញប៉ុន្មាន ធ្វើម៉េចយើងដឹងថាយើងចាប់ផ្ដើមពីចំណុចណាទៅ ហើយនៅឆ្ងាយពីគោលដៅប៉ុន្មាន។ កុំថាគ្មានពេលកត់ឬពិបាកទៀតទៅ។ ទាញយក កម្មវិធីទូរស័ព្ទដៃមក ហើយលុយចេញឬលុយចូលភ្លាម កត់ភ្លាម។

៣. សងបំណុលឱ្យអស់៖ ការសងបំណុលនេះគឺចង់សំដៅលើបំណុលដែលមានអត្រាការប្រាក់ខ្ពស់ ដូចជាបង់រំលោះឡាន ទូរស័ព្ទជាដើម។

៤. ចាយតិចជាងលទ្ធភាព៖ គ្នាយើងភាគច្រើនពេលបានចំណូលច្រើនជាងមុន ចំណាយក៏ចេះតែឡើងដូចគ្នា។ បើឡើងរហូតអញ្ចឹង ទោះបីមានចំណូលច្រើនក៏មិនសូវសល់លុយប៉ុន្មានដែរ។ មិនមែនថាមិនឱ្យហ៊ឺហានោះទេ ប៉ុន្តែត្រូវមើលថាចំនាយនោះផ្ដល់តម្លៃដ៏សាកសមមួយដល់អ្នកឬអត់។

៥. វិនិយោគ៖ ការវិនិយោគគឺជាចំណុចសំខាន់ណាស់ក្នុងការ ទទួលបានសេរីភាពហិរញ្ញវត្ថុព្រោះថា ការពឹងផ្អែកលើប្រាក់ចំណូលពីការងារ ឬអាជីវកម្មតែមួយប្រភព មិនគ្រប់គ្រាន់ទេ។ ការវិនិយោគ គឺធ្វើឱ្យយើងអាចយកលុយយើង ទៅធ្វើការបង្កើតលុយបន្ថែម។

៦. បន្តរៀនបន្ថែម៖ មិនថាយើងរកបាន $៥០០០ ក្នុងមួយខែ ឬ $៥,០០០ ក្នុងមួយខែ យើងត្រូវឃ្មាតឃ្មីរៀនបន្ថែមរហូតតាមរយៈការអានសៀវភៅ ព័ត៌មាន ឯកសារស្រាវជ្រាវ ថ្នាក់ Masterclass ជាដើម។ អ្នកមាន និងជោគជ័យទាំងអស់សុទ្ធតែបន្តអភិវឌ្ឍខ្លួនគេរហូតមិនឈប់ឡើយ។

សូមបញ្ជាក់ថា Admin ក៏កំពុងតែដើរតាមផ្លូវនេះដែរ អញ្ចឹង យើងដើរទៅទាំងអស់គ្នា!



អត្ថបទនិងវីដេអូទាក់ទង៖
ក្បួនចាយលុយ៖ https://www.facebook.com/luybook/posts/255704325859411
ក្បួនសន្សំលុយ៖https://www.facebook.com/luybook/posts/200220791407765
វិធីសងបំណុលឱ្យអស់បានលឿន៖ https://fb.watch/1HyQ4foCKA/
ដំណាក់កាលនៃស្ថានភាពហិរញ្ញវត្ថុ៖ https://www.facebook.com/102608271169018/posts/309295407166969/?d=n
គួរចាប់ផ្ដើមវិនិយោគពីណាទៅ៖ https://fb.watch/1HySd6YP3

ផ្លូវទៅកាន់សេរីភាពហិរញ្ញវត្ថុ

Leave a Reply

Scroll to top
%d bloggers like this: